ព្រោះ Apple ទើប Ed Sheeran អាចដើរលេងសៀមរាបបានយ៉ាងរំភើយក៏លុយហូរចូលមួយថ្ងៃ៤០ម៉ឺនដុល្លារ

មិនដល់កន្លះឆ្នាំផង ខេត្តសៀមរាបបានស្វាគមន៍​បុគ្គលល្បីៗ​ជាច្រើនរូបដែលមានដូចជាមហាសេដ្ឋីចិន Jack Ma តារាកំប្លែកហុងកុង Eric Tsang ហើយពេលថ្មីៗនេះ​កំពូលតារាចម្រៀង​អាមេរិកាំងលោក Ed Sheeran ថែមទៀត​ផង។

ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹង​ហើយ ម្ចាស់បទ “Shape of You” រូបនេះមានប្រវត្តិតស៊ូមិនធម្មតា​នោះទេ ដោយដំបូង​ឡើយ​ព្រោះតែស្រឡាញ់ចម្រៀង​ពេក​គាត់បានបោះបង់​ការសិក្សារចោល ហើយត្រូវ​បង្ខំចិត្ត​ច្រៀង​តាមផ្លូវ​ដើម្បីយកកម្រៃបន្តិចបន្តួចចញ្ចឹមជីវិត។

កាលពីឆ្នាំ ២០០៩​ឱ្យតែផ្លូវ​ណាមានមនុស្សលោក Ed Sheeran នឹង​ចេញទៅច្រៀង​ហើយ​ កាលណោះលោកចេញ​ទៅច្រៀង​ក្នុង​មួយឆ្នាំ នៅតាមចញ្ចើមថ្នល់មិនក្រោម ៣១២ដង​នោះទេ ប៉ុន្តែ​នៅតែ​មិនទាន់អាច​ក្លាយទៅជាតារាល្បីគេស្គាល់ច្រើនអ្វីនោះទេ សូម្បីតែជីវភាពរបស់គាត់ក៏ផ្គត់ផ្គង់​មិនចង់គ្រាន់ផង។

ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរ​ក្រោយពេលដែលលោកធ្វើការ​ដាក់ចម្រៀង​ដែលគាត់ផលិត​ដោយខ្លួនឯង ទៅលើផ្លេតហ្វមស្ដាប់ចម្រៀង​របស់ Apple គឺ iTune នោះកាលពីឆ្នាំ ២០១១។ ត្រឹមតែមួយយប់ប៉ុណ្ណោះ ចម្រៀង​របស់គាត់បានជាប់លេងរៀង​ទី២​នៅក្នុង​កំពូលតារាង​របស់ iTune ធ្វើឱ្យមនុស្សម្នាកោតសរសើរ​សមត្ថភាពសរសេរចម្រៀង​និង​ទឹក​ដមសំនៀង​របស់គាត់។

គ្រាន់តែ​ល្បីល្បាញលើ iTune ភ្លាម​ វាសនា​របស់យុវជនដែលធ្លាប់តែច្រៀង​នៅតាមថ្នល់ក៏ផ្លាស់ប្ដូរ​ ដោយមានអាល់ប៊ូមចម្រៀង​ជិត ១លានអាល់ប៊ូម​ត្រូវ​បានលក់ដាច់អស់ ចំណូលចាប់ផ្ដើមកើន អស់ពីលេងតន្ត្រីនៅតាមថ្នល់ ពេលនេះគាត់ប្រគុំតន្រ្តីនៅលើឆាកមានអ្នកទស្សនារាប់ម៉ឺននាក់។

បើតាមទស្សនាវដ្តី​ Forbes បានឱ្យដឹងថាសម្រាប់ Ed Sheeran កាលពីឆ្នាំមុនគាត់រកចំណូលបានរហូតដល់ទៅ ១១០លានដុល្លារ​ បើគិត​ជាក្នុង​មួយថ្ងៃវិញគឺមិនក្រោម ៤០ម៉ឺនដុល្លារ​នោះឡើយ ដោយបានមកពីការ​លក់សមត្ថភាពរបស់គាត់ និង​បន្តធ្វើអ្វីដែលគាត់ស្រឡាញ់ខ្លាំង​ដោយមិនបោះបង់ចោល ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាង​ណាក៏ដោយ។

គូសបញ្ជាក់ផងដែរថាផ្លេតហ្វមចម្រៀង​ iTune ផ្ដួចផ្ដើមចេញពីគំនិត​របស់ Steve Jobs ដែលចង់​ឱ្យ កូនស្រីគាត់ Lisa ស្ដាប់ចម្រៀង​ មិនចាំបាច់​ត្រូវ​ទិញឌីសឬកាសែតច្រើន ពោលគឺឧបករណ៍មួយ​អាចស្ដាប់បានចម្រៀង​រាប់លានបទ។

iTune ត្រូវបានបើកទូលាយ​ឱ្យអ្នកមានសមត្ថភាពអាច​បង្ហោះបង្ហើរ​ចម្រៀង​របស់ខ្លួនបាន ដោយមិនចាំបាច់​ត្រូវ​ឆ្លង​កាត់ផលិត​កម្ម​អ្វីនោះទេ។ សម្រាប់នៅស្រុក​យើង​វិញ​និន្នាការនៃផ្លេតហ្វមស្ដាប់ចម្រៀង​នៅលើអនឡាញក៏កំពុង​កើត​មានដែរ ដោយយើង​សង្កេត​ឃើញមាន App ស្ដាប់ចម្រៀងរបស់ Smart គឺ Pleng នោះ ដែលអ្នកមានសមត្ថភាពពិត ឬតារាចម្រៀង​អាច​បង្កើនប្រាក់ចំណូលរបស់ពួកគាត់បាន៕

អត្ថបទដោយ៖ ខុន សក្ក័ដា

USNews Logo

RELATED ARTICLES