ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង ប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អិុនវេសម៉ិន

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង​ ឯ.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍​ អិុនវេសម៉ិន​ ឯ.ក  ដែលជាកិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់ទីពីររបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង​ ជាមួយក្រុមហ៊ុនឧបករណ៍និស្សន្ទក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍។ ដោយផ្អែកទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ទំនាក់ទំនងនិងការសហការរវាងក្រុមហ៊ុនទាំងពីរ បានក្លាយជាផ្លូវការ និងត្រូវបានពង្រឹងលើស្ថានភាពការងារ និងយុទ្ធសាស្រ្ត ដោយផ្តោតសំខាន់លើវិសាលភាពនៃការបង្កើនការយល់ដឹងនិងទំនុកទុកចិត្តជាសាធារណៈបន្ថែមទៀតលើការវិនិយោគ ក៏ដូចជាការ​អភិវឌ្ឍគ្រប់ទិដ្ឋភាពទាំងអស់នៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។

ក្រោមសក្ខីភាពរបស់ឯកឧត្តម សុខ​ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ ​លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលនៃ​​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង និងឯកឧត្តម​ Christophe Chheang ​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលអេហ្វអិកស៍​​ អិុនវេសម៉ិន​  បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមនិងប្រកាសកិច្ចសហប្រតិបត្តិការជាផ្លូវការ។

នៅក្នុងសុន្ទរកថារបស់លោកជំទាវ ឆាយ លក្ខិណា លោកជំទាវបានមានប្រសាសន៍ថា៖ “ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេស​មួយ ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង និងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍​ អិុនវេសម៉ិន​  បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងលើភាពជាដៃគូពាណិជ្ជកម្មដែលវានឹងផ្ដល់សារៈប្រយោជន៍ជាច្រើនសម្រាប់វិនិយោគិន។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន

ហ្គោលអេហ្វអិកស៍​ អិុនវេសម៉ិន សម្រាប់ការចូលរួមជាមួយពូកយើង។ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍​ អិុនវេសម៉ិន​  គឺជាក្រុមហ៊ុនដ៏ល្អមួយ ដូច្នេះយើងអាចរួមគ្នាបង្កើត និងផ្ដល់នូវអ្វីដែលល្អបំផុតដល់វិនិយោគិនរបស់យើង ក៏ដូចជាវិស័យហិរញ្ញវត្ថុទាំងមូល។ ខ្ញុំក៏សូមអរគុណដល់

គណៈកម្មការមូលបត្រកម្ពុជា ចំពោះការជួយជ្រោមជ្រែងកន្លងមក។ ក្រោមការត្រួសត្រាយរបស់គណៈកម្មការមូលបត្រកម្ពុជា យើងជឿជាក់ថា ទីផ្សារឧបករណ៍និស្សន្ទកម្ពុជា នឹងបន្តអភិវឌ្ឍតទៅទៀត។ យើងទាំងអស់គ្នា បាននិងកំពុងស្ថិតនៅលើដំណើរដ៏ស្រស់ស្អាតមួយ ហើយយើងនឹងសម្រេចនូវសមិទ្ធិផលថ្មីៗបន្ថែមទៀតនាពេលអនាគត។”

ឯក​ឧត្តម​ Christophe Chheang​ ក៏បានសម្តែងភាពរីករាយរបស់លោកចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ​​ ហើយបានលើកឡើងថា៖ “ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ​សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុនទាំងពីរ ក្នុងនាមក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង ជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខគេ និងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍​ អិុនវេសម៉ិន​ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសានាំមុខ។ យើងរំពឹងខ្ពស់លើការសហការគ្នានេះ ហើយនឹងប្រើប្រាស់អោយបានពេញលេញលើជំនាញឯកទេស និងបទពិសោធន៍របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង សម្រាប់ការលូតលាស់នៃវិស័យនេះ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានកត់សម្គាល់សាមគ្គីភាពនៃដៃគូពិតប្រាកដមួយ។ វា គឺជាពេលវេលាដ៏សាកសម ដូច្នេះយើងត្រូវតែចាប់យកឱកាស ដើម្បីទាញយកនូវអ្វីដែលវិស័យនេះបានផ្ដល់មកឱ្យពួកយើង។”

​កិច្ចព្រមព្រៀងលើភាពជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍​ អិុនវេសម៉ិន អនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង បន្ថែមដៃគូមួយទៀតក្នុងដំណើរឆ្ពោះទៅភាពរុងរឿងនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ស្របជាមួយគ្នានេះដែរ ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អិុចឆេង កាន់តែក្លាយជាបណ្ដុំនៃចំណាប់អារម្មណ៍របស់ស្ថាប័នផ្សេងៗ ជាពិសេសស្ថាប័នឧបករណ៍និស្សន្ទ។​​ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងពង្រីកវិសាលភាពនៃការបង្កើតក្របខណ្ឌថ្មីៗ ដោយផ្តោតលើការរីកចម្រើនសម្រាប់ទាំងអស់គ្នា។

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES