ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ រៀបចំសិក្ខាសិលាស្តីពី ជំងឺប៉េស្តជ្រូកអាហ្រិ្វក និងវិធីបង្ការ

រាជធានីភំ្នពេញ៖ នៅថ្ងៃទី០៩ ខែឧសភានេះ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំ​កម្មវិធី​សិក្ខាសិលាពីជំងឺប៉េស្តជ្រូកអាហ្រិ្វកក្រោមប្រធានបទ «ចិញ្ចឹមជ្រូកបាន បើយល់ដឹងពី ជំងឺប៉េស្ត​ជ្រូក​អាហ្រិ្វក (ASF)» ​នៅសណ្ឋាគារ​ហ្គាដិន ស៊ីធី ភ្នំពេញ ។

កម្មវិធីនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយលើការយល់ដឹង​ពី​ស្ថានភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្រិ្វក (ASF)៖ ផលប៉ះពាល់ ការប្រុងប្រយ័ត្ន និងការការពារជំងឺ ដែល​រាតត្បាតពីជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក ក្រោម​ការ​ចូល​រួម​​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់​​មន្រ្តីជំនាញនៃ​អគ្គនាយកដ្ឋានសុខភាពសត្វ​និងផលិតកម្មសត្វ វេជ្ជបណ្ឌិត​ Roongroje Thanawongnuwechព្រឹទ្ធបុរសមហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សត្វនៃសកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) អង្គការស្បៀងអាហារនិងកសិកម្ម(FAO) ម្ចាស់​​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឯកជន​ ​កសិករ​មកពីខេត្តនានា និងដៃគូអាជីវកម្មដែល​សហការ​ជាមួយក្រុមហ៊ុន​ស៊ី.ភី. ខេមបូឌាជាដើម។

យោងតាមលោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរសមហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សត្វ នៃសកលវិទ្យាល័យជូឡាឡុងកន បានមាន​ប្រសាសន៍​​​ថា៖ «​ជំងឺប៉េស្តជ្រូកអាហ្រិ្វក ត្រូវ​បានរាតត្បាតពីប្រទេសអាហ្វ្រិក ទៅដល់អឺរ៉ុប និងអាស៊ី​​​ ហើយជំងឺនេះអាចបង្ករជាបញ្ហា​ចោទ​លើ​ផ្នែក​​​សេដ្ឋកិច្ច​ និង​សង្គម ​ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលា។ ជំងឺនេះ ជាជំងឺ​ដែល​បង្ក​ដោយ​​​វីរុស​ដែលធន់នឹងបរិយាកាសខាងក្រៅ​ វានៅក្នុងលាមកសត្វ កាកសំណល់ សម្លៀកបំ​ពាក់ និង​យាន​យន្តជាដើម។ ឧទាហរណ៍៖ ស្ថានភាពជំងឺ​ដែល​រាត​ត្បាត​នៅ​ប្រ​ទេស​ចិន និង​ប្រទេស​វៀត​ណាម​ជាដើម។ បច្ចុប្បន្ននេះ មេរោគនេះត្រូវបានរកឃើញនៅក្នុងខេត្តរតនគិរី​ ដោយរកឃើញនៅលើជ្រូកដែលចិញ្ចឹមជាលក្ខណៈគ្រួសារ​ ប៉ុន្តែទាំងស្ថាប័នរដ្ឋនិងអង្គភាពឯក​ជនបានគ្រប់គ្រងស្ថានភាពជំងឺនេះទាន់ពេលវេលា»។

លោកវេជ្ជបណ្ឌិត Roongroje ក៏បានលើកឡើងថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ ទាំង មន្រ្តីជំនាញក្នុងជួរដ្ឋាភិបាល ស្ថាប័នឯកជន ម្ចាស់កសិដ្ឋាន និងកសិករទាំងអស់ ចូលរួម​ទប់ស្កាត់ និងកម្ចាត់ការរាលដាលពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (African Swine Fever) នេះ ហើយចូលរួមផងដែរ ក្នុងការ​រាយការណ៍លើការសង្ស័យណាមួយនៃជំងឺទៅមន្ត្រីជំនាញ នៅស្ថាប័នរដ្ឋ អង្គការ និងអង្គភាពឯក​ជន​ដែល​កំពុងធ្វើការលើបញ្ហានេះ»។

លោក គុជ សុខគ្រុយ ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅខេត្តកណ្តាលបាននិយាយថា សិក្ខាសាលា​​នេះ​បាន​ផ្តល់ចំណេះដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) និងវិធីបង្ការ​មេរោគនេះ​កុំ​ឱ្យ​ឆ្លង​រាល​ដាល​ពីជ្រូកមួយទៅជ្រូកមួយទៀត។ ទោះបីជាមានជំងឺនេះ កើតមានឡើងនៅលើសត្វជ្រូក ប៉ុន្តែ​វា​មិន​អាច​ចម្លងដល់មនុស្សទេ​ ដែលជាហេតុធ្វើឱ្យរូបលោកនៅតែបន្តការចិញ្ចឹមសត្វជ្រូក និង​លើក​ទឹក​ចិត្ត​ដល់កសិករដទៃទៀតបន្តចិញ្ចឹម។

ជាមួយគ្នានេះដែរ លោក និន បូរ៉ា ជាម្ចាស់កសិដ្ឋាននៅខេត្តតាកែវ បានឲ្យដឹងថា៖ «ខ្ញុំទទួល​បាន​ចំណេះដឹង​ស៊ីជម្រៅជាងមុនអំពីជំងឺប៉េស្តជ្រូកអាហ្រិ្វកនេះ ស្រាយចម្ងល់​មួយចំនួន​ និង​ទទួល​បាន​ចំណេះ​ដឹងក្នុងការសង្កេតមើលស្ថានភាពជំងឺ និងវិធីបង្ការ​ជាដើម»។

ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក ជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយ​មេរោគ​នេះ​រស់​នៅ​ជុំវិញបរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈ៖ (១)ការ​ប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹក​នោម ​និងលាមកជ្រូកមានជំងឺ (២)ការដកដង្ហើមចូលដែល​មាន​មេរោគ​​ក្នុងខ្យល់ (៣)ការស៊ី​ចំណី​ដែលជាកាកសំណល់ផ្ទះបាយដែលមានមេរោគ (៤)​ជ្រូក​ព្រៃ​ក៏ជាភ្នាក់ងារចម្លងជំងឺបាន តែវាមិន​បង្ហាញអាការៈជំងឺអោយឃើញ និង (៥)យានយន្ត​ សម្លៀកបំពាក់ និងឧបករណ៍ដែលមានមេរោគ។

លោកវេជ្ជបណ្ឌិត Roongroje បានបន្ថែម​​​ថា៖ មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ ប្រ​ជា​ជន​ត្រូវ​ស្វែងយល់ឲ្យបានច្បាស់ពីការគ្រប់គ្រងផ្នែកបច្ចេកទេស ដឹងពីរបៀប​បង្ការ​ក្នុង​ការ​អនុវត្ត​តាម​ជី​វៈ​សុវត្ថិភាពរបស់កសិដ្ឋាន និងសហការក្នុងផ្តល់ព័ត៌មានដល់ភ្នាក់ងារសុខភាពសត្វ។

អាការៈជំងឺ៖ ជ្រូកមានកម្តៅខ្ពស់ស្បែកឡើងក្រហម​មានកន្ទួល​ឈាម​ហើយ​មាន​ស្នាម​ជាំ​លើ​ស្លឹក​ត្រ​ចៀក​ ពោះ​ និងជើងក្រោយមាន​អាការៈ​ពិបាកក្នុង​ការ​ដកដង្ហើមបញ្ហា​​ខាង​ប្រព័ន្ធ​រំ​លាយ​​អាហារ លា​មករាកមានលាយឈាមជ្រូក​មាន​ការរលូតកូន ឬកូន​កើត​មកភ្លាមងាប់ភ្លាមជ្រូក​អាច​ងាប់​ភ្លាម​ៗ​ដោយមិនមាន​រោគសញ្ញា​អ្វីទំាងអស់។

ដូច្នេះការគ្រប់គ្រង និងការការពារមេរោគមានដូចជា៖ អនុវត្តតាមជីវៈសុវត្ថិភាព​របស់​កសិដ្ឋាន ពេល​ចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសម្លៀកបំពាក់ ស្បែក​ជើង និង​ជ្រលក់​ទឹកថ្នាំសម្លាប់មេរោគ ពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋាន គ្មានការ​ទិញ​លក់ ឬនំាសត្វជ្រូក​ចូល​ដោយមិនមានប្រភពច្បាស់លាស់ ធ្វើការសម្អាត​កសិដ្ឋាន​ដោយ​បាញ់​ថ្នាំ​សម្លាប់មេរោគ បាញ់​ស​ម្លាប់​​មេរោគ​លើយាន្តជំនិះមុនចេញចូលកសិដ្ឋាន ជៀស​វាស​ក្នុងការនំាផលិតផលសាច់ជ្រូក​ចូល​ក្នុង​កសិដ្ឋាន និងជៀសវាងការឱ្យចំណីជ្រូកជា​កាកសំណល់ផ្ទះ​បាយ។

គួរបញ្ជាក់ដែរថា ប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក ​នឹងធ្វើឱ្យសត្វជ្រូកងាប់​ជាច្រើន​(អាចនឹង​មាន​អាត្រា​ងាប់១០០ភាគរយ) ដែលជំងឺនេះមិនទាន់មានវ៉ាក់សាំង​ និងវិធីព្យាបាល​នៅ​ឡើយ​ទេ ប៉ុន្តែវាជាជំងឺ​ដែល​មិនឆ្លងទៅមនុស្ស៕



 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES