ក្រុមហ៊ុន Amazon ស្ទើរតែត្រូវបិទទ្វានៅឆ្នាំ២០០០ ព្រោះតែពាក្យ៣ម៉ាត់ប៉ុណ្ណោះ

នៅអំឡុងពេលកើតមានវិបត្តិបច្ចេកវិទ្យាអនឡាញឆ្នាំ១៩៩៧​ ដល់ឆ្នាំ២០០០ ក្រុមហ៊ុនរកស៊ីបច្ចេកវិទ្យាអនឡាញជាច្រើនបិទទ្វាបន្តបន្ទាប់គ្នាអស់ជាងពាក់កណ្តាល នៅឡើយតែក្រុមហ៊ុន Amazon, eBay, Alibaba, Softbank, Yahoo, និងGoogleជាដើម ដែលនៅមានជីវិតរស់។

នៅក្នុងបទសម្ភាសន៍មួយកាលពីជាង១០ឆ្នាំមុន មហាសេដ្ឋី Jeff Bezos បានសារភាពពីមូលដ៏ធំដែលធ្វើឲ្យក្រុមហ៊ុន Amazon ប្រឈរមុខនឹងហានីភ័យខ្ពស់ ស្ទើរតែត្រូវបិទទ្វានោះគឺ “ធំលឿនពេក”។ ធំហួសពីអ្វីដែលខ្លួនមាន ទុននៅក្នុងក្រុមហ៊ុនមានតិច តម្លៃទីផ្សារភាគហ៊ុនហក់ឡើងកប់ ការលក់ផ្ទុះខ្លាំង ពង្រីកខ្លួនពង្រីកប្រតិបត្តិការអាជីវកម្មលឿនពេកស្របពេលដែលក្រុមហ៊ុនក៏នៅក្មេងខ្ចីដែលទើបតែបង្កើតមិនទាន់បាន៥ឆ្នាំផង ជាហេតុធ្វើឲ្យនៅពេលមានវិបត្តិបច្ចេកវិទ្យាអនឡាញនេះឡើង ក្រុមហ៊ុននេះស្ទើរតែក្ស័យធនទៅហើយ។

Jeff Bezos សម្រេចចិត្តបោះបង់ការងារប្រាក់ខែខ្ពស់ តួនាទីខ្ពស់ ចេញរកស៊ីខ្លួនឯងជាមួយក្រុមការងារតែពីរបីនាក់ប៉ុណ្ណោះ ដោយទទួលបានទុនវិនិយោគចំនួន៣០ម៉ឺនដុល្លារអាមេរិកពីឪពុកម្តាយរបស់គាត់។​

ក្រោយដំណើរការបានមួយឆ្នាំ គឺនៅឆ្នាំ១៩៩៥ ត្រឹម១ខែប៉ុណ្ណោះ ការលក់សៀវភៅចេញរបស់អាម៉ាហ្សូន អាចរីកមាឌពេញទីផ្សារនៅអាមេរិកគឺលក់ចែកចាយទូទាំង៥២រដ្ឋតែម្តង។​ រហូតដល់ឆ្នាំ ១៩៩៦​ ការលក់របស់អាម៉ាហ្សូនបានកើនដល់ទៅជាង១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ទើបឆ្នាំ១៩៩៧ Jeff Bezos សម្រេចចិត្តបោះលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដោយតម្លៃភាគហ៊ុនបើកទីផ្សារដំបូងមានតម្លៃត្រឹមតែ ២៩.២៥ដុល្លារ ហើនៅឆ្នាំ១៩៩៨ តម្លៃភាគហ៊ុននេះបានកើនឡើងជិត៣ដងឯណោះ។​

នៅឆ្នាំ១៩៩៩ តម្លៃភាគហ៊ុនបានកើនឡើងជាង១១៨ដុល្លារក្នុងមួយភាគហ៊ុន ប៉ុន្តែជាអកុសលវត្តមាននៃវិបត្តិទីផ្សារអនឡាញ(The DotCom Bumble) ធ្វើឲ្យក្រុមហ៊ុនអនឡាញទាំងអស់លែងទទួលបានការជឿជាក់ពីអតិថិជនដោយសារតែមានការលួចបន្លំបាត់លុយដោយជនអនាមឹកតាមអនឡាញ ស្របពេលដែលតម្លៃភាគហ៊ុនក្រុមហ៊ុនអនឡាញទាំងអស់ រីកធំតែហួសពីតម្លៃជាក់ស្តែងនៃទីផ្សារ។ ជាងនេះទៅទៀត គឺការព្រួយបារម្ភរបស់វិនិយោគដែលផ្អើលតាមគ្នា ទិញតាមគ្នា ហើយក៏លក់វិញយ៉ាងទាន់ហន់ដូចគ្នា ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញជាច្រើនបិទទ្វាប្រណាំងគ្នាជាងពាក់កណ្តាល។​

ក្រុមហ៊ុនដែលនៅមានជីវិតរស់ដូចជា Amazon ត្បិតតែមិនដាច់ខ្យល់ស្លាប់ ប៉ុន្តែតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះជាបន្តបន្ទាប់ពី១១៨ដុល្លារមកនៅត្រឹមតែ៥.៩៧ដុល្លារក្នុងមួយភាគហ៊ុនប៉ុណ្ណោះ។ នៅពេលជាមួយគ្នា មហាសេដ្ឋីមានបំផុតរបស់ជប៉ុន Masayoshi Son ក៏ខាតលុយជិត៩០ពាន់លានដុល្លារអាមេរិក ស្ទើរតែក្ស័យធនដូចគ្នាដែរ។​​

នៅអំឡុងពេលជ្រួលច្របល់ Jeff Bezos ពិបាកនឹងគៀងគរទុនវិនិយោគបន្ថែម លោកសម្រេចបន្តបោះជំហានក្នុងអាជីវកម្មដូចធម្មតា ព្រោះលោកមើលឃើញថា តម្លៃភាគហ៊ុនពិតជាធ្លាក់ចុះក៏ពិតមែន ប៉ុន្តែអតិថិជនរបស់លោកនៅតែបន្តកើនឡើង ប្រាក់ចំណូលក៏កើនឡើង ស្របតាមការលក់កើនឡើង ហើយក្រុមការងារក៏សហការគ្នាបានយ៉ាងល្អ អត់មានបញ្ហាចោទឡើយ ដែលមានន័យទីផ្សារ ដើរខុសពីភាពជាក់ស្តែងនូវអ្វីដែលកំពុងតែធ្វើ។ ហេតុនេះ មានតែរងចាំឲ្យទីផ្សារវិលត្រឡប់មករកសមភាពដើមវិញតែប៉ុណ្ណោះ។ ក្រោយវិបត្តិបច្ចេកវិទ្យាអនឡាញបានបញ្ចប់នៅចុងឆ្នាំ២០០២ ភាគហ៊ុនក្រុមហ៊ុនAmazonចាប់ផ្តើមងើបឡើងវិញ ខណៈពេលដែលក្រុមហ៊ុនភាគហ៊ុនដេកស្លាប់អស់ទៅហើយ។

គួរជម្រាបផងដែរថា Amazon.com គឺជាក្រុមហ៊ុនទិញលក់ផលិតផលអនឡាញដ៏ធំជាងគេរបស់អាមេរិក ដែលបានបង្កើតឡើងដោយស្ថាបនិកវ័យ៥៥ឆ្នាំ Jeff Bezos មហាសេដ្ឋីមានជាងគេបំផុតលើលោក មានទ្រព្យជាង១៣៧ពាន់លានដុល្លារអាមេរិក៕

“អាជីវកម្មដែលធំលឿនពេក និងដើរយឺតពេកសុទ្ធតែប្រឈរមុខនឹងការដេកស្លាប់មុនគេ”

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES