ស្ថាបនិក បងថាមីញាំ ៖ ប្រើទុនរកស៊ីត្រឹម ៣០ដុល្លារ អាចពង្រីកបានបីសាខា មិនដែលខាតម្តង

ការបើកអាជីវកម្មមួយឡើងបាន មិនមែនអាស្រ័យថាត្រូវតែមានដើមទុនតិចឬច្រើននោះទេ តែវាស្ថិតត្រង់ថា តើអ្នកមានចិត្តស្រឡាញ់និងខំប្រឹងខ្លាំងកម្រិតណាជាមួយអាជីវកម្មនោះ ហើយកត្តាសំខាន់ តើអ្នកមានទិកនិកបែបណា ដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នកដើរទៅមុខប្រកបដោយភាពជោគជ័យគ្មានថ្ងៃដួល។ 


ជាក់ស្តែង លោកស្រី ភន សុខា ស្ថាបនិករបស់យីហោល្បីឈ្មោះ “បងថាមីញាំ” លោកស្រីចាប់ផ្តើមចេញរកស៊ីដំបូងៗនៅក្នុងកំឡុងឆ្នាំ ២០០៩ ដោយប្រើទុនត្រឹមតែ ៣០ ដុល្លារប៉ុណ្ណោះ តែមកដល់ពេលនេះលោកស្រីអាចបើកបានបីសាខាធំៗនៅរាជធានីភ្នំពេញ។ស្ថាបនិករូបនេះបានបន្ថែមថា កក្តាសំខាន់ដែលជម្រុញឲ្យលោកស្រីរកស៊ីជោគជ័យដោយចំណាយដើមទុនតិចគឺ ដោយសារការខិតខំប្រឹងប្រែងធ្វើដោយក្តីស្រឡាញ់អស់ពីចិត្ត បូករួមនិងការផ្តោតទៅលើមុខជំនាញតែមួយមុខ ហើយត្រូវចេះឲ្យច្បាស់លាស់ ធ្វើឲ្យឆ្ងាញ់ ប្រកបដោយគុណភាព និងមានអនាម័យ។ ចំណុចពិសេសមួយទៀតនោះគឺ តម្លៃសមរម្យ សូម្បីតែក្មេងៗក៏អាចមានលុយទិញញ៉ាំបានដែរ គោលការចំបងរបស់យីហោនេះ សុខចិត្តចំណេញតិចតែមានភ្ញៀវច្រើន។ 


តាមកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកស្រីបានឲ្យដឹង តាំងពីចេញរកស៊ីមកដល់ពេលនេះ គឺមិនដែលខាតឬជួនបញ្ហាធំអ្វីឡើយ នោះក៏ដោយសារតែរូបលោកស្រីមានទិចនិកគ្រប់គ្រងការចំណាយច្បាស់លាស់និងមានភាពម៉ត់ចត់បំផុតដោយ ដឹងថាពេលណាដែលលោកស្រីគួរចំណាយ និងពេលណាមិនគួរចំណាយ  លើសពីនេះទៅទៀតដោយសារអ្នកស្រីប្រើខ្លួនឯងជាចុងភៅផ្ទាល់តែម្តង ។ ស្ថាបនិករូបនេះបាន សង្កត់ធ្ងន់ថា អាជីវកម្មងាយខាតបំផុតប្រសិនបើមានចុងភៅខ្វះជំនាញនិងមិនសូវយកចិត្តទុកដាក់លើការងារតែម្តង។ កាលណាបើរើសចុងភៅខុសអាចធ្វើឲ្យរសជាតិអាហារអន់ថយ ជាហេតុអាចធ្វើឲ្យបាត់បង់អតិថិជនដែលជាប្រភពចំណូលជាមិនខាន។ 


បច្ចុប្បន្នយីហោល្បីឈ្មោះជិតមួយទសវត្សនេះ មានសាខាស្ថិតនៅ ជិតសាលាបាក់ទូក សាខាទួលគោក និងសាខាដើមដែលស្ថិតនៅផ្សារកណ្តាលផងដែរ។ ហើយនៅដើមឆ្នាំ២០២០ខាងមុខនេះ លោកស្រី ភន សុខា ក៏ត្រៀមបើកលក់ហ្រ្វេនឆាយបន្ថែម ក្រោយមានអ្នកចង់ទាក់ទងទិញសិទ្ធអាជីវកម្មមួយនេះពីលោកស្រីគ្រប់២៥ខេត្ត ក្រុង ៕ 
 

អត្ថបទដោយ៖ សម្បត្តិ សុខឡាង 


 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES