វត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខណ្ឌសែនសុខ

រាជធានីភ្នំពេញ ៖  ខណ្ឌសែនសុខ នៅពេលបច្ចុប្បន្ននេះបានក្លាយជាតំបន់ដែលមានប្រជាប្រិយភាពលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើនប្រជាសាស្ត្របានចូលទៅរស់នៅកាន់តែច្រើន រួមជាមួយនឹងវត្តមាននៃផ្សារទំនើបនានាផងដែរ។ បន្ថែមពីនេះ នៅត្រឹមដើមឆ្នាំ២០២០ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងចាប់ដំណើរការ ដែលកាន់តែជួយជំរុញឱ្យតំបន់ភាគខាងជើងរាជធានីភ្នំពេញមួយនេះកាន់តែមានសក្ដានុពលខ្លាំងថែមទៀត។

ជាមួយនឹងការរីកចម្រើន និងកំនើននៃលំហូរប្រជាជន ចូលមកកាន់រាជធានីភ្នំពេញកើនឡើងជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំនេះ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន ដែលមានបុរី និងខុនដូជាច្រើនបាន និងកំពុងសាងសង់នៅតំបន់នេះ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា B2B Park មានទីតាំងស្ថិតនៅបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងចាប់ផ្តើមដំណើរការដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ 

លោក ព្រឿង វិបុល ប្រធានផ្នែកជួលទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលគ្រោងនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះបានបង្ហើបឱ្យដឹងថា គម្រោងមួយនេះត្រូវបានវិនិយោគដោយអ្នកជំនួញក្នុងស្រុកសុទ្ធសាធ និងផ្តោតសំខាន់ទៅលើអតិថិជនកម្រិតធម្យម។ លោកបានបន្តឱ្យដឹងទៀតថា ជាមួយនឹងកិច្ចចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌល B2B Park ដែលស្ថិតនៅលើផ្ទៃដីទំហំជាង ២៣០០០ ម៉ែត្រការ៉េ ត្រូវបានបែងចែកជាផ្នែកផ្សេងៗពីគ្នាច្រើន ដើម្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់អតិជន រួមមានដូចជាជាន់សម្រាប់លក់ទំនិញ និងផលិតផលប្រើប្រាស់ទូទៅ ជាន់លក់សម្ភារៈ និងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច ជាន់សម្រាប់ពិព័រណ៍ផលិតផល ជាន់សម្រាប់ជួលជាការិយាល័យ  ជាន់លក់ម្ហូបអាហារ និងភេសជ្ជៈចំរុះ និងជាន់ Sky Bar។ បន្ថែមពីនេះ នៅមានការរោងកុន កន្លែងអង្គុយលំហែរកាយ និហងទេសចរណ៍កម្សាន្ត ជាមួយនឹងសួនច្បារដ៏ស្រស់ស្អាតយ៉ាងធំទូលាយ។ ជាមួយនឹងការត្រៀមខ្លួនចាប់ដំណើរការនៅពេលខាងមុខនេះ លោកបានបង្ហាញពីភាពជឿជាក់ថា នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនជាក់ជាមិនខាន ដោយសារតែចំណែកទីផ្សារដែលស្ថិតនៅក្នុងគោលដៅរបស់មជ្ឈមណ្ឌល B2B Park មិនបានប្រកួតប្រជែងជាមួយបណ្តាផ្សារទំនើបដែលមានស្រាប់នោះទេ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានថ្លែងថា នៅតំបន់ខាងលើនេះ មានភាពទាក់ទាញខ្លាំង និងមានតម្រូវការបញ្ជាទិញខ្ពស់។ លោកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះ បើទោះជាមានផ្សារទំនើបច្រើន ក៏ពិតមែន ប៉ុន្តែវានៅតែទាមទារឱ្យមានផ្សារទំនើបបន្ថែមទៀត ដែលមានការផ្គត់ផ្គង់ផលិតផលផ្សេងៗគ្នា មិនមែនជាការប្រកួតប្រជែង។

លោកស្រីបានបញ្ជាក់ថា “នៅក្នុងខណ្ឌសែនសុខនាពេលបច្ចុប្បន្ននេះ ចំនួនផ្សារទំនើបនៅមិនទាន់លើសតម្រូវការនោះទេ ហើយកម្លាំងនៃការបញ្ជារទិញនៅតែបន្តមានកំណើន”៕

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES