ពូកែមែន! ហាងកាហ្វេប្រទេសថៃប្រើយុទ្ធសាស្រ្តមួយនេះ ដើម្បីស្រូបទាញអតិថិជនចូលពេញហាង

អាជីវកម្មបើកហាងកាហ្វេជាអាជីវកម្មដែលពេញនិយមបំផុតមិនថានៅស្រុកថៃ ឬ នៅស្រុកខ្មែរយើង ។ ប៉ុន្តែដើម្បីអោយអាជីវកម្មនេះដំណើរការបានទៅដោយជោគជ័យអាស្រ័យដោយកត្តាជាច្រើន មិនថាជាគុណភាពរសជាតិ កាហ្វេ ឬភេសជ្ជៈក្នុងហាង ភាពរួសរាយរាក់ទាក់របស់បុគ្គលិក ការតុបតែងហាង ហើយដែលជាពិសេសគឺទីតាំងហាងហ្នឹងតែម្ដង ។ សំរាប់អ្នកដែលទាល់គំនិតមិនដឹងគួររើសទីតាំងបើកត្រង់ណាល្អ ថ្ងៃនេះ Business Cambodia សូមលើកយកយុទ្ធសាស្រ្តទីតាំងរបស់ហាងកាហ្វេមួយនៅក្រុងបាងកកដើម្បីជួយជាគំនិត ។

ម្ចាស់ហាងកាហ្វេភាគច្រើន សុខចិត្តចំណាយទុនច្រើន រកមើលជួលទីតាំងនៅជាប់នឹងផ្លូវធំដើម្បីអោយអតិថិជនស្រួលរក និង ជិះកាត់ ដើរកាត់ ឃើញប្រេន ។ តែចំលែកអីតែហាងកាហ្វេមួយនេះ បែរជាលាក់ខ្លួនសំងំជិត កណ្ដាលហាងលក់សៀវភៅទៅវិញ ដោយព្រោះមូលហេតុអ្វីទៅ?

តាមពិតទៅ គឺម្ចាស់បណ្ណាគារនេះឆ្លាត យល់ពីទំលាប់ និងអាកប្បកិរិយា (Customer Behavior) របស់អតិថជនគោលដៅច្បាស់ ។ គាត់បានសង្កេតឃើញថា ជាទូទៅអតិថិជនភាគច្រើនមកបណ្ណាគារដើម្បីទិញ ឬ អានសៀវភៅ ហើយច្បាស់ណាស់ ពួកគេត្រូវការកៅអីអង្គុយផាសុកភាពដើម្បីមើល តុដែលអាចសរសេរចុះអ្វីដែលគាត់បានរៀនសូត្រ ឬទីតាំងដែលគាត់អាចផឹកតែឬកាហ្វេ ជជែកពិភាក្សាគ្នាពីប្រធានបទក្នុងសៀវភៅណាមួយដែលគាត់បានអានជាមួយមិត្តភក្តិដោយមិនចាំបាច់ត្រូវទៅរកកន្លែងថ្មីមួយផ្សេងទៀត ។ ដូច្នេះចំលើយបើសិនមានហាងកាហ្វេណាមួយនៅទីនោះ គឺល្អឥតខ្ចោះតែម្ដង ។ ពិសេសជាងនេះគឺមិនចាំបាច់ចំណាយលុយបន្ថែមទៀតលើការតុបតែងហាង ព្រោះបរិយាកាសព័ទ្ធជុំវិញដោយធ្នើរសៀវភៅស្រាប់ទៅហើយ គ្រាន់តែនឹកឃើញក៏ចង់ទៅ ផឹកកាហ្វេ អានសៀវភៅនៅទីនោះដែរ ។ដូច្នេះហើយទើបយើងសង្កេតឃើញថា តែងមានហាងកាហ្វេជារឿយៗនៅក្នុងបណ្ណាគាររបស់លោក ។ 

នេះមិនគ្រាន់តែជាយុទ្ធសាស្រ្តល្អក្នុងការទាក់ទាញភ្ញៀវអោយមកហាងកាហ្វេប៉ុណ្ណោះទេ ក៏ជួយអោយមានភ្ញៀវកាន់តែច្រើននៅហាងសៀវភៅដែរ ។ គួរបញ្ជាក់ថាបណ្ណាគារនេះមានឈ្មោះថា B2S ជាបណ្ណាគារដ៏ធំនិងទំនើបមួយនៅប្រទេសថៃ មានទីតាំងភាគច្រើននៅក្នុងផ្សារទំនើប ហើយមានច្រើនសាខានៅទូទាំងប្រទេសថៃ ។

ដោយ៖ ចន្ទ្រាវត្តី 

Adtag for Mobile Grow:-
Online

RELATED ARTICLES