ប៊ុនសីហា៖ ពីអ្នកគូរគំនូរ១ផ្ទាំង ៣ពាន់រៀល មកជាអ្នកគូរគំនូរ១ផ្ទាំង៣០០$ គូរឱ្យភ្ញៀវមិនទាន់

អង្គុយម្នាក់ឯង ក្រោមសន្យាបផ្ទះថ្មមួយកន្លែង ក្បែរចង្កានភ្លើង អមដោយសម្លេងតន្រ្តីបុរាណ លើទឹកដីក្រុងអង្គរ លោក រឿម ប៊ុនសីហា បានចាប់ផ្តើមរបរគូរគំនូរទាំងពីរឆ្នាំ២០០៧ មកម្លេះ ដោយប្រើប្រាស់ដែកក្បាលមាន់ ដុតឱ្យក្តៅ គូរលើស្លឹកត្នោតស្ងួត រំលេចចេញជាទេសភាពប្រាសាទអង្គរ រហូតដល់រូបមនុស្សយ៉ាងស្រស់ស្អាត ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកស្រលាញ់គំនូរបែបច្នៃប្រឌិត ទាំងក្នុងនិងក្រៅប្រទេស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីវិចិត្រកររូបនេះ គឺគាត់អាចវិវត្តន៍ខ្លួន ពីអ្នកគូរគំនូរមួយផ្ទាំងតម្លៃ ៣ពាន់រៀល មកជាអ្នកគូរគំនូរមួយផ្ទាំងតម្លៃជាង ៣០០ដុល្លារ ហើយគូរឱ្យភ្ញៀវកុម៉ង់ទិញ មិនចង់ទាន់នោះឡើយ។

ដោយសារតែភាពអស្ចារ្យនៃការច្នៃប្រឌិត និងតិចនិកគូរគំនូរដែលមិនធ្លាប់មានពីមុនមក គំនូររបស់លោក រឿម ប៊ុនសីហា ធ្លាប់ត្រូវបានគេយកទៅដេញថ្លៃ ចាប់ពីតម្លៃប្រមាណ ៧០០ដុល្លារ ឡើងរហូតដល់ប្រមាណជិត ២ម៉ឺនដុល្លារអាមេរិកឯណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ កន្លងទៅ គំនូររបស់វិចិត្រករវ័យជិត ៤០ឆ្នាំរូបនេះ ធ្លាប់យកទៅទ្វាយព្រះមហាក្សត្រខ្មែរ ទតនៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងទទួលបានការសព្វព្រះរាជហឫទ័យជាខ្លាំងថែមទៀតផង។ 

រំលឹកដល់ការរកឃើញវិធីសាស្រ្តគូរគំនូរថ្មីនេះ លោក ប៊ុនសីហា បានរៀបរាប់យ៉ាងដូច្នេះថា “វិធីសាស្រ្តថ្មី ក្នុងការយកកម្តៅភ្លើងធ្យូង មកកំឡោចលើស្លឹកត្នោតឱ្យចេញជារូបគំនូរយ៉ាងរស់រវើកនេះ លោកបានរកឃើញនៅពេលលោកធ្វើជាអ្នករត់តុគុយទាវឱ្យឪពុកមារបស់លោក ក្នុងឆ្នាំ២០០៧ ពោលគឺ នៅពេលដែលលោកប្រមូលសំរាម នៅខាងមុខហាងគុយទាវយកទៅដុត ដែលសំរាមទាំងនោះ ក៏មានលាយស្លឹកត្នោតផងដែរ ដែលធ្វើឱ្យចំហេះនៃសំរាមទាំងនោះ មានក្លិនឆ្ងុយម្យ៉ាង ដែលជាក្លិននៃចំហេះស្លឹកតោ្នត។ 

អតីតជើងឯកលេខមួយប្រចាំខេត្តសៀមរាប លើការគូរគំនូររូបនេះ បានបន្តទៀថា ដោយសារតែហេតុនេះហើយ ទើបធ្វើឱ្យលោកមានការចាប់អារម្មណ៍ និងដោយសារលោកមានទេព្យកោសល្យ ផ្នែកគំនូរស្រាប់ លោកក៏បានសាកល្បង យកដែកទៅដុតឱ្យក្តៅហើយរោលទៅលើស្លឹកត្នោត ដើម្បីឱ្យចេញជារូបគំនូរផ្សេងៗ។ ដោយនៅដំណាក់កាលដំបូង លោកបានបញ្ជាក់ថា វាពិតជាមានការលំបាក និងទាមទាឱ្យមានការអត់ធ្មត់ជាខ្លាំង ដើម្បីអភិវឌ្ឍន៍វិធីសាស្រ្តគូរគំនូរមួយនេះ ឱ្យមានភាពរលូនដូចការយកជក់ ឬខ្មៅដៃគូរនៅលើក្រដាស ដែលលោកត្រូវប្រើពេលវេលាជាច្រើនឆ្នាំ ទើបមានភាពស្ទាត់ជំនាញដូចសព្វថ្ងៃនេះ។

គួរជម្រាបថា នាពេលបច្ចុប្បន្ននេះ វិចិត្រករដែលធ្លាប់ទទួលបានវិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្មការពារកម្មសិទ្ធបញ្ញា ពីក្រសួងឧស្សាកម្ម និងសិប្បកម្មខាងលើនេះ កំពុងបណ្តុះបណ្តាលមិត្តរបស់ខ្លួនម្នាក់ទៀត ទៅលើវិធីសាស្រ្តគូរគំនូររបៀបថ្មី ដែលគាត់ឱ្យឈ្មោះថា “គំនូរកំឡោច លើ​ស្លឹកត្នោត” ហើយលោកក៏មានបំណងចង់ពង្រីកការបណ្តុះបណ្តាលវិធីសាស្រ្តគូរគំនូរមួយនេះ ទៅកាន់យុវជនខ្មែរជំនាន់ក្រោយឱ្យកាន់តែច្រើនផងដែរ ដើម្បីថែរក្សានូវសិល្បះគូរគំនូរច្នៃប្រឌិតថ្មីនេះ ឱ្យបានយូរអង្វែង ៕ 

អត្ថបទដោយ៖ LeEmon

USNews Logo
Online

RELATED ARTICLES