កម្ពុជាទទួលបានគម្រោងទុនវិនិយោគប្រមាណ ៤ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ ខែដំបូងដើមឆ្នាំ២០១៩នេះ

ថ្លែងនៅក្នុងពិធីបើកវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលមានការអញ្ជើញជាអធិបតីរួមគ្នារវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកត្ដម ខេភី សាម៉ា អូលី នាយករដ្ឋមន្រី្ដប្រទេសនេប៉ាល់ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។

សម្ដេចតេជោបានមានប្រសាសន៍ថា ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ 

ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។ កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ៕

អត្ថបទដោយ៖​ កឹម ប៊ុនធឿន

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES