





កាលពីរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ដែលជាបុរសជនជាតិខ្មែរ អាយុ ២៦ មានទីលំនៅស្ថិតនៅឃុំ កំពង់ត្រាច ស្រុក កំពង់ត្រាច ខេត្ដ កំពត ក្រោយពីក្រសួងទទួលបានលទ្ធផលតេស្ដសំណាកពីវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា។
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា (CDC) ក៏បានចេញព័ត៌មាននៅលើផេកផ្លូវការរបស់ខ្លួនផងដែរ។ ដោយក្នុងនោះនាយកដ្ឋានបានបញ្ជាក់ថា បុរសជនជាតិខ្មែរដែលឆ្លងជំងឺកូវីដ១៩ នេះគឺបានធ្វើដំណើរពីប្រទេសហ្វីលីពីន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង វិលត្រឡប់មកប្រទេសកម្ពុជានៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
នាយដ្ឋានបន្ដថា ជំងឺនៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ដោយក្នុងនោះយើងបានធ្វើតេស្តលើមនុស្សចំនួន ១៥,៨៣០ ស្មើនឹង ៩៧៤ ក្នុងចំណោមមនុស្ស១លាននាក់។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
គួររំឮកផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាយើងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាដាច់អស់ម្ដងរួចមកហើយដែរ ដែលមានចំនួនសរុប ១២២ នាក់ ក្នុងនោះមានស្រីចំនួន ៣៨ នាក់ និងបុរសចំនួន ៨៤ នាក់។ ហើយចំពោះករណីឆ្លងថ្មីនេះបានធ្វើឲ្យកម្ពុជាបានអ្នកឆ្លងកើនឡើងដល់ចំនួន ១២៣ នាក់ផងដែរ៕