វត្តមានការចូលចតនាវា Westerdam ធ្វើឲ្យកម្ពុជាលេចមុខលើសារព័ត៌មានបរទេសធំៗមិនតិចជាង ៣០

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សឈ្មោះថា Westerdam បានចូលចតនៅកំពង់ផែស្វ័យយ័តខេត្តព្រះសីហនុ ក្រោយកំពង់ផែចំនួន ៥ ប្រទេសរួចមកហើយបានបដិសេធ ការណ៍នេះបានធ្វើឲ្យកម្ពុជាលេចមុខលើសារព័ត៌មានបរទេសធំៗមិនតិចជាង ៣០ ទេ ។

នាវាមួយនេះផ្ទុកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណ ១៤៥០នាក់ និងក្រុមនាវិក៨០០ នាក់ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា គ្មានអ្នកផ្ទុកជម្ងឺកូរ៉ូណានោះទេនៅលើនាវាមួយនេះ បន្ទាប់ពីក្រុមគ្រូពេទ្យ និងអ្នកបច្ចេកទេសចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើសុខភាពអ្នកដំណើរទាំងអស់ ហើយលោកបន្តថាអ្នកដំណើរទាំងអស់និងត្រឡប់ទៅកាន់មាតុប្រទេសរបស់ខ្លួន ដោយគ្មានការស្នាក់នៅក្នុងខេត្តព្រះសីហនុនោះទេ។

ក្នុងនោះដែរបណ្តាសារព័ត៌មានបរទេសធំៗ បានចុះផ្សាយពីការចូលចតនាវា Westerdam នេះ ។ សារព័ត៌មាន Nikkie Asian បានចុះផ្សាយថា នាវាទេសចរណ៍ខាងលើនឹងចូលចតនៅខេត្តព្រះសីហនុប្រមាណ ២-៣ ថ្ងៃ បន្ទាប់មកក្រុមហ៊ុននឹងរៀបចំឲ្យភ្ញៀវទេសចរណ៍ហោះហើរទៅប្រទេសកំណើតរៀងៗខ្លួន ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបង្ហោះសារតាមរយៈ Twitter ផងដែរថា “ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះត្រង់ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបើកផ្លូវឲ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ ។ នេះជាសកម្មភាពបង្ហាញពីសាមគ្គីភាព ខណៈដែលពិភពលោកកំពុងរកច្រកបញ្ឈប់វីរុស COVID-19 និងភាពភ័យខ្លាច” ។

ចំណែកសារព័ត៌មាន BBC ក៏បានចុះផ្សាយពីសារថ្លែងអំណរគុណដល់ប្រជាជនកម្ពុជារបស់អ្នកទេសចរណ៍ម្នាក់គឺអ្នកស្រី Christina Kerby ថា អ្នកស្រីស្ទើរមិនជឿថាកម្ពុជាអនុញ្ញាតិឲ្យនាវា Westerdam ចូលចតនោះ ។ អ្នកស្រីឲ្យដឹងថា មុនមកដល់កម្ពុជា ថៃបានបដិសេធមិនទទួលការចូលចតនេះទេ ដោយបានបើកនាវាទ័ពជើងទឹកថៃអមដំណើរនាវាទេសចរណ៍ខាងលើរហូតដល់ផុតឈូងសមុទ្រថៃ ។

ក្នុងនោះការសែត The Guardian របស់ប្រទេសអង់គ្លេស និងកាសែតថៃ Bangkok Post បានចុះផ្សាយពីកម្ពុជាក្រោមចំណងថា “នាវាទេសរណ៍ Westerdam ដែលគេបដិសេធព្រោះភ័យខ្លាចឆ្លងកូរ៉ូណា ពេលនេះបានចូលចតនៅកម្ពុជាហើយ” ។

គួរបញ្ជាក់ថា មានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីកម្ពុជាជុំវិញហេតុការណ៍នេះ រួមមាន BBC, Bangkok Post, Nikkie Asian, The Guardian, USA Today, VOA, Asia Times, Reuters, Yahoo News, Toroto Star, Ciaxin Global, Business Insider, Japan Times, South China Morning Post, Fortune, VOD English, ABC News....។

អត្ថបទដោយ ៖​ ហ៊ួត សុធារ៉ា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES