នៅពីក្រោយជោគជ័យ និងភាពល្បីល្បាញជាង ១០០ ឆ្នាំ របស់ក្រុមហ៊ុនខ្នាតយក្ស កូកាកូឡា (Coca Cola) គឺដោយសារអាថ៍កំបាំងទាំងនេះ!

 

ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ត្រូវបានបង្កើតនៅក្នុងឆ្នាំ ១៨៨៦ ដោយលោកវេជ្ជបណ្ឌិត John S. Pemberton ផ្ដើមចេញពីតម្លៃលក់ត្រឹមតែ៥សេនក្នុងមួយកែវ វិវត្តន៍ឈានឡើងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះនៅតែជាក្រុមហ៊ុនផលិតភេសជ្ជៈនាំមុខគេ និងឈរជើងបានយូរជាង ១៣០ ឆ្នាំមកទល់នឹងពេលនេះ។ តើមានកត្តាអ្វីខ្លះទៅបានជាក្រុមហ៊ុនមួយនេះអាចឈរជើងបានយូរដល់ថ្នាក់នេះ?

១.រក្សាបាននូវរស់ជាតិដើម

ការរក្សាបាននូវរស់ជាតិដែលអតិថិជនចង់បានគឺជារឿងដែលសំខាន់បំផុតសម្រាប់អាជីវកម្មដែលទាក់ទងនឹងផលិតផលម្ហូបអាហារ​ និងភេសជ្ជៈ។ 

២.និមិត្តសញ្ញា

ក្រុមហ៊ុនកូកាកូឡា បានប្រើប្រាស់នូវ Logo ដែលមានលក្ខណៈទាក់ទាញ ងាយស្រួលចំណាំ និងងាយស្រួលអានដោយធ្វើឲ្យអតិថិជនមានអារម្មណ៍ជាប់ចិត្តនឹងឈ្មោះនៃផលិតផល របស់ក្រុមហ៊ុន។

៣.សំបកដបដែលមានភាពឆ្នៃប្រឌិត

គំនិតក្នុងការរចនារូបរាងដបភេសជ្ជៈកូកាកូឡាផ្ដើមចេញពីការចង់ផ្ដល់នូវភាពងាយស្រួលក្នុងការកាន់តាមខ្លួន និងងាយស្រួលក្នុងការទទួលទាន​ដល់អតិថិជន។ 

៤.ភាពសំខាន់នៃអ្នកចែកចាយបន្ត

នៅត្រង់ចំណុចនេះ ផ្ដោតសំខាន់លើអ្នកដែលទទួលយកផលិតផលទៅលក់បន្ត លក់ដុំឬលក់រាយ ចាំបាច់ត្រូវចេះរក្សាផលិតផលទាំងនោះឲ្យមានស្ដង់ដា អនាម័យ និងរក្សាបាននូវគុណភាពដើម ដែលអតិថិជនចង់បាន តួយ៉ាង ភេសជ្ជៈនេះគប្បីរក្សាទុកនៅត្រឹមសីតុណ្ហភាព ៣៦ អង្សាសេ និងមិនលើសពី ៤០ អង្សាសេ។ 

៥.​តម្លៃ

ក្រុមហ៊ុនបានរក្សាតម្លៃនៃការលក់ផលិតផលរបស់ខ្លួនឲ្យនៅដដែលអស់រយៈពេល ៧៣ ឆ្នាំឯណោះ។ រាប់តាំងពីឆ្នាំ ១៨៨៦ រហូតដល់ ១៩៥៩ ដែលនេះជាហេតុធ្វើឲ្យអតិថិជននៅតែមានការគាំទ្រដូចដើម និងសប្បាយចិត្តក្នុងការទិញផលិតផលមកទទួលទាន។

៦.ការផ្សព្វផ្សាយ

តើក្រុមហ៊ុនកូកាកូឡាលក់អ្វីឲ្យពិតប្រាកដ? ក្រុមហ៊ុននេះបានលក់នូវភាពទាក់ទាញ និងអូសទាញការចាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួន ពិសេសក្រុមហ៊ុនបានព្យាយាមធ្វើការផ្សព្វផ្សាយឲ្យអតិថិជនមានអារម្មណ៍ថា”ឲ្យតែដល់ពេលញុំាំអាហារកូកាកូឡានឹងរួមចំណែកធ្វើឲ្យម្ហូបអាហាររបស់អ្នកកាន់តែមានជាតិ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជានិច្ច”។ ឃ្លាចាក់ដោតទាំងនេះហើយធ្វើឲ្យអ្នកដែលទៅញុំាំអាហារម្ដងៗនឹកឃើញកូកាកូឡាមុនគេ។

គួរបញ្ចាក់ផងដែរថា បច្ចុប្បន្នអតិថិជនកូកាកូឡាមានជាង ២០០ ប្រទេស ហើយក្រុមហ៊ុននេះបានផលិតភេសជ្ជៈរបស់ខ្លួនប្រមាណ ១.៩ ពាន់លានដបជារៀងរាល់ថ្ងៃ៕

អត្ថបទដោយ៖ ប៉ិចសេងហ៊ាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES