ជាងចម្លាក់ខ្មែរធ្វើពីស្ពាន់ឆ្លាក់រូបជិត៥០ឆ្នាំ ទើបតែមានការគាំទ្រខ្លាំងក្រោយផ្សព្វផ្សាយតាមFacebook

ខ្មែរយើងមានភាពល្បាញល្បីយ៉ាងខ្លាំងផ្នែកចម្លាក់ ដែលមានបង្ហាញបញ្ជាក់ច្រើននៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត មានរូបចម្លាក់ជាច្រើនដែលបុព្វបុរសខ្មែរបានឆ្លាក់ទុក ហើយជំនាញនេះទៀតសោត ត្រូវបានអ្នកជំនាន់ក្រោយបន្តវេន ឆ្លាក់ទៅតាមរូបភាព រចនាបទផ្សេងៗ។

លោកគ្រូ ជា យុទ្ធា ជាអ្នកជំនាញផ្នែករូបចម្លាក់ម្នាក់នៅក្រុងឧដុង្គ ដែលចាប់ផ្តើមការងារឆ្លាក់រូបនេះតាំងពីឆ្នាំ១៩៦៧ រហូតដល់សម័យពលពតឆ្នាំ១៩៧៥ លោកគ្រូបានទម្លាក់ញញួរចុះសម្រាកពីការងារនេះមួយរយៈ ដល់ឆ្នាំ១៩៨៨ ទើបចាប់ផ្តើមការងារនេះជាថ្មីម្តងទៀត។​

អ្នកជំនាញផ្នែករូបចម្លាក់រូបនេះបានប្រសាសន៍ថា៖ រូបចម្លាក់ដែលលោកគ្រូឆ្លាក់ភាគច្រើនជាចម្លាក់លៀន ដែលជាមធ្យមមួយចំណាយពេលរហូតដល់ទៅជាង២ខែ និងទៅតាមតម្រូវការកម៉្មង់របស់ភ្ញៀវ ហើយវត្ថុធាតុដើមគឺជាស្ពាន់ដែលលោកគ្រូទិញមកពីភ្នំពេញ ឆ្លាក់វាយចេញជាផ្តិល និងរបរប្រើប្រាស់ផ្សេងទៀត។​

លោកគ្រូបន្តឱ្យដឹងថា៖ចម្លាក់ទាំងនោះមានបង្កប់សាច់រឿងជាច្រើន ដែលមានទាំងរឿងប្រវត្តិសាស្ត្រ និងទេពកថា ហើយសរុបទាំងអស់មានចំនួន៨រឿងផ្សេងៗគ្នា។ កូនខ្មែរគ្រប់ៗរូបបានស្ងើចសរសើរ ពីស្នារដៃរបស់បុព្វបុរសយើងមិនដាច់ពីមាត់។

លោកគ្រូ ជា យុទ្ធា ក៏បានបង្ហាញអារម្មណ៍អន់ចិត្តផងដែរ ដែលយុវជនខ្មែរជំនាន់ក្រោយភាគច្រើនមិនសូវចូលចិត្ត និងចង់ចាប់យកការងារនេះឡើយ ដោយសារតែវាចំណាយពេលយូរ​ និងទាមទារការអត់ធ្មត់ខ្ពស់ ហើយកាលពីពេលកន្លងទៅដោយមិនទទួលបានការចាប់អារម្មណ៍​ គ្មានអ្នកកម៉្មង់ទិញ លោកគ្រូបានព្យាយាមឆ្លាក់រូបចម្លាក់ទាំងនេះទុក សម្រាប់កូនចៅជំនាន់ក្រោយ យកជាគំរូប្រសិនបើបាត់បង់លោកគ្រូទៅ។ 

រូបចម្លាក់ដែលឆ្លាក់ទុកទាំងនោះ ត្រូវបានកូនប្រុសលោកគ្រូយកទៅផុសលេងនៅលើបណ្តាសង្គម Facebook ក៏មានអ្នកចាប់អារម្មណ៍ កម្ម៉ង់ទិញបន្តបន្ទាប់គ្នា ធ្វើឱ្យរោងជាងរបស់លោកគ្រូចាប់ផ្តើមរវល់ខ្លាំង ទទួលបានការគាំទ្រខ្លាំង និងមានភ្ញៀវកម៉្មង់ទិញឥតដាច់។

ទាក់ទងលោកគ្រូបានប្រសិនបើចង់កម៉្មង់ទិញចម្លាក់ដ៏ល្អឯកដែលជាស្នាដៃកូនខ្មែរ និងជាវប្បធម៌ខ្មែរ តាមលេខទូរស័ព្ទ៖ 092670038

ប្រភព៖ Nelin Star Tour & Travel

 

អត្ថបទដោយ៖ MENG SONGHUA (ម៉េង សុងហោរ)

ប្រធាននិពន្ធនៅ Business Cambodia

អ្នកនិពន្ធសៀវភៅ​ “កូនសោជីវិត” និង “ត្រៀមចេញរកស៊ីឱ្យចំគោលដៅ”

 

RELATED ARTICLES