មេ Apple ថា ចង់ចាប់អាជីពជាអ្នកសរសេរកូដ មិនប្រាកដថាទាល់តែរៀនបរិញ្ញាបត្រ ៤ ឆ្នាំទេ

រៀន ៤ ឆ្នាំឬមិន ៤ ឆ្នាំ មិនមែនជារឿងធំដែលអ្នកត្រូវបារម្ភទេ សំខាន់គុណភាពចំណេះដឹងរបស់អ្នកមានប៉ុណ្ណា មិនប្រាកដថារៀនបរិញ្ញបត្រ ៤ ឆ្នាំអាចឲ្យអ្នកក្លាយជាអ្នកសរសេរកូដពូកែទេ នេះបើតាមការលើកឡើងរបស់លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ។

ក្នុង​ឱកាសទៅមើល Apple Store នៅរដ្ឋ Florida និងជួបជាមួយក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ឈ្មោះ Liam Rosenfeld ជាអ្នកសរសេរកូដវ័យក្មេងបានឈ្នះការប្រកួតប្រជែងដើម្បចូលរួមកម្មវិធីប្រចាំឆ្នាំរបស់ Apple ហៅថា WWDC នាខែក្រោយនេះ លោក Cook លើកឡើងថា “ខ្ញុំមិនគិតថារៀនបរិញ្ញាបត្រ ៤ ឆ្នាំ សុទ្ធតែមានប្រយោជន៍ចំពោះជំនាញសរសេរកូដទេ ខ្ញុំគិតថាធ្វើអញ្ចឹងវាហាក់ដូចជាបុរាណពេកហើយ” “អ្វីដែលយើងត្រូវផ្លាស់ប្តូរនោះគឺក្មេងៗគួររៀនសរសេរកូដតាំងពីនៅថ្នាក់តូចៗម្លេះ ហើយចាប់ផ្តើមរៀនដោះស្រាយបញ្ហាលំបាកៗនៅថ្នាក់វិទ្យាល័យ ជាក់ស្តែងដូចក្មេងប្រុស Liam អញ្ចឹងដែរ ពេលនេះគាត់អាចបង្កើត App មួយដាក់ចូលទៅក្នុង App Store” ។

ជាមួយគ្នានេះលោក Cook ក៏បានបង្ហើបថា នៅក្នុងអាជីវកម្មជំនាន់ក្រោយៗនេះ គេនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា Machine learning និង AR ជាដើម ។ “ក្រុមហ៊ុនសព្វថ្ងៃនេះហាក់ដូចប្រើបច្ចេកវិទ្យាចាស់ៗដដែលៗ ដូចនេះក្មេងៗដែលធ្វើការផ្នែកបច្ចេកវិទ្យាជំនាន់ក្រោយគួរតែរៀនផ្លាស់ប្តូរវា” ។

លោក Cook បន្ថែមថា កន្លែងធ្វើការសព្វថ្ងៃនេះមិនបានផ្តោតលើអ្វីដែលហៅថាការផ្លាស់ប្តូរទេ គេមិនបានគិតពី Machine Leaning គេមិនបានគិតពី AR ទេ អ្វីដែលក្រុមហ៊ុនសព្វថ្ងៃធ្វើគឺបង្ខំឲ្យបុគ្គលិកអង្គុយនៅតែការិយាល័យ ដូចនេះក្មេងៗដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ ទោះបីពួកគេមានសមត្ថភាពក៏ពិបាកនឹងទទួលបានឱកាសបញ្ចេញសមត្ថភាពដែរ នេះគេមិនហៅថារបៀបធ្វើការងារទំនើបទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដកស្រង់ពីកិច្ចសម្ភាសន៍ ៖ Tech Crunch 

USNews Logo

RELATED ARTICLES