ព្រះសីហនុអាចនឹងក្លាយជាទីក្រុង Shenzhenទី២ ខណៈអ្នកជំនាញចិនពង្រាងប្លង់មេសម្រាប់អភិវឌ្ឍន៍

កាលពីថ្ងៃទី២១ ខែឧសភា ថ្មីៗនេះក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen ប្រទេសចិន ដឹកនាំដោយលោក ស៊ាវ ស៊ីម៉ា (Xiao Sima )បានឱ្យដឹងថាផ្តោតការយកចិត្តទុកដាក់ ទៅលើពង្រាងប្លង់មេ ដែលធ្វើឡើងដោយអ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ។

បើតាមរយៈលោក Xiao Sima ប្រធានប្រតិភូអ្នកជំនាញចិន បានលើកឡើងថា វិទ្យាស្ថានរបស់លោក នឹងយកបទពិសោធជោគជ័យ និងដំណោះស្រាយឈ្នះៗ ដែលធ្លាប់បានអភិវឌ្ឍន៍នៅទីក្រុង Shenzhen មកអភិវឌ្ឍន៍នៅកម្ពុជា ដោយមានការសិក្សាពង្រាងប្លង់មេ ហើយនឹងធ្វើយ៉ាងណាឲ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៥ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះគម្រោងពង្រាងប្លង់មេខេត្តព្រះសីហនុ ថាពេលដែលពង្រាងប្លង់មេនេះលេចចេញជារូបរាងហើយ នឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច ។

ម៉្យាងទៀតគំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគររូបនីយកម្ម នៃទីក្រុង Shenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍនៅខេត្តព្រះសីហនុ ឲ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកំរិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤យើងនេះ ។ 

គួរជម្រាបផងដែរថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងមានកំពង់ផែទឹកជ្រៅ សម្រាប់ដឹកជញ្ជូនទំនិញ និងជាខេត្តដែលមានភាពទាក់ទាញវិនិយោគិនចិនយ៉ាងច្រើនទៀតផង៕

អត្ថបទ៖ទួន កែវពិសី

RELATED ARTICLES