នាយកសាលា IT Academy STEP បង្ហើបថា កម្ពុជាត្រូវការអ្នក IT កន្លះលាននាក់ទៀតទើបផ្គង់ផ្គង់ទីផ្សារគ្រប់

ស្របពេលដែលវិស័យបច្ចេកវិទ្យាកម្ពុជាកំពុងរីកចម្រើន អ្នកស្រី Nataly Rodionova នាយកសាលា IT Academy STEP Cambodia បានអះអាងថា បច្ចុប្បន្ននេះកម្ពុជាត្រូវការអ្នកជំនាញ IT ប្រមាណកន្លះលាននាក់ដើម្បីផ្គង់ផ្គង់ទីផ្សារដែលកំពុងខ្វះខាតអ្នកជំនាញ ។

អ្នកស្រី Rodionova ប្រាប់ Business Cambodia ថា ថ្វីត្បិតតែវិស័យ IT នៅស្រុកខ្មែរមើលទៅហាក់ដូចជាតូចបើធៀបជាមួយប្រទេសអភិវឌ្ឍន៍ដូចជា ម៉ាឡេស៊ី ឬសិង្ហបុរី ប៉ុន្តែយ៉ាងណាកម្ពុជានៅខ្វះអ្នកជំនាញផ្នែកព័ត៌មានវិទ្យាច្រើន បើតាមរបាយការណ៍ពី Digital Cambodia បញ្ជាក់ថា កម្ពុជាត្រូវការអ្នក IT យ៉ាងហោចណាស់ ៥% នៃប្រជាជនសរុប ដូចនេះឱកាសការងារ IT នៅកម្ពុជាមានប្រមាណ ៥០០ ០០០ ទៅ ៨០០ ០០០ នាក់ ។

អ្នកស្រីថា ការងារផ្នែក IT មានឱកាសច្រើន ជាពិសេសវាមិនទាមទារបរិញ្ញាបត្រ ៤ ឆ្នាំដើម្បីធ្វើការទេ អ្វីដែលសំខាន់គឺជំនាញ អ្នកអាចរៀនត្រឹមមួយឆ្នាំឬពីរឆ្នាំក៏អ្នកអាចធ្វើបានដែរ អ្វីដែលក្រុមហ៊ុនចង់បានពីអ្នកគឺ របៀបដោះស្រាយបញ្ហា តើអ្នកអាចធ្វើអ្វីខ្លះពីជំនាញសរសេរកូដរបស់អ្នក ។

ជាមួយគ្នានេះ បើតាមការអះអាងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ កន្លង និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានប្រមាណ ៩% នៃចំនួននិស្សិតសរុប ដែលចំនួនប៉ុននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបាននៅឡើយទេ ។

រដ្ឋមន្រ្តីក្រសួងប្រៃសណី និងទូរគមនាគមន៍ ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ចំនួននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងកំឡុងពេលដែលបច្ចេកវិទ្យាកំពុងវិវត្តយ៉ាងឆាប់រហ័ស ហើយធុរកិច្ចជាច្រើនគ្រប់វិស័យមានទាំងវិស័យធនាគារហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម ការផ្តល់សេវាកម្មនានាកំពុងងាកផ្លាស់ប្តូរទៅបែបឌីជីថល។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ចង់បង្កើនចំនួនវិស្វករបច្ចេកវិទ្យាដល់១៥% ក្នុងឆ្នាំ២០២០ ហើយបំពាក់បំណិនវិជ្ជាជីវៈខាងផ្នែកបច្ចេកវិទ្យា និងផ្នត់គំនិតឌីជីថលដល់សិស្សដែលចប់មធ្យមសិក្សាគ្រប់ៗគ្នា ដើម្បីអាចឱ្យពួកគេដើរទាន់ការវិវត្តឥតឈប់ឈរនៃសង្គមឌីជីថលនេះ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Adtag for Mobile Grow:-
Online

RELATED ARTICLES