ក្រសួងត្រៀមបង្កើតច្បាប់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំមួយ  ស្ដីពីប្រធានបទ «ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា»។

ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសមិនគាំទ្រចំពោះការផ្សាយពាណិជ្ជកម្មស្រាបៀរ ឬគ្រឿងស្រវឹងជាសាធារណៈ និងបានលើកឡើងនូវវិធានការចំពោះមុខចំនួនពីរ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមកលើសង្គមកម្ពុជា ជាពិសេសយុវជន-យុវនារី ដែលជាសសរទ្រូងនៃប្រទេសជាតិ។

នៅក្នុងនោះដែរឯកឧត្តម បានលើកឡើងពីជំហររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការមិនទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងវិធានការចំនួនពីរដែលក្រសួងត្រៀមអនុវត្តន៍ដូចជា៖

(១) រៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលគ្រឿងស្រវឹង ដើម្បីដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។ 

(២) រៀបចំប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផលទំនិញ និងសេវា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួង។

សូមជម្រាបផងដែរថា បច្ចុប្បន្នគ្រឿងស្រវឹងបាននិងកំពុងធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនមានការពេញនិយមជាខ្លាំង ជាពិសេសពីសំណាក់យុវ័យតែម្ដង។ ហើយគ្រឿងស្រវឹងនេះក៏ជាឫសគល់ដ៏ធំមួយ ដែលបណ្ដាលឲ្យមានគ្រោះថា្នក់ចរាចរណ៍ផងដែរ៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

USNews Logo

RELATED ARTICLES