ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ៖ អ្នករកស៊ីជំនាន់ថ្មី ចាំបាច់ត្រូវមាន ២ចំណុចសំខាន់នេះ

ការធ្វើអាជីវកម្មមួយជោគជ័យទៅបាន សំខាន់បំផុតត្រូវមានអ្នកដឹកនាំ ឬហៅថាសហគ្រិនដ៏ពូកែ ឆ្លាតវៃក្នុងការដឹកនាំ ដើម្បីឈានដល់គោលដៅដែលបានកំណត់ទុក។ ហើយលក្ខណៈសម្បត្តិសហគ្រិនជំនាន់ថ្មី វាចាំបាច់ខ្លាំងណាស់ ក្នុងការជំរុញឲ្យការដឹកនាំអាជីវកម្មមានប្រសិទ្ធភាពខ្ពស់។ ត្រង់ចំណុចនេះ តាមរយៈបទពិសោធន៍រកស៊ីជាច្រើនឆ្នាំ និងបានគ្រប់គ្រងអាជីវកម្មច្រើន លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា លក្ខណៈសម្បតិ្តរបស់សហគ្រិនជំនាន់ថ្មីត្រូវមានមិនអាចខ្វះបាន គឺភាពអត់ធ្មត់ និងជំនាញស្តេចលក់ ដែលពិសេសជាងគេ។

ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានថ្លែងប្រាប់ Business Cambodiaថា «សម្រាប់លក្ខណៈសម្បត្តិរបស់អ្នកដឹកនាំអាជីវកម្ម អាចអាស្រ័យលើសហគ្រិនផ្សេងៗ តែសម្រាប់ខ្ញុំយល់ថា ការអត់ធ្មត់ផ្លូវចិត្តជារឿងសំខាន់មិនអាចខ្វះបានក្នុងចំណោមលក្ខណៈសម្បត្តិសំខាន់ផ្សេងទៀត»។ ព្រោះភាពអត់ធ្មត់ផ្លូវចិត្តខ្ពស់ អាចឲ្យយើងមានឱកាសដោះស្រាយបញ្ហាប្រឈមនានា បានយ៉ាងល្អ មិនតទល់នឹងបញ្ហាដោយផ្ទាល់ តែចេះដកឃ្លា ស្វែងរកឬសគល់វា ដោយប្រើប្រាស់ចិត្តសាស្ត្រគ្រប់គ្រងរាល់បញ្ហាដែលកើតមាន និងឆ្លាតវៃក្នុងការប្រើប្រាស់ដំណោះស្រាយល្អៗ។ តែបើយើងគ្មានចិត្តអត់ធ្មត់ចំពោះការដឹកនាំ ឬដោះស្រាយបញ្ហាទេនោះ ច្បាស់ណាស់ យើងមិនអាចគ្រប់គ្រងក្រុមហ៊ុនឲ្យមានដំណើរការល្អបាននោះទេ។

លោកឧកញ៉ា បានបន្តប្រាប់ Business Cambodiaទៀតថា ការហ្វឹកហាត់ជំនាញលក់ឲ្យខ្លាំងពូកែ គឺជារឿងចាំបាច់បំផុតដែលលោកចាត់ចូលក្នុងលក្ខណៈសម្បតិ្តរបស់សហគ្រិន។ ហើយសហគ្រិនលើវិស័យអ្វីក៏ដោយជំនាញនេះ ត្រូវតែរៀនទ្រឹស្តី និងអនុវត្តឲ្យបានស្ទាត់ជំនាញ ព្រោះបើគ្មានជំនាញនេះទេ អាជីវកម្មនឹងស្លាប់បានយ៉ាងងាយ ព្រោះបរាជ័យលក់។

សហគ្រិនវ័យក្មេងរូបនេះបញ្ជាក់ថា យុវជនខ្មែរយើងដែលត្រៀមចេញរកស៊ីថ្មីៗ គួរណាស់តោងសិក្សាស្វែងយល់ឲ្យបានរៀនយកចំណេះដឹង ជំនាញលើវិស័យដែលខ្លួនចង់រកស៊ីឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ហើយត្រូវរកស៊ីអ្វីដែលគេមិនទាន់មាន កុំគ្រាន់តែឃើញគេរកស៊ីជោគជ័យមិនទាន់សិក្សាទីផ្សារច្បាស់ ឬស្វែងយល់អំពីអាជីវកម្ម ហក់ចូលរកស៊ីភ្លាមនោះទេ។ ត្រូវរកស៊ីអ្វីដែលប្លែកពីគេមិនធ្លាប់មាន ចេះបង្កើតយុទ្ធសាស្ត្រដើរដោយខ្លួនឯង កុំចម្លងតាមគេទាំងដុលឲ្យសោះ ព្រោះបើអ្នកធ្វើបែបនេះ នឹងងាយស្រួលបើក និងងាយស្រួលបិទទៅវិញផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES