សៅសុភក្រ៖ ធ្វើការឱ្យគេមិនសល់លុយ ងាកមកលក់នំប៉័ង ឥឡូវមានហាងពីរ បុគ្គលិកជាង៣០នាក់

ខុសពីស្រ្តីដទៃដែលមិនសូវមានភាពក្លាហានក្នុងការចេញរកស៊ីដោយខ្លួនឯង អ្នកនាង ណែម សៅសុភក្រ ម្ចាស់យីហោនំប៉័ងសាច់ឆ្ងាញ់ ឬអាចហៅជាភាសាអង់គ្លេសថា Yummy Pork Roll បានសម្រេចចិត្តឈប់ធ្វើការ ងាកមកបើកហាងលក់គុយទាវនៅផ្ទះខ្លួនឯងកាលពីបើកដំបូង រហូតវិវត្តន៍ខ្លួនទៅជាហាងលក់នំប៉័ង ៨រសជាតិ ដែលអាចពង្រីកខ្លួនពីរសាខា និងមានបុគ្គលិកបម្រើការងារប្រមាណជាង ៣០នាក់។ 

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាង ណែម សៅសុភក្រ បានរំលឹកប្រាប់ថា កាលពីមុនអ្នកនាងធ្លាប់ជាបុគ្គលិកបម្រើការងារមួយកន្លែងនៅភ្នំពេញ តែដោយហេតុធ្វើការមិនសូវសល់លុយ អ្នកនាងក៏មានគំនិតចង់ចេញរកស៊ីដោយខ្លួនឯងវិញ ព្រោះយល់ថា ការរកស៊ីដោយខ្លួនឯងអាចមើលឃើញពីប្រាក់ចំណូល និងចំណាយផ្សេងៗ។ មួយវិញទៀត ខ្លួនមានបទពិសោធន៍ធ្វើគុយទាវ និងបាយស្រាប់ពីក្រុមគ្រួសារផង ក៏សម្រេចចិត្តចាប់ផ្តើមអាជីវកម្មនៅក្នុងឆ្នាំ២០១៥ ដោយចំណាយដើមទុនប្រមាណ ៥ពាន់ដុល្លារអាមេរិក។ 

បើតាមការបញ្ជាក់របស់សហគ្រិនស្រី្តរូបនេះ មូលហេតុដែលធ្វើឱ្យគាត់អាចទទួលបានជោគជ័យមកទល់បច្ចុប្បន្ន ក៏ដោយសារតែគាត់យកទុកដាក់ខ្លាំងទៅលើតម្លៃដែលបានដាក់លក់ចេញ និងសេវាកម្មផ្តល់ឱ្យអតិថិជន ពោលគឺជាទូទៅគាត់តែងតែសង្កេតមើលថាតើអតិថិជនពេញចិត្តនឹងសេវកម្មរបស់គាត់ឬអត់ ព្រោះមិនថាតែការរកស៊ីអ្វីនោះទេ កត្តាសំខាន់មិនអាចខ្វះបានគឺសេវាកម្មដែលល្អធ្វើឱ្យអតិថជនសប្បាយចិត្ត។

បន្ថែមពីលើនេះទៀត អ្នកនាង សៅសុភក្រ ក៏បានយកចិត្តទុកដាក់ខ្លាំងផងដែរ ទៅលើរសជាតិនិងអនាម័យល្អបំផុតសម្រាប់អ្នកញ៉ាំ ចង់មានន័យថា ការធ្វើមុខម្ហូបផ្សេងៗគឺធ្វើដោយដៃខ្លួនឯង មិនទិញពីផ្សារមកជាដាច់ខាត ដូចជាប័រ សាច់ជីងច្រាំ និងជ្រក់ជាដើម គឺសុទ្ធតែចម្អិនដោយខ្លួនឯងទាំងអស់ មុននឹងយកមកដាក់លក់ឱ្យអតិថិជន។ 

ម្ចាស់ហាងវ័យ៣៤ឆ្នាំរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ក្រៅពីការយកចិត្តដាក់ខាងលើនោះ អ្វីដែលធ្វើ​ឱ្យហាងនំប៉័ងសាច់ឆ្ងាញ់ទទួលបានជោគជ័យកាន់តែខ្លាំងគឺការល្បីតគ្នា តាមរយៈការរៀបចំកម្មវិធីផ្សេងៗរបស់ហាងនំប៉័ង Yummy Pork Rollព្រោះរាល់ពេលដែលគាត់រៀបចំកម្មវិធីអ្វីមួយឱ្យគេ ទាំងភ្ញៀវតូចភ្ញៀវធំ ការរៀបចំតែងតែរួចរាល់ជាស្រេចមុនកម្មវិធីជានិច្ច ដូច្នេះហើយទើបធ្វើឱ្យភ្ញៀវណែនាំតៗគ្នា និងមានការជាប់ចិត្តជាមួយរសជាតិ និងសេវាកម្មផ្សេងៗរបស់ហាង ៕ 

សូមបញ្ជាក់ថា ហាងនំប៉័ងសាច់ឆ្ងាញ់មានទីតាំងស្ថិតនៅផ្លូវព្រះសីហនុ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា និងសាខាមួយទៀតស្ថិតនៅឈូកមាស ខណ្ឌសែនសុខ។ ហាងនំប៉័ងមួយនេះ មានលក់នំប៉័ងខគោ នំប៉័ងការីសាច់មាន់ ចៃយ៉ណែមនឿង សាច់គោស្លឹកភ្លូ និងសាច់គោងៀត ជាដើម។ ក្រៅពីនេះ ហាងនំប៉័ងក៏មានទទួលធ្វើបាយប្រអបក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗ ផងដែរ ៕

ទំនាក់ទងដោយផ្ទាល់៖ Yummy Pork Roll 

អត្ថបទដោយ៖ សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES