ជា សុផារ៉ា ជំរុញឱ្យមានការផ្សាភ្ជាប់រវាងរចនាបថខ្មែរជាមួយនឹងសំណង់ ដើម្បីសោភ័ណភាពនិងអត្តសញ្ញាណជាតិ

ដោយសារតែវិស័យសំណង់ចេះតែមានការវិវត្តជាបន្តបន្ទាប់ រចនាបថនៃអគារក៏ត្រូវមានការច្នៃប្រឌិត ហើយប្រទេសនីមួយៗក៏មិនអាចបោះបង់នូវអត្តសញ្ញាណជាតិរបស់ខ្លួនផងដែរនោះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យអ្នកគូរប្លង់លើសំណង់អគារនានា ត្រូវមានការផ្សារភ្ជាប់រវាងរចនាបថរបស់ជាតិ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរនិង បន្ថែមនូវភាពស្រស់ស្អាតលើសំណង់អគារទាំងនោះថែមមួយកម្រិតទៀត។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២ ឯកឧត្តម ជា សុផារ៉ា បានថ្លែងឱ្យដឹងថា ការបញ្ជូនរចនាបថខ្មែរជាមួយនឹង អគារសម័យទំនើបនេះ គឺនឹងធ្វើឲ្យអគារនោះកាន់តែមានសោភ័ណភាពស្រស់ស្អាត ដែលជាទីទាក់ទាញ ហើយជួយថែរក្សាតម្លៃវប្បធម៌ខ្មែរថែមទៀតផង។ហេតុនេះលោកចង់អំពាវនាវដល់អ្នកគូសប្លង់ អ្នកត្រួតពិនិត្យសំណង់ និងម្ចាស់សំណង់ទំាងអស់ ពេលសាងសង់អគារ ត្រូវភ្ជាប់រចនាបថខ្មែរទៅជាមួយខ្លះៗ។

ក្រៅពីការស្នើឱ្យមានការផ្សារភ្ជាប់រវាងរចនាបថខ្មែរទៅនឹងអគារនេះ លោកក៏បានមានប្រសាសន៍ទាក់ទងនឹងវិស័យសំណង់នេះដែរថា “យើងបើកទូលាយឱ្យមានការវិនិយោគលើវិស័យសំណង់គ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីជាផលប្រយោជន៍ដល់សង្គមទូទៅ ក៏ដូចជាក្រុមហ៊ុនវិនិយោគផងដែរ ប៉ុន្តែត្រូវប្រាកដ និងជឿជាក់ថាមានភាពរឹងមាំ ឱ្យស្របទៅនឹងគោលការណ៍ច្បាប់ដែលបានកំណត់”។

បន្ថែមពីលើនេះលោក ក៏បានលើកឡើងម្ដងទៀតទាក់ទងនឹងការរហាមឃាត់ មិនឱ្យមានការជ្រកកោននៅក្នុងគម្រោងសំណង់ដែលកំពុងសាងសង់ ឬមិនទាន់មានការសាងសង់ចប់ ដើម្បីជៀសវាងការកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

ចំពោះចំណុចសំខាន់មួយទៀតដែលលោកបាន ផ្ដល់ជាអនុសាសន៍នោះគឺ តម្រូវឲ្យគ្រប់ការដ្ឋានសំណង់ទំាងអស់ ត្រូវមានវិស្វករប្រចាំការចំនួន២នាក់ក្នុងមួយការដ្ឋាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ហើយបើសិនគ្មានវិស្វករ នៅប្រចាំការទេ ការដ្ឋាននោះនឹងប្រឈមការចុះបិទភ្លាមៗតែម្ដង។

យោងតាមការស្នើបន្ថែមទៅកាន់ម្ចាស់សំណង់និងស្ថាបត្យករ ដែលដើរតួយ៉ាងសំខាន់ក្នុងការច្នៃប្រឌិតបន្ថែមលើរចនាបថទាំងឡាយនេះ សង្ឃឹមថា និងមាការសហការបានយ៉ាងល្អ ដើម្បីប្រទេសជាតិរក្សាបាននវដួងព្រលឹងដ៏យូរអង្វែង តាមរយៈការស្ថាបនាសំណង់អគារថ្មីៗនេះ។

អត្ថបទ៖ ភោគ ម៉ារី

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES