ស្ថាបនិកបង្កង Crayfish ចិញ្ជឹមបង្កងនៅកម្ពជា អាចធ្វើជាអ្នកមានតែត្រូវតែច្បាស់ចំណុចទាំងនេះ

លោក ផល រដ្ឋា ជាកូនកូនអ្នកបាត់ដំបងដងស្ទឹងសង្កែ និងជាម្ចាស់កសិដ្ឋានចិញ្ជឹមបង្កង Crayfish មានមូលដ្ឋាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងតែត្រូវប៉ាន់ខ្លាំងជាមួយនិងមុខរបរចិញ្ជឹមបង្កងលក់ដែលអាចរកចំណូលបាន ៨០០ ទៅ ១០០០ ដុល្លារក្នុងមួយខែៗ។

លោកបានបង្ហើបប្រាប់ Business Cambodia ថាសព្វថ្ងៃនេះកសិដ្ឋានរបស់លោកកំពុងតែដំណើរការល្អ ដោយមួយថ្ងៃៗលក់បង្កងសិងតែមិនទាន់ និយាយទៅមានប៉ុន្មានក៏លក់អស់ដែរ ទាំងបង្កងពូជ និងទាំងបង្កងយកសាច់ ដោយមានទាំងភ្ញៀវខ្មែរ និងបរទេសកម្មង់ទិញហូរហែររកតែបង្កងលក់មិនបាន។

ចិញ្ជឹមបង្កងអាចធ្វើជាអ្នកមានបាន តែត្រូវតែច្បាស់ចំណុចទាំងនេះសិន គឺទីមួយ ពាក់ព័ន្ធនិងភាពប្រឹប្រែង របស់យើងជាម្ចាស់កសិដ្ឋាន ពោលគឺការចង់ចេះចង់ដឹង និងយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ព្រោះមិនថាកិច្ចការធំដុំ ឬតូចតាចនោះទេ បើគ្មានការប្រឹងប្រែងនិងយកចិត្តទុកដាក់គឺមិនជោគជ័យទេ។ ទី២ គឺរៀនអោយបានច្រើន ពាក្យថារៀនពេលនេះគឺចង់សំដៅលើការចេញក្រៅមើលកាវិវត្តន៍របស់ប្រទេសដទៃ ដែលជោគជ័យលើការចិញ្ជឹមបង្កង ហើយរៀនសូត្រពីគេអោយបានច្រើន។ ចំណែកឯទី ៣ គឺទំនាក់ទំនងទីផ្សារល្អ ដែលជាហរតុធ្វើអោយផលិតផល ដែលយើងផលិតបាន គឺមានច្រកចេញច្រើននៅក្នុងការស្វែងរកទីផ្សារ។

លោកបានបន្ថែមថាបង្កងដែលលោកចិញ្ជឹមក្នុងកសិដ្ឋានសព្វថ្ងៃគឺពូជ ក្រេយហ្វីស Crayfish ដែលជាពូជបង្កងមានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ជឹម សមស្របជាមួយនិងអាកាសធាតុប្រទេសកម្ពុជា​ ថែមតាំងមានតម្លៃខ្ពស់នៅលើទីផ្សា​រដោយ ១ គីឡូតម្លៃ ៣០ ទៅ ៣៥ ដុល្លារ ។ ចំពោះកូនពូជដែលលក់អោយគេចិញ្ជឹមវិញកូនដែលមានប្រវែង ២.៥ សង់ទីម៉ែត្រ គឺ ១ពាន់ ទៅ ២ពាន់រៀល ហើយក្នុងមួយខែៗលោករកចំណូលបានប្រហែល ៨០០ ទៅ ១.០០០ដុល្លារឯណោះ។

លោកបានបន្ថែមទៀតថា នៅក្នុងកសិដ្ឋានរបស់លោកផលបង្កងត្រូវបានបែងចែកជាពី គឺបង្កងសម្រាប់លក់សាច់ដែលចិញ្ជឹមរយៈពេល ៣ ទៅ ៤ ខែ ទើបអាចចាប់លក់បានដោយក្នុងមួយគីឡូប្រហែលជា ១០ ទៅ ១៣ ក្បាលបង្កង រីឯបង្កងលក់ពូជគឺតាំងពីញាស់រហូតដល់ប្រមូលផលគឺរយៈពេលប្រហែល ៤៥ ថ្ងៃទៀបអាចលក់កូនបាន។

លោកបានបង្ហាញសុទិដ្ឋិនិយមថា លោកមានមហិច្ចិតានាំបង្កងCrayfishរបស់លោកទៅកាន់ទីផ្សាប្រទេសចិននាពេលអនាគតដ៏ខ្លីខាងមុខ ព្រោះសព្វថ្ងៃនេះមានអតិថិជនជនជាតិចិន ទាំងក្នុងនិងក្រៅស្រុក មានការគាំទ្ររបង្កងលោកខ្លាំង ។ ហើយលោកបន្ថែមថាអតិថិជនមកពីក្រប់ខេត្តក្រុង ដែលទិញបង្កងពីកសិដ្ឋានលោកទៅចិញ្ជឹម លោកនិងបណ្តុំបណ្តាលបច្ចេកតេសចិញ្ជឹមដោយឥតគិតថ្លៃផងដែ៕

ដោយ៖ សុធី


 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES