នាយកវិទ្យាស្ថានអេស៊ីលីដា បង្ហើបជំនាញពីរដែលមានហាងឆេង ប្រាក់ខែពាន់ដុល្លារ រៀនឆ្នាំទីពីរមានការងារធ្វើ

ស្របពេលដែលវិស័យធនាគារឌីជីថលនៅកម្ពុជាកំពុងរីកចម្រើនខ្លាំង លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាសន៍ថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យាធុរកិច្ច (Biz IT) ជាជំនាញដែលធនាគារនិងស្ថាប័នជាច្រើននៅស្រុកខ្មែរកំពុងប្រជែងគ្នារើសបុគ្គលិក ។

លោកបណ្ឌិត ផុន ណារិន ប្រាប់ Business Cambodia “ សព្វថ្ងៃនេះ មិនមែនតែអេស៊ីលីដាទេ សូម្បីតែធនគារផ្សេងក៏ត្រូវការអ្នកជំនាញ Fintech និង Business IT នេះច្រើនដែរ ជាក់ស្តែងឆ្នាំនេះធនាគារអេស៊ីលីដាបានរើសបុគ្គលិកផ្នែក Fintech ចូលបម្រើការរាប់រយនាក់រួចហើយ “ ។

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ហៅកាត់ថា AIB ទើបតែប្រកាសដាក់ជំនាញពីរនេះចូលក្នុងកម្មវិធីសិក្សានាឆ្នាំ ២០១៩ នេះ ក្នុងគោលដៅធំបំផុតអភិវឌ្ឍន៍ជំនាញ Fintech និង Business សម្រាប់សាធារណៈ និង សម្រាប់អេស៊ីលីដាផ្ទាល់តែម្តង ។

លោកនាយកបញ្ជាក់ថា អ្នករៀនចប់ជំនាញទាំងនេះត្រឹមឆ្នាំទី ២ អេស៊ីលីដានឹងទទួលយកទៅធ្វើការនៅគ្រប់សាខាទូទាំងប្រទេសតែម្តង ចំណែកឯប្រាក់បៀវត្សន៍អាចដល់រាប់ពាន់ដុល្លារឯណោះ ជាពិសេសអ្នកដែលរៀនជំនាញទាំងនេះ ក្រៅតែពីធ្វើការនៅខាងក្រៅ ក៏មានឱកាសក្លាយជាគ្រូបណ្តុះបណ្តាលនៅវិទ្យាស្ថានអេស៊ីលីដាផងដែរ ។

គ្រាន់តែអេស៊ីលីដាតែឯងក៏ត្រូវការបុគ្គលិក Fintech រាប់ពាន់នាក់ដែរ បូករួមទាំងតម្រូវការពីស្ថាប័នផ្សេងៗទៀត បញ្ជាក់ថា Fintech ជាជំនាញថ្មី ដែលកម្ពុជាត្រូវការបំផុតនៅក្នុងសម័យកាលឧស្សាហកម្ម ៤.០ នេះ ។

ជាក់ស្តែង បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានបុគ្គលិកផ្នែក Fintech នេះរហូតដល់​ ១២០០០ នាក់នៅស្រុកខ្មែរ ១០០០ នាក់នៅឡាវ និង ៤០០ នាក់នៅភូមា ទោះបីជាថ្ងៃក្រោយមិនត្រូវការបុគ្គលិកផ្នែក Fintech ច្រើនដល់ថ្នាក់នេះ ប៉ុន្តែយ៉ាងហោចណាស់ក៏អេស៊ីលីដាត្រូវការ រាប់ពាន់នាក់ដែរ នេះបើតាមការអះអាងរបស់លោកបណ្ឌិត ផុន ណារិន ។

បើតាមការអះអាងពី AIB បញ្ជាក់ថា សិស្សដែលរៀបចប់ជំនាញពីរខាងលើនេះអាចចូលបម្រើការងារជា អ្នកប្រឹក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានធុរកិច្ច អ្នករចនា និងបង្កើតគេហទំព័រ អ្នកគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យា គណនេយ្យករ អ្នកវិភាគថវិកា និងហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងធុរកិច្ចជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Adtag for Mobile Grow:-
Online

RELATED ARTICLES