ជម្រើសគំនិតអាជីវកម្មផ្នែកអាហារខ្នាតតូច៧ ចាយដើមទុនតិច ហើយអាចលក់ដាច់ខ្លាំងនៅទីក្រុង

របរលក់អាហារខ្មែរអាចមានសក្តានុពលច្រើនណាស់បើមានអ្នករកស៊ីខ្នាតតូចចាប់ផ្តើម និងចេះច្នៃបន្ថែមទាក់ទាញអ្នកញាំ ឫបង្កើតជាហ្វ្រេនឆាយជាដើម។ ថ្ងៃនេះ Business Cambodia នឹងបង្ហាញពីរបរលក់អាហារតាមផ្លូវទាំង៥ដែលអាចចេញលក់ហ្រ្វេនឆាយបានដោយចាប់ផ្តើមពីដើមទុនតិច និងមានសក្តានុពលទីផ្សារធំទូលាយទៀតផង៖

១.អាកោខ្ទិះ

យីហោអាកោខ្ទិះល្បីៗនៅក្នុងស្រុកអាចលក់បានខ្ទង់រយដុល្លារក្នុងមួយថ្ងៃឯណោះ សម្រាប់ទីតាំងត្រឹមតែមួយសាខាប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ មានអ្នករកស៊ីរបរនេះបើកជិត១០សាខាដែរប៉ុន្តែមិនដឹងថា តើពេលណាទើបគាត់ចាប់ផ្តើមចេញលក់ហ្រ្វេនឆាយនោះទេ។

២.ស្លាបមាន់ក្រឡុក

យីហោអាជីវកម្មប្រភេទនេះទំនងជាចេញលក់ហ្រ្វេនឆាយនៅឆ្នាំក្រោយ ព្រោះមានសហគ្រិនក្នុងស្រុកយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការផ្លាស់ប្តូររបៀបរកស៊ីថ្មីនេះ។ អាជីវកម្មមួយនេះកំពុងតែទទួលការពេញនិយមខ្លាំង ដែលអាចលក់បានខ្ទង់រយគីឡូឯណោះក្នុងមួយថ្ងៃ ដែលអាចទាញចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ ដោយអាចចាប់ផ្តើមពីទុនជាងមួយពាន់ដុល្លារតែប៉ុណ្ណោះ។

៣.ដូងក្រឡុក និងដូងដុត

របរមួយនេះក៏នឹងជោគជ័យខ្លាំងដែរទាំងបច្ចុប្បន្ន និងទៅអនាគត ដែលបង្អែមបែបធម្មជាតិបែបនេះ​មិនធ្វើឲ្យអ្នកញាំជិនណាយ ឬទ្រលាន់ឡើយ។ គ្រាន់តែថា របរខ្នាតតូចមួយនេះ នៅមិនទាន់ចេញលក់ហ្រ្វេនឆាយនៅឡើយដែរ ដែលទំនងជាត្រូវរង់ចាំមើលយូរទៀត។

៤.មីឆាបាយឆា

ពិសេសពេលយប់ របរខ្នាតតូចមួយនេះហាក់កាក់កបគ្រាន់បើដែរ ដោយមិនចាយដើមទុនច្រើនណាស់ណាដែរទៅលើរទេះ និងសម្ភារៈប្រើប្រាស់។អាជីវកម្មអាហារតាមផ្លូវមួយនេះក៏មានសក្តានុពលគ្រប់គ្រាន់ក្នុងការចេញលក់ហ្រ្វេនឆាយដែរ តែត្រូវរង់ចាំដល់អ្នករកស៊ីក្នុងស្រុកយើងបង្កើនគំនិតច្នៃប្រឌិត និងរកចំណុចទាក់ទាញបន្ថែមឲ្យចេញជាយីហោហ្រ្វេនឆាយក្នុងពេលយប់។

៥.ចេកអាំង

ចេកអាំងក៏ជារបរតាមរទេះដែលទាក់ទាញខ្លាំងគ្រាន់បើដែរ ព្រោះអាហារប្រភេទនេះមានតម្លៃសមរម្យ និងឆ្អែតបានយូរទៀតផង។ ដូចដូងក្រឡុកដែរ ចេកអាំងមិនទ្រលាន់ឡើយ សំខាន់របៀបអាំងដែលមានអនាម័យ និងមានទឹកជ្រលក់រសជាតិឆ្ងាញ់ផងនោះ យីហោហ្រ្វេនឆាយចេកអាំងក៏នឹងលក់ដាច់កាន់តែច្រើនជាងបច្ចុប្បន្នមិនខាន។

៦.ការ៉េមឆា

អាជីវកម្មមួយនេះមិនសូវជាចាំបាច់ត្រូវចាយដើមច្រើនណាស់ណាទេ អាចថាត្រឹមលើស១ពាន់ដុល្លារតិចតួច តែអាចចេញលក់ហ្រ្វេនឆាយបាន ដោយឃើញមានបើកច្រើនកន្លែងមែនទែននៅខេត្តសៀមរាប គ្រាន់តែថា តម្លៃរាងខ្ពស់បន្តិចពោលគឺ សម្រាប់ភ្ញៀវបរទេស ឬភ្ញៀវទេសចរណ៍ប៉ុណ្ណោះ។

៧.លក់ចាខ្វៃ

របរធ្វើចាខ្វៃក៏ចាយទុនតិចដែរ ហើយធ្វើផ្សារក៏ធំគួរសម ខណៈចាខ្វៃជាអាហារពេលព្រឹកដ៏ពេញនិយម ពិសេសអាចយកទៅផ្គួបជាមួយអាហារផ្សេងៗដូចជាបបរ និងបង្អែមមួយចំនួនជាដើម។ ហើយមួយទៀតដើមទុនសម្រាប់ ចាប់ផ្តើមអាជីវកម្មនេះក៏មិនច្រើនណាស់ណាដែរ ត្រឹម១ពាន់ ឬលើស១ពាន់ដុល្លារបន្តិចអាចចាប់ផ្តើមបានហើយ ហើយបើម្ចាស់អាជីវកម្មនោះចេះច្នៃប្រឌិតឲ្យកាន់តែទំនើបទៅទៀតនោះ ចេញលក់ហ្រ្វេនឆាយក៏អាចជារឿងទៅរួចផងដែរ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES