CEO ​ក្រុមហ៊ុន RL Supplies Cambodia ចែករំលែកចំណេះដឹងល្អៗគួរដឹងសម្រាប់អ្នកដឹកនាំអាជីវកម្មថ្មីថ្មោង

ជាការពិតណាស់ ក្នុងការចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការដោយរលូននិង អាចទទួលបាននូវភាពជោគជ័យ គឺទាមទារឱ្យអ្នកដឹកនាំជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ ជឿជាក់លើអាជីវកម្មដែលខ្លួនកំពុងធ្វើ ជាពិសេសគឺមានការដឹកនាំដែលអស្ចារ្យមួយ បូករួមទាំងមានជំនាញផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែនៅដំណាក់កាលចាប់ផ្ដើមអាជីវកម្មដំបូង គឺជាពេលដែលអ្នកដឹកនាំត្រូវមានភាពអំណត់អត់ធ្មត់តស៊ូខ្ពស់ និងមានភាពឆ្លាតវៃខ្លាំងទើបអាចធ្វើឱ្យអាជីវកម្មអាចដំណើរការទៅមុខបានយ៉ាងរលូន។ 

នៅដំណាក់កាលដែលសហគ្រិនចាប់ផ្ដើមអាជីវកម្មដំបូង ប្រសិនបើគាត់មិនសូវមានធនធានក្នុងការជួលមនុស្ស ឬមិនមានក្រុមការងារដ៏ល្អមួយដើម្បីជួយបំពេញការងារទេ គឺមេដឹកនាំនឹងត្រូវទទួលរ៉ាប់រងនូវការងារជាច្រើនមុខតែម្នាក់ឯង។ ក្នុងការជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ឡឹប រីយ៉ា ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុន RL Supplies Cambodia ដែលជាក្រុមហ៊ុនទទួលបោះពុម្ពសម្ភារៈម៉ាឃីតធីងឬជាភាសាអង់គ្លេសហៅថាcustomized Products and premium gifts នោះ លោកបានចែករំលែកបទពិសោធន៍របស់លោកទៅដល់សហគ្រិនជំនាន់ក្រោយដែលទើបចាប់ផ្ដើមធ្វើអាជីវកម្មយ៉ាងដូច្នេះថា៖ ​នៅពេលដែលចាប់ផ្ដើមអាជីវកម្មដំបូង ប្រាកដណាស់ដែលរចនាសម្ព័ន្ធអាជីវកម្មអាចនឹងមិនទាន់មានភាពច្បាស់លាស់ត្រឹមត្រូវនោះទេ ប៉ុន្តែដើម្បីមានភាពងាយស្រួលនិងចាត់ចែងការងារ សហគ្រិនទើបតែចាប់ផ្ដើមអាជីវកម្មថ្មីថ្មោងគួរតែរៀបចំរចនាសម្ព័ន្ធអាជីវកម្មយ៉ាងហោចណាស់ក៏ឱ្យមាន ៣ផ្នែកសំខាន់ៗដែរបើអាច ប្រសិនបើមិនចង់ឱ្យការងារមានភាពរញ៉េរញ៉ៃ។ ផ្នែកសំខាន់ទាំង ៣ នោះរួមមាន៖ 

ផ្នែកលក់៖ ផ្នែកលក់គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងការធ្វើអាជីវកម្ម។ ការលក់ប្រៀបបីដូចជាសសៃឈាមរបស់អាជីវកម្មអ៊ីចឹងដែរ ព្រោះអ្វីដែលទទួលបានពីការលក់គឺស្មើនឹងលុយ។ ប្រសិនបើអាជីវកម្មមួយគ្មានការលក់ដើម្បីអាចទទួលបានហិរញ្ញវត្ថុមកទ្រទ្រង់អាជីវកម្មទេនោះ យើងនឹងដួលរលំ។ នៅពេលដែលចាប់ផ្ដើមអាជីវកម្មដំបូង ការលក់ភាគច្រើនអាចនឹងមិនមានសន្ទុះខ្លាំងនោះទេ ដែលជាហេតុធ្វើឱ្យអាជីវកម្មភាគច្រើនខាត។ ដូច្នេះអាជីវកម្មថ្មីថ្មោងគួរតែរៀបចំនូវយុទ្ធសាស្ត្រលក់ឱ្យបានរឹងមាំបំផុត ហើយត្រូវត្រៀមហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មយ៉ាងហោចណាស់ក៏ ៦ខែ ទៅ១ឆ្នាំឡើងដែរ ទើបវាអាចទ្រទ្រង់អាជីវកម្មយើងបន្តទៀតបាន ប្រសិនបើការលក់របស់យើងមិនផ្ដល់ប្រាក់ចំណេញសោះ ។ 

ផ្នែករដ្ឋបាល៖​ ផ្នែករដ្ឋបាល ឬអេដមីន គឺសម្រាប់គ្រប់គ្រងរាល់ទិន្នន័យ ឯកសារនៃការលក់ ឬការចាត់ចែងការងារផ្សេងៗនៅក្នុងក្រុមហ៊ុន។ ប្រសិនបើរៀបចំប្រព័ន្ធរដ្ឋបាលនៅក្នុងអាជីវកម្មមិនបានល្អ វាធ្វើឱ្យមានភាពរញ៉េរញ៉ៃនៅក្នុងដំណើរការការងារនៅក្នុងអាជីវកម្ម​ ដែលវាអាចនឹងកាត់បន្ថយនូវប្រសិទ្ធផលការងារមួយផ្នែកផងដែរ។ ប្រសិនបើប្រព័ន្ធរដ្ឋបាលកាន់តែមានភាពរហ័ស ងាយស្រួល នោះវាធ្វើឱ្យការងារកាន់តែទទួលបាននូវប្រសិទ្ធផលកាន់តែខ្ពស់។ 

ផ្នែកគណនេយ្យ៖ នៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មដំបូងគឺទាមទារឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានច្បាស់លាស់បំផុត មិនត្រូវចំណាយខ្ជះខ្ជាយខុសគោលដៅនោះទេ។ ដូចនេះវាទាមទារឱ្យមានផ្នែកគណនេយ្យមួយ ដើម្បីគ្រប់គ្រងត្រួតពិនិត្យហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ថា ធនធានហិរញ្ញវត្ថុក្រុមហ៊ុននៅសល់ប៉ុន្មាន? ចំណាយអស់ប៉ុន្មាន? មានចំណូលប៉ុន្មាន? ដើម្បីអាចឱ្យយើងជាមេដឹកនាំអាចប៉ាន់ប្រមាណធនធានដែលយើងមាន និងត្រៀមខ្លួនក្នុងការរៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗ ដើម្បីធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើនបន្ត។

លោកបានបន្ថែមថា នៅពេលដែលចាប់ផ្ដើមអាជីវកម្មដំបូង យើងមិនចាំបាច់ជួលមនុស្សដែលពូកែខ្លាំងពេក ឱ្យមកកាន់ការងារលើផ្នែកទាំង ៣នេះ ដូចជានៅក្នុងក្រុមហ៊ុនធំៗគេដែលគេមានស្តង់ដារ ឬដំណើរការយូរហើយក៏បានដែរ។ យើងអាចជួលត្រឹមមនុស្សដែលមានចំណេះដឹង ឬជំនាញដែលស័ក្តិសមជាមួយនឹងកម្រិតអាជីវកម្មរបស់យើងបានហើយ។ ម៉្យាងទៀតលោកបានបន្ថែមថា ក្នុងនាមយើងជាមេដឹកនាំ យើងគួរតែចេះការងារ ៣ផ្នែកនេះខ្លះៗផងដែរ បើទោះបីជាមិនចេះច្បាស់លាស់ខ្លាំងក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏យើងអាចដឹងពីដំណើរការនៃការលក់ អាចមើលយល់ពីដំណើរការការងាររដ្ឋបាល និងរបាយការណ៍គណនេយ្យជាដើម។ បើយើងមិនចេះសោះក៏គួរតែរៀនវគ្គខ្លីណាមួយដើម្បីអាចយល់អំពីផ្នែកទាំង ៣​នេះខ្លះៗផងដែរ ដើម្បីអាចដឹកនាំអាជីវកម្មឱ្យមានភាពរីកចម្រើនទៅមុខ។ 

ជាសារចុងក្រោយដែលលោកចង់ចែករំលែកទៅដល់សហគ្រិនក្មេងៗដែលចេញរកស៊ី គឺគួរតែស្វែងរកនរណាម្នាក់ ឬអ្វីមួយសម្រាប់លើកទឹកចិត្តខ្លួនឯងផងដែរ ព្រោះជីវិតនៃការធ្វើអាជីវកម្មអាចនឹងធ្វើឱ្យយើងជួបនឹងរឿងច្រើនយ៉ាងរហូតដល់ធ្លាក់ទឹកចិត្ត ឬចង់បោះបង់ចោលផងដែរ។ សម្រាប់លោកវិញ គឺលោកបានជ្រើសរើសយកអ្នកមានគុណទាំងពីររបស់លោកក្នុងការលើកទឹកចិត្តលោកឱ្យខិតខំប្រឹង និងក្រោកឡើងវិញនៅពេលដែលលោកជួបប្រទះនូវការលំបាកក្នុងការធ្វើអាជីវកម្មម្ដងៗ។ លោកពិតជាអរគុណដល់អ្នកមានគុណទាំងពីររបស់លោកខ្លាំងណាស់ដែលតែងតែគាំទ្រលោកគ្រប់កាលៈទេសៈ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES