សៀវភៅ “កូនសោជីវិត” អានចប់បានប្រយោជន៍អ្វីមកវិញ?

សៀវភៅថ្មី “កូនសោជីវិត” ដែលខ្ញុំបានចំណាយពេលជាច្រើនខែសរសេរពីដើមរហូតដល់ចប់ និងទើបតែបានបោះផ្សាយលក់ជាសាធារណៈកាលពីចុងខែ៦ គឺជាសៀវភៅដែលទទួលបានការគាំទ្រ និងពាក្យអរគុណមកជាហូរហែពីប្រិយមិត្តអ្នកអាន។​

នេះជាសៀវភៅថ្មីមួយផ្សេងទៀតរបស់ខ្ញុំដែលដកស្រង់ចេញពីជីវិតពិត ទិដ្ឋភាពសង្គមពិតជាក់ស្តែងជាមួយនឹងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ និងមនុស្សជោគជ័យបុគ្គលល្បីតូចធំចម្រុះផ្សេងទៀត ដើម្បីបំផុសបរិបទនៃការរស់នៅត្រូវដល់ប្រជាជនកម្ពុជា ពិសេសយុវជនជំនាន់ថ្មីកម្ពុជា។

ខ្ញុំតែងមានអារម្មណ៍សោកស្តាយខ្លាំងចំពោះយុវជនបច្ចុប្បន្ន ដែលភាគច្រើនមានវ័យជាង២០ឆ្នាំទៅហើយ ប៉ុន្តែនៅមិនទាន់ដឹងថាខ្លួនឯងរស់នៅដើម្បីអ្វី ដើរដល់ណាហើយ កំពុងធ្វើអ្វី ខុសឬក៏ត្រូវ គោលដៅជីវិតពិតប្រាកដជាអ្វី ហើយអនាគតរបស់ខ្លួនដើរពីឥឡូវនឹងទៅជាបែបណានាពេលអនាគត ខណៈពេលដែលប្រទេសដ៏តូចរបស់យើងកំពុងខ្វះខាតធនធានមនុស្សស្ទើរគ្រប់វិស័យ។

ងាកទៅមើលអ្នករកស៊ី និងអ្នកវិនិយោគវិញជាមនុស្សដែលមានលុយ តែមនុស្សមួយចំនួនធំមិនមានចិត្តទេ ហើយខ្លះទៀតកំពុងតែធុញថប់ (ស្ត្រេស) ខ្លាំង រវល់ខ្លាំងចំពោះជីវិតរកលុយជាជាងជីវិតរស់សុខ សប្បាយចិត្ត ដេកលង់លក់ស្ងប់ចិត្ត។ ចំណែកឯអ្នកធ្វើការវិញ កំពុងតែសប្បាយចិត្តភ្លេចខ្លួនចូលចិត្តជីវិតបែបសុខស្រួល មិនសូវខ្វាយខ្វល់ពីអនាគតពិតប្រាកដនាពេលខាងមុខប៉ុន្មានឡើយ ជីវិតរស់នៅបង្គ្រប់តែអាយុប៉ុណ្ណោះ។​

ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាសារដាស់តឿនមួយសម្រាប់អ្នកគ្រប់គ្នា ពិសេសយុវជនកម្ពុជាឱ្យឆាប់ដើរចូលមករកផ្លូវភ្លឺស្វាង ឈានជើងបានរហ័ស និងឆាប់រកបានជោគជ័យពិតក្នុងជីវិត ហើយក៏សង្ឃឹមផងដែរថាក្នុងរយៈពេល១០ឆ្នាំទៀត កម្ពុជានឹងមានពោរពេញទៅដោយធនធានមនុស្សខ្លាំងៗគ្រប់វិស័យ បង្ហាញខ្លួននៅលើឆាកអន្តរជាតិក៏ដូចជាមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសជឿនលឿនផ្សេងទៀតដែរ។

ខ្ញុំរីករាយស្វាគមន៍គ្រប់មតិយោបល់រិះគន់ក្នុងន័យកែលម្អ ហើយក៏សប្បាយចិត្តបំផុតប្រសិនបើអ្នករាល់គ្នារៀនបានអ្វីថ្មី ទទួលបានចំណេះដឹងថ្មី បទពិសោធន៍ថ្មី និងការគិតថ្មីៗពីសៀវភៅមួយក្បាលនេះ ពិសេសគឺការចែករំលែកចំណុចល្អៗ ចំណេះដឹងថ្មីៗរបស់អ្នកទាំងអស់គ្នាទៅកាន់មនុស្សជុំវិញខ្លួន ដើម្បីចូលរួមពួតដៃគ្នាកសាងធនធានមនុស្សជំនាន់ថ្មីឱ្យកាន់តែខ្លាំងពួកែជាងមុនសម្រាប់កម្ពុជា៕

“ចេះផ្តោតចេះចាប់ឱកាស ហ៊ានគិតអ្នកនឹងមានឱកាស”

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES