គាន ចន្រ្ទាវត្តី៖ សំរាប់អ្នកមានមហិច្ឆិតាចង់ចេញរកស៊ីខ្លួនឯង ដំបូងតើគួររើសធ្វើការអោយក្រុមហ៊ុនធំ ឬក៏ ក្រុមហ៊ុនតូច

ជឿថាសំរាប់អ្នកដែលមានក្តីស្រមៃចង់ចេញរកស៊ី ច្បាស់ណាស់មិនមែនគ្រប់គ្នាចង់ចេញ ក៏ចេញបានភ្លាមនោះទេ វាតែងមានកត្តាជាច្រើនដែលបង្អាក់អោយគិតពិចារណាមើលសិន មុននឹងសំរេចចិត្តឈានជើងចេញ ។ តាមបទពិសោធន៍ពីអ្នកជំនួញជោគជ័យកន្លងមក ទោះបីខ្លួនមានលុយកាក់សមល្មមដើម្បីបើកការរកស៊ីនោះ ឬ ឃើញឱកាសរកស៊ីខ្លួនឯងក៏ដោយ ប៉ុន្តែចុងក្រោយបែរជាសំរេចចិត្តក្នុងការធ្វើការអោយគេសិន ដើម្បីសន្សំបទពិសោធន៍ និងរៀនពីគេ មុននឹងចុះប្រលូកខ្លួនឯង ។ ដូច្នេះបើសិនជាអ្នកមានជំរើស តើអ្នកគួរជ្រើសរើសធ្វើការអោយក្រុមហ៊ុនធំ ឬក៏គួរធ្វើការអោយក្រុមហ៊ុនតូចជាមុនសិន?​

កញ្ញា គាន ចន្ទ្រាវត្តី បុគ្គលិកផ្នែកគ្រប់គ្រងទីផ្សារនៅក្នុងក្រុមហ៊ុនឯកជនមួយនៅក្នុងប្រទេសថៃ នឹងធ្វើការបកស្រាយទាក់ទងនឹងប្រធានបទនេះតាមរយៈបទពិសោធន៍ការធ្វើការក្រៅប្រទេសរបស់កញ្ញា ។​ជាដំបូងសូមធ្វើការបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើការក្នុងប្រភេទក្រុមហ៊ុនទាំង២នេះជាមុនសិន៖

សំរាប់ក្រុមហ៊ុនធំ សំដៅលើក្រុមហ៊ុនមានឈ្មោះល្បីល្បាញ មានបុគ្គលិករាប់ពាននាក់ មានអគារខ្ពស់ៗរាប់សិបជាន់ដែលជាកម្មសិទ្ធិរបស់ខ្លួនឯង ។ ជាទូទៅក្រុមហ៊ុនបែបនេះ ចំណុចល្អបំផុតគឺ ក្រុមហ៊ុនមានភាពនឹងធឹង និងស្ថេរភាពខ្ពស់ផ្នែកហិរញ្ញវត្ថុ គឺអ្នកអាចផ្ញើអនាគតវែងឆ្ងាយនឹងក្រុមហ៊ុនបាន ។ មួយផ្សេងទៀត នៅក្នុងក្រុមហ៊ុនធំ គឺគេមានរចនាសម្ព័ន្ធគ្រប់គ្រងជាក់លាក់ បែងចែកតួនាទី ព្រំដែនការងារច្បាស់ៗ ការធ្វើការមានក្បួនខ្នាត ច្បាប់ទំលាប់ត្រឹមត្រូវ របៀបគ្រប់គ្រងក្រុមហ៊ុនបែបលក្ខណៈប្រព័ន្ធ និយាយរួមគឺអ្នកនឹងរៀនច្រើនពីរបៀបរបបធ្វើការលក្ខណៈអាជីព (Professional) ។ ក្រៅពីនោះក្រុមហ៊ុនធំផ្តល់អត្ថប្រយោជន៍ធ្វើការសន្ធឹកសន្ធាប់មិនត្រឹមតែប្រាក់ខែមួយមុខ ដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាពពេលអ្នកឈឺ បើអ្នកមានកូនគេមានប្រាក់ឧបត្ថម្ភអោយកូនអ្នករៀនចប់ចុងចប់ដើម ឬបើអ្នកចាស់ដល់អាយុចូលនិរត្តន៍ គេមានប្រាក់ខែចិញ្ចឹមអោយអ្នកទៀតជាដើម ។ ប៉ុន្តែទន្ទឹមនឹងនេះចំនុចមិនល្អ គឺអ្នកគ្រាន់តែជាផ្នែកតូចមួយនៃកោសិកានៃគ្រោងម៉ាស៊ីនធំរបស់ក្រុមហ៊ុន ពោលគឺអ្នកជំនាញតែផ្នែកដែលអ្នកកំពុងធ្វើប៉ុណ្ណោះ។ រីឯឱកាសនៃការឡើងតំណែងធ្វើការការមានប្រកួតប្រជែងខ្លាំង ហើយអ្នកក៏ពិបាកនឹងឃើញរូបភាពធំរួមនៃការធ្វើធុរកិច្ចរបស់ក្រុមហ៊ុនដែរ ។

ផ្ទុយទៅវិញសំរាប់ក្រុមហ៊ុនតូចដែលមានលក្ខណៈគ្រួសារ ចំនុចល្អដំបូងគឺក្រុមហ៊ុនបែបនេះមានចំនួនច្រើន ធ្វើអោយអ្នកមានជំរើសច្រើនក្នុងការជ្រើសរើសដើម្បីធ្វើការ ។ ដោយសារក្រុមហ៊ុនតូច មានបុគ្គលិកតិច ដូច្នេះបុគ្គលិកនីមួយៗអាចមានទំនួលខុសត្រូវច្រើន ហេតុនេះអ្នកនឹងមានឱកាសរៀនសូត្រច្រើនក្នុងតំណែង មុខងារផ្សេងៗគ្នា ពិសេសរាល់ការខិតខំប្រឹងប្រែង ស្នាដៃរបស់អ្នក ថ្នាក់លើងាយនឹងមើលឃើញ ។ ចំនុចលេចធ្លោមួយទៀត វាផ្តល់ឱកាសល្អអោយអ្នកអាចនៅកៀកនឹងមេបំផុត រៀនពីរបៀបគ្រប់គ្រង គំរូនៃការដឹកនាំរបស់គាត់ ហើយបើសិនអ្នកចាប់ផ្ដើមធ្វើការតាំងពីសម័យកកើតក្រុមហ៊ុន អ្នកនឹងអាចឃើញរូបភាពធំ ថាតើការចាប់ផ្តើមក្រុមហ៊ុនមួយត្រូវការអ្វីខ្លះ មានយុទ្ធសាស្ត្របែបណាដើម្បីអាចឈរជើងលើទីផ្សារបាន ហើយលើផ្លូវដើរមួយនេះ អ្នកជួបបន្លា គ្រួស ព្យុះ ភ្លៀង ឧបសគ្គអ្វីខ្លះ ហើយត្រូវដោះស្រាយដោយរបៀបណា? វាជាមេរៀនមានតំលៃថ្លៃជាងមាស១ពាន់ដំឡឹងទៅទៀត ។ រីឯចំនុចមិនល្អគឺបុគ្គលិកអាចងាយនឹងទទួលហានិភ័យលើបាត់បង់ការងារបន្តិចបើសិនអាជីវកម្មក្រុមហ៊ុនដំណើរការមិនសូវល្អ ហើយបើនិយាយពី Credit បទពិសោធន៍នៅពេលដាក់ពាក្យធ្វើការថ្មីវិញ គឺមិនអាចប្រជែងជាមួយក្រុមហ៊ុនធំបានទេ ។

ក្រឡេកមកមើលសំនួរថាតើមួយណាល្អជាង? តាមយោបល់របស់កញ្ញា វត្តី តាមពិតគឺល្អទាំងពីរហ្នឹង សំខាន់គឺស្ថិតនៅលើគោលដៅជីវិតរបស់អ្នកគឺជាអ្វី? បើសិនអ្នកមិនចង់ក្លាយជាអ្នកជំនួញអីទេ អ្នកអាចជ្រើសរើសធ្វើការនៅក្នុងក្រុមហ៊ុនធំល្អជាង ព្រោះវាមានភាពនឹងនរជាង បង្រៀនយើងធ្វើការបែបវិជ្ជាជីវៈជាង ឯប្រាក់ខែក៏ច្រើន កេរ្តិ៍ឈ្មោះក៏ល្អ មានអត្ថប្រយោជន៍ការងារច្រើនជាង ឱកាសសំរាប់ការប្តូរការងារបន្ទាប់ល្អជាងមុនក៏ខ្ពស់ ។ 

ប៉ុន្តែបើសិនអ្នកមានគោលដៅចង់រកស៊ីនៅថ្ងៃអនាគត ណែនាំអោយធ្វើការនៅក្នុងក្រុមហ៊ុនតូច ព្រោះអ្នកនឹងភ្លក់រសជាតិ សុបិន្ត មហិច្ឆិតានៃការរកស៊ីបានផ្អែមឆ្ងាញ់ជាង ហើយអ្នកនឹងរៀនសូត្រ រៀនធ្វើការបានច្រើនជំនាញ និងស្វែងយល់ពីរូបភាពរបៀបនៃរកស៊ីបានច្បាស់ក្រឡែតជាងក្រុមហ៊ុនធំ ។ យ៉ាងណាមិញបើសិនអ្នកមានជំរើសច្រើនហើយអាយុតិចនៅឡើយ ជ្រើសរើសធ្វើការនៅក្រុមហ៊ុនធំជាមុនសិន រួចធ្វើការនៅក្រុមហ៊ុនតូច រួចសឹមចាប់ផ្តើមមុខរបររកស៊ីដោយខ្លួនឯង នេះជាការល្អបំផុត ។ 

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES