មើលគន្លឹះនេះសិន បើមិនចង់ហែកលុយចោលទទេៗក្នុងការជួល Brand Ambassador តំណាងប្រេនរបស់អ្នក

ផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សារដ៏មានប្រសិទ្ធិភាពគឺការជ្រើសរើសបុគ្គលណាម្នាក់ដើម្បីផ្សព្វផ្សាយឃោសនាផលិតផល ដែលគេតែងហៅតៗគ្នាថា Brand Ambassador ។ បើយើងសង្កេតមើលក្រុមហ៊ុនធំៗជាច្រើន ក្នុងការឃោសនាតែងមានការប្រយ័ត្នប្រយែងក្នុងការរើស Brand Ambassador នេះ ព្រោះម្យ៉ាងគឺវាមានតំលៃថ្លៃក្នុងការជួល និងម៉្យាង Brand Ambassador ជាតំណាងមុខមាត់របស់ប្រេនផ្ទាល់តែម្ដង ។ ការជ្រើសរើស Brand Ambassador ដែលត្រូវ នឹងជួយបង្កើនប្រជាប្រិយភាព ប្តូររូបភាពដែលអតិថិជនសំលឹងទៅប្រេនរបស់អ្នក ពិសេសគឺជួយអោយការលក់របស់អ្នកកើនឡើងផងដែរ ។ ថ្ងៃនេះ Business Cambodia សូមធ្វើការបង្ហាញវិធីសាស្រ្តសំខាន់ៗក្នុងការជ្រើសរើស Brand Ambassador អោយមានប្រសិទ្ធិភាព ។

១. ជ្រើសរើស Brand Ambassador ដែលតំណាងអោយអតិថិជនគោលដៅរបស់អ្នក

អ្នកត្រូវចងចាំថា Brand Ambassador ជាអ្នកតំណាងអោយផលិតផលរបស់អ្នក ហើយក៏ជាអ្នកតំណាងអោយអតិថិជនគោលដៅរបស់អ្នកផងដែរ ពោលគឺរើសមនុស្សដែលអាចប៉ះដល់អារម្មណ៍និងតំរូវការអតិថិជនគោលដៅរបស់អ្នក ។ ឧទាហរណ៍បើសិនឡេលាបមុខរបស់អ្នក ផ្សំឡើងជាពិសេសសំរាប់ស្រ្តីវ័យចំណាស់ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ អ្នកគួរជ្រើសរើស Brand Ambassador ដែលមានវ័យចំណាស់ ដើម្បីផ្ញើសារទៅអតិថិជនថា បើសិនអ្នកជាម្នាក់ដែលជួបបញ្ហាដូចស្ត្រីម្នាក់នេះ ហើយចង់ស្អាតដូចគាត់ ឡេលាបមុខនេះគឺសំរាប់អ្នកហើយ ឬឧទាហរណ៍មួយទៀត ផលិតផលប៉ូវកំលាំង តែងយកកីឡាអ្នកតស៊ូមកធ្វើជា Brand Ambassador ជាដើម ។

២. ជ្រើសរើស Brand Ambassador ដែលជាទីស្រលាញ់និងទុកចិត្តពីអតិថិជន

អ្នកប្រហែលជាធ្លាប់លឺពាក្យភាសាយុវវ័យថា Idol គាត់ជាម្នាក់ដែលទទួលបានការស្រលាញ់ និងការទុកចិត្តពីទស្សនិកជនរបស់គាត់ ។ តាមចិត្តវិទ្យា នៅពេលអ្នកស្រលាញ់និងងប់នឹងនរណាម្នាក់ គេធ្វើអ្វីក៏ល្អ គេធ្វើអ្វីក៏ស្អាត គេធ្វើអ្វីក៏ត្រូវដែរ មែនអត់? ដូចគ្នានៅពេល Idol របស់អ្នកណែនាំផលិតផលអ្វី អ្នកច្បាស់ជាមានអារម្មណ៍វិជ្ជមានចំពោះប្រេននោះ ហើយចង់ទិញយកមកប្រើប្រាស់ដូចគាត់ដែរ ។

៣. ជ្រើសរើស Brand Ambassador ដែលមានប្រវត្តិល្អអាចឈរជើងមាំដល់អនាគត

នេះជារឿងមួយដែលសំខាន់ផងដែរ Brand Ambassador ខ្លះល្បីបានតែមួយភ្លែត រួចក៏បាត់ឈ្មោះទៅវិញ ។ ក្រុមហ៊ុនខ្លះបានចំណាយលុយរាប់លានដុល្លាដើម្បីជួលតារាណាម្នាក់មកធ្វើជា Brand Ambassador អោយប្រេនរបស់ខ្លួន ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែមានរឿងអាស្រូវ ធ្វើអោយប្រជាជនស្អប់ រិះគន់ ហើយចង់មិនចង់គឺក្រុមហ៊ុនត្រូវបញ្ចប់កុងត្រាជាមួយគាត់ ព្រោះដើម្បីកុំអោយប៉ះពាល់ដល់រូបភាពរបស់ប្រេន ។ ដូច្នេះមុននឹងសំរេចចិត្តជួលនរណាម្នាក់ធ្វើជា Brand Ambassador ត្រូវស៊ើបសួរមកប្រវត្តិលំអិតអោយលំអិតសិន ។

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES