ជា សុខហេង៖ អាជីវកម្មអាចឈរជើងបានយូរ លុះត្រាម្ចាស់អាជីវកម្មមានសមត្ថភាពធ្វើរឿងទាំង៥នេះ

ក្នុងនាមជាអ្នកជំនួញរមែងតែងតែចង់ឲ្យអាជីវកម្មមានភាពរីកលូតលាស់ទៅមុខប្រកបដោយភាពជោគជ័យជានិច្ច។ហើយដើម្បីឲ្យអាជីវកម្មអាចស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត វាគឺពិតជាមិនងាយស្រួលប៉ុន្មានទេ វាតម្រូវឲ្យម្ចាស់អាជីវកម្មមានសមត្ថភាព គ្រប់គ្រង បែងចែក ដោះស្រាយ ធ្វើយ៉ាងណាឲ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង បើការគ្រប់គ្រងរបស់ម្ចាស់អាជីវកម្មនៅស្ទាក់ស្ទើរគឺត្រូវតែពង្រឹងបន្ថែមទៀតទើបជាការល្អ។ ទាក់ទងជាមួយបញ្ហានេះដែរ លោកស្រី ជា សុខហេង ស្ថាបនិកនៃក្រុមមហ៊ុន Great Mekong Solution Co., Ltd បានលើកឡើងថា “ដើម្បីឲ្យអាជីវកម្មអាចឈរជើងបានយូរ ទៀមទារឲ្យម្ចាស់អាជីវកម្មឬអ្នកដឹកនាំមានសមត្ថភាពធ្វើរឿងទាំង ៥នេះ” ដែលរួមមាន៖

១.មានពេលវេលាគ្រប់គ្រាន់ ៖ អាជីវកម្មអាចដំណើរការទៅមុខបានល្អ លុះត្រាតែម្ចាស់អាជីវកម្មមានពេលវេលាគ្រប់គ្រាន់សម្រាប់វា ព្រោះការតែការងារទាំងនោះតម្រូវឲ្យយើងធ្វើវាដោយយកចិត្តទុកដាក់ហើយចំណាយពេលផ្តោតលើវាច្រើនបំផុត។ជាទូទៅអាជីវកម្មមួយ មានការងារជាច្រើនដែលយើងត្រូវដោះស្រាយ ហេតុនេះមិនអាចធ្វេសប្រហែសបានទេ។

២.ការទទួលខុសត្រូវខ្ពស់ ៖ ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុនមួយ គឺអ្វីដែលសំខាន់នោះគឺទំនួលខុសត្រូវនៅក្នុងកិច្ចការងារផ្ទាល់ខ្លួន ដោយមិនអាចឲ្យអ្នកដទៃធ្វើកិច្ចការទាំងនោះជំនួសអ្នកបាននោះទេ។ទំនួលខុសត្រូវមិនមែនទទួលយកតែកំហុសខុសឆ្គងតែមុខប៉ុណ្ណោះទេ តែគឺជាការទទួលរាល់គ្រប់ទង្វើនិងសកម្មភាពទាំងអស់ដែលយើងបានធ្វើ។

៣.ចេះបែងចែក ៖ ក្នុងនាមជាអ្នកដឹកនាំគេ ត្រូវតែចេះប្រើមនុស្សទៅតាមជំនាញរបស់ពួកគេម្នាក់ៗ​ ។អ្នកស្រីបាននិយាយថា “ក្រុមហ៊ុនឬស្ថាប័នណាក៏ដោយ អាចរីកចម្រើនទៅមុខហើយអាចឈរជើងបានយូរ កាលណាពួកគេចាត់ចែងងមនុស្សឲ្យត្រូវជំនាញដែលពួកគេមាន មិនមែនចេះតែចាត់ចែងទៅតាមការនឹកឃើញឡើយ”។

៤.ចេះលើកទឹកចិត្ត ៖ ការលើកទឹកចិត្តវាពបិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មគួរណាស់តែលើកទឹកចិត្តដល់អ្នកដែលធ្វើការក្នុងក្រុមជាមួយអ្នកក៏ដូចជាបុគ្គលិកជាដើម។ ព្រោះថាភាពជោគជ័យអាចកើតមានបាន គឺដោយមានការជួយជ្រោមជ្រែងពីបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន។ហេតុនេះត្រូវចេះលើកទឹកចិត្តពួកគេឲ្យខិតខំប្រឹងប្រែងបំពេញការងារឲ្យបានកាន់តែល្អ ព្យាយាមធ្វើដោយក្តីស្រឡាញ់ មិនមែនធ្វើទាំងបង្ខំទាំងសម្ពាធនោះទេ។

៥.ពូកែទំនាក់ទំនង ៖ ចំណុចនេះគឺសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ជំនាញក្នុងការទំនាក់ទំនងវាជួយធ្វើឲ្យមនុស្សម្នាក់មានភាពស្និទ្ធស្នាលជាមួយគ្នា ក្នុងនាមជាអ្នកចាត់ចែកការងារក្នុងក្រុមហ៊ុនមួយគឺត្រូវការទំនាញទំនាក់ទំនងនេះក្នុងកម្រិតមួយខ្ពស់បំផុត ដោយសារជាទូទៅម្ចាស់អាជីវកម្មត្រូវការចរចារការងារច្រើនជាមួយភ្ញៀវ និងជាមួយដៃគូសហការ ព្រមទាំងមនុស្សផ្សេងៗទៀតជាច្រើននៅក្នុងសង្គម៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES