កសិដ្ឋានចិញ្ចឹមបង្គារ តម្លៃលានដុល្លារ និងកសិដ្ឋានចិញ្ចឹមគោខ្នាតយក្សមួយ កំពុងបង្ហាញខ្លួននៅកម្ពុជា

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា កម្ពុជាបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមសត្វជាច្រើន ដែលមានទាំងការបង្កើតដោយប្រជាកសិករនៅក្នុងស្រុក និងមានទាំងការវិយោគចិញ្ចឹមមកពីក្រៅប្រទេសថែមទៀតផង។ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានរបរកសិកម្មជាច្រើនកំពុងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។ ជាក់ស្តែងដូចរបរចិញ្ចឹមបង្គារ និងការចិញ្ចឹមគោយកសាច់ ជាដើម។ 

ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ(ខេមបូឌា) កំពុងធ្វើការចិញ្ចឹមបង្គារនៅក្នុងអាងផ្លាស្ទិច ដែលមានទីតាំងនៅភូមិព្រែក អំបិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ តាមសម្ដីរបស់លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសក្រុមហ៊ុន បានឲ្យដឹងថា របៀបនៅក្នុងការចិញ្ចឹមបង្គារនេះ គឺលោកយកបច្ចេកទេសពីប្រទេសចិនទាំងអស់ ទាំងរបៀបក្នុងការចិញ្ចឹម ផ្តល់ចំណី និងការគ្រប់គ្រងផ្សេងៗ។ ដោយបច្ចុប្បន្ន កសិដ្ឋានមានអាងចិញ្ចឹមចំនួន ៣៤អាង ចិញ្ចឹមរយៈពេល៣ខែ ទើបធ្វើការលក់ចេញទៅកាន់ទីផ្សារ ក្នុងតម្លៃពី ៤ទៅ ៥ពាន់រៀល ក្នុងមួយគីឡូក្រាម។

នៅក្នុងការចិញ្ចឹមបង្គារនេះផងដែរ​ ក្រុមហ៊ុនបានចំណាយដើមទុនជាង ១លានដុល្លារ ដើម្បីធ្វើការអភិវឌ្ឍកសិដ្ឋាន រួមទាំងផ្លូវថ្នល់ផ្សេងៗ។ បច្ចុប្បន្នអាជីវកម្មនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍ទៅលើផ្នែកចិញ្ចឹមតែប៉ុណ្ណោះ។ ហើយនៅដំណាក់កាលបន្ទាប់ក្រុមហ៊ុនមានផែនការពង្រីកការចិញ្ចឹមបន្ថែមបានឱ្យដល់ ៣២​រោង លើផ្ទៃដី៣២ហិចតា ដែលស្ថិតនៅទីតាំងទល់មុខ និងកសិដ្ឋានបច្ចុប្បន្នផ្ទាល់តែម្ដង។

ដោយឡែក កសិដ្ឋានចិញ្ចឹមគោយកសាច់មួយឈ្មោះ Dong Sung Farm របស់លោក​ គីម វ៉ុន គុក មានទីតាំងស្ថិតនៅភូមិចារ ឃុំស្វាយចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងតែមានភាពរីកចម្រើនទៅមុខជាលំដាប់។ ចាប់តាំងពីការបង្កើតកសិដ្ឋានមួយនេះ នៅឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន កសិដ្ឋានមានគោចំនួន ៧០០ក្បាល ដែលភាពច្រើនជាគោ ប្រមូលទិញពីប្រជាកសិករក្នុងស្រុក ដើម្បីយកមកបំប៉នយកសាច់។

លោកគីមបានបន្ថែមថា សព្វថ្ងៃលោកកំពុងរៀបចំសត្តឃាតដ្ឋានមួយ ដែលមានស្តង់ដារអនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់ឲ្យសមស្របទៅតាមអត្តឃាតដ្ឋានស្តងដារអន្តជាតិ។ ហើយនាពេលអនាគត លោកមានផែនការពង្រីកផលិតកម្មការចិញ្ចឹមគោកើនដល់ ៥០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗការបង្កាត់សប្បនិម្មិត និងរួមសហការជាមួយអ្នកចិញ្ចឹមគោក្នុងតំបន់នេះ តាមរយៈកាអនុវត្តផលិតកម្មកសិកម្មកិច្ចសន្យា ៕

អត្តបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES