ចាប់ខ្លួនជនជាតិចិន ៣ នាក់ជាមួយទឹកប្រាក់ ៩០ ម៉ឺនដុល្លារនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ

កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមន្ដ្រីគយ និងកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានសហការគ្នា ធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៣ នាក់ពាក់ព័ន្ធនឹងការនាំចូលលុយគ្មានប្រភពចំនួន​ ៩០ ម៉ឺនដុល្លារអាមេរិកចូលមកប្រទេសកម្ពុជា។

តាមការឲ្យដឹងរបស់មន្ដ្រីការិយាល័យគយព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ជនសង្ស័យទាំង ៣ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមាន

ទី១ ៖ ឈ្មោះ Yang Yongwei ភេទ ប្រុស អាយុ ២៦ ឆ្នាំ

ទី២ ៖ ឈ្មោះ Huang Canming ភេទ ប្រុស អាយុ២៧ ឆ្នាំ 

ដែលពួកគេទាំងពីរនាក់នេះជាអ្នកនាំយកទឹកប្រាក់ខាងលើ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា តាមជើងយន្ដហោះលេខ LQ971។

ទី៣៖ ឈ្មោះ Zizheng Zheng ភេទ ប្រុស អាយុ៣២ឆ្នាំ គឺជាអ្នកមកចាំទទួលនៅរាជធានីភ្នំពេញ។

ការសម្រេចចាប់ខ្លួនជនទាំងបីខាងលើ គឺដោយសារពិនិត្យឃើញថាក្រដាសប្រាក់ចំនួន ៩០ ម៉ឺនដុល្លារអាមេរិកនេះ អ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះទេ។ ហើយការនាំចូលនេះមានទំហំច្រើន មិនមានប្រភព និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង។

សូមជម្រាបថា​​ ត្រឹមរយៈពេល ៣ ថ្ងៃកន្លងមកនេះ មន្រ្ដីគយបានបង្ក្រាបបទល្មើសលួចនាំចូលលុយគ្មានប្រភពនេះបានចំនួន ២ ករណីហើយ ដោយកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅ មន្ដ្រីគយបានបង្កា្របករណី​ដូចគា្នខាងលើនេះ នៅប្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាប ដោយបានចាប់ខ្លួនជនជាតិកូរ៉េចំនួន ២នាក់ និងបានរឹបអូសទឹកប្រាក់ជាង២លានដុល្លារអាមេរិក តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

USNews Logo

RELATED ARTICLES