កាណាដាគ្រោងចាយទឹកប្រាក់ជាង ៩១លានដុល្លារដើម្បីទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា

នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម និងលោក ហ្គារី រ៉ូស (Gary Ross) ប្រធានក្រុមហ៊ុន Reitman's Global Sourcing on Garment របស់កាណាដា ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងជំនួបនោះភាគីកាណាដាបានបង្ហាញថា ខ្លួនមានគម្រោងទិញសម្លៀកបំពាក់ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០។ ហើយចំពោះការបញ្ជាទិញនេះក៏មានអត្រាខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិនផងដែរ។

ប្រធានក្រុមហ៊ុនខាងលើ ក៏បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់របស់ក្រុមហ៊ុន និងតែងឆ្លើយតបយ៉ាងវិជ្ជមានចំពោះក្តីកង្វល់ និងសំណូមពរនានា របស់ភាគីកាណាដា។

ជាការឆ្លើយតបលោក ឱក ប៊ុង បានថ្លែងអំណរគុណចំពោះលោក ហ្គារី រ៉ូស ដែលបានផ្តល់ទំនុកចិត្តមកលើការដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដំណើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោយប្រទេសទាំងពីរ។

លោកក៏បានជម្រាបភាគីកាណាដា អំពីវឌ្ឍនភាពសេដ្ឋកិច្ច និងកំណើននាំចេញរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ចាប់ពីទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក (២០០១) ដល់ ១៣ពាន់លានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។

សូមជម្រាបថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២។ នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុននេះ បានបញ្ជាទិញទំនិញសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃគិតជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ កឹម​ ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES