ថ្មីៗនេះ Youtube បានបិទ Channel ខ្មែរបន្តកន្ទុយគ្នាដែលទាញអ្នកមើលរាប់លាននាក់ពីវីដេអូបែប Primitive

ចុងខែនេះ Youtube បានចាត់វិធានការបិទចោល Channel ខ្មែរល្បីៗដែលមានអ្នក Subscribe រាប់ម៉ឺននាក់ មានអ្នកចូលមើលវីដេអូរាប់ម៉ឺន View ប្រមាណជា ៤-៥ Channel ដែលពួកគេបានធ្វើវីដេអូបែប Primitive Technology ឬជីវិតបែបស្រុកជនបទឬនៅក្នុងព្រៃ ។

Channel ខ្មែរដែលបានបិទទាំងនោះរួមមាន Primitive Technology KH និង Channel ដែលទាញអ្នកមើលរាប់លាននាក់ផ្សេងៗទៀតដូចជា Primitive Boy និង Primitive Wildlife ។ Channel Youtube ដែលល្បីជាងគេដូចជា Primitive Technology KH ដែលធ្វើវីដេអូទាក់ទងនឹងក្មេងពីរនាក់ ធ្វើសកម្មភាពចាប់សត្វព្រៃយកមកបរិភោគនោះ ត្រូវបាន Youtube បញ្ជាក់សារមួយឃ្លាខ្លីថា “This account has been terminated due to multiple or severe violations of YouTube policy against spam, deceptive practices and misleading content or other Terms of Service violations” ។

និយាយខ្លីឲ្យស្រួលស្តាប់ទៅគឺ Chhanel ដែលធ្វើវីដេអូប្រភេទនេះប្រឆាំងនឹងគោលការណ៍របស់ Youtube ដូចជា ថតវីដេអូសិចស៊ីលេចលើលេចក្រោម សម្លាប់សត្វ និងបោកបញ្ឆោតអ្នកមើលដូចជា កាត់តរូបភាពខាងមុខ (Thumbnail) លើសពីធាតុពិតនៃវីដេអូ ។

ឧទាហរណ៍ វីដេអូ Primitive Technology 

បើលោកអ្នកចូលទៅកាន់ Youtube ហើយស្វែងរក Channel ទាំងប៉ុន្មានខាងលើនេះ អ្នកនឹងឃើញ Channel មួយចំនួនត្រូវបានបង្កើតថ្មីដូចជា Primitive Technology KH បានបង្ហោះវីដេអូឡើងវិញកាលពីសប្តាហ៍មុន ចំណែក Channel ខ្លះទៀតបានបាត់ខ្លួន ។

វីដេអូ Primitive Technology ដែល Youtube បានបិទ ឥឡូវត្រូវបានគេយកមកបង្ហោះឡើងវិញ

មិនមែនតែ Youtube ទេ ដែលបានចាត់វិធានការលើវីដេអូប្រភេទនេះ កាលពីប៉ុន្មានខែមុននេះក៏មានការផ្ទុះមតិរិះគន់លើបណ្តាញសង្គម Facebook ចំពោះ Channel Youtube ខ្មែរមួយដែលបានសម្លាប់សត្វព្រៃកម្រយកមកធ្វើម្ហូប រហូតដល់ក្រសួងពាក់ព័ន្ធបានចេញមុខបិទ Channel នោះចោលតែម្តង ។

Channel របស់ខ្មែរទាំងនេះថ្វីត្បិតតែថតវីដេអូមិនល្អដូច Channel បរទេស ប៉ុន្តែទំហំអ្នកចូលមើលអាចច្រើនជាងវីដេអូរបស់បរទេសផង ជាទូទៅពួកគេទទួលបាន View ខ្ទង់ ១ លាន ដល់២០ លានជាង សមល្មមអាចឲ្យអ្នកធ្វើវីដេអូខ្មែរទាំងនេះ រកចំណូលខ្ទង់ពាន់ដល់ម៉ឺនដុល្លារពី Youtube ។

បើតាមកិច្ចសម្ភាសន៍រវាងសារព័ត៌មានថៃ Coconut ជាមួយម្ចាស់ Channel ខ្មែរ Natural Life TV បង្កើតឡើងដោយប្តីប្រពន្ធពីរនាក់ ដែលសព្វថ្ងៃ Channel ពួកគាត់កំពុងដំណើរការលើ Youtube ។ ម្ចាស់ Channel នេះអះអាងថា បើគិតតាមចំនួនអ្នកចូលមើលជាក់ស្តែងពួកគាត់អាចរកចំណូលខ្ទង់ ៦៩០០​ ដល់ ១១ ០០០០ ដុល្លារអាមេរិកក្នុងមួយខែ ។

លោក ហួង រាទី ម្ចាស់ Channel ខាងលើឲ្យដឹងថា អ្នកមើលវីដេអូភាគច្រើនមកពីឥណ្ឌា និងអាមេរិកក៏ដូចជាប្រទេសផ្សេងៗ លោកថា Channel មួយនេះមិនមានគម្រោងបង្កើតវីដេអូសម្រាប់ខ្មែរទេ ដោយសារវីដេអូដែលបរទេសចូលមើលទទួលបានលុយច្រើនជាង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ វីដេអូបែប Primitive Technology ជាវីដេអូដែលទាក់ទាញជាងគេ ហើយវាបានក្លាយជានិន្នាការផ្សាយពាណិជ្ជកម្មថ្មីសម្រាប់ Youtube ដោយសារ Youtube បានរុញផ្ទាំងពាណិជ្ជកម្មថ្លៃមកវីដេអូប្រភេទនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES