ស្ត្រីតែម្នាក់គត់ដែលជឿជាក់ និងតស៊ូជួយ Mark តាំងពី Facebook មិនទាន់មានរូបរាងច្បាស់លាស់

លោកស្រីវេជ្ជបណ្ឌិត Priscilla Chan ភរិយារបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយម និងធំជាងគេនៅលើពិភពលោក។ លោកស្រីគឺជាមនុស្សស្រីតែម្នាក់គត់ដែលជឿជាក់លើក្តីស្រមៃ និងឆន្ទៈរបស់លោក Mark Zuckerberg និងបានជួយជ្រំជ្រែងលោកតាំងពី Facebook មិនទាន់មានរូបរាងច្បាស់លាស់នៅឡើយ។

Priscilla Chan គឺជាជនជាតិចិនកាត់វៀតណាម និងជាអតីតសិស្សដែលរៀនពូកែម្នាក់ រហូតមានសមត្ថភាពអាចបន្តការសិក្សារបស់ខ្លួននៅឯសាលា Harvard ដែលជាសាលាដ៏ល្បីល្បាញលំដាប់ពិភពលោក ហើយខណៈពេលដែលលោកស្រីនៅជានិស្សិតកំពុងបន្តការសិក្សាក្នុងសាលានេះ លោកស្រីបានជួបជាមួយនឹងលោក Mark Zuckerberg នៅក្នុងពេលដើរស្របគ្នាទៅកាន់បន្ទប់ទឹកក្នុងកម្មវិធីមួយ ក្នុងឆ្នាំ ២០០៣។

ក្រោយការជួបគ្នាជាលើកដំបូងនេះ អ្នកទាំងពីរក៏ចាប់ផ្តើមទាក់ទងគ្នា ហើយការជួបគ្នាជាលើកទីពីរ Mark Zuckerberg បានប្រាប់ទៅ Priscilla Chan ថា៖ រូបគេអាចនឹងត្រូវគេបណ្តេញចេញពីសាលា។ ក្នុងពេលជាមួយគ្នានោះ Priscilla Chan បានគិតថា Mark ប្រហែលជាមនុស្សដែលខ្ចិលច្រអូសក្នុងការងារសាលាហើយមើលទៅ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់ពីមូលហេតុរបស់ Mark រូបនាងក៏ចាប់ផ្តើមផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះ Mark។

រហូតដល់ពេលមួយដែល Mark ប្រាប់នាងថា រូបគេសម្រេចចិត្តឈប់រៀន ដើម្បីដើរតាមក្តីស្រមៃដែលខ្លួនចង់ធ្វើ នាងបានលើកទឹកចិត្តដល់ Mark និងចូលរួមជួយ Mark គ្រប់កិច្ចការងារណាដែលនាងអាចធ្វើបាន ខណៈពេលដែលមិត្តភក្តិផ្សេងទៀតរបស់ Mark មិនបានផ្តល់ការជឿជាក់ដល់រូបគេឡើយ ពិសេសគឺនៅឆ្នាំ ២០០៥ ក្រោយពេលដែលក្រុមហ៊ុនចាប់ផ្តើមចេញជារូបរាងហើយ ប៉ុន្តែមនុស្សគ្រប់គ្នាចាប់ផ្តើមអស់ជំនឿលើ Mark និងបានចាក់ចេញពី Mark លើកលែងតែ​ Priscilla Chan។

ដោយសារតែ Priscilla Chan ជាមនុស្សស្រីតែម្នាក់ដែលតែងតែលើកទឹកចិត្ត ជឿជាក់ និងតែងជួយជ្រំជ្រែង Mark Zuckerberg គ្រប់ពេលវេលា ទើបធ្វើឲ្យលោក Mark ទន់ចិត្តសម្រេចចិត្តជ្រើសរើសយកនាងជាដៃគូរជីវិត ដោយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១២ ខណៈដែលភ្ញៀវដែលបានអញ្ជើញឲ្យចូលរួមមានមិនដល់ ១០០នាក់ផង បើទោះបីជាពេលនោះស្ថាបនិកវ័យក្មេងរូបនេះមានទ្រព្យជាង ១៩ពាន់លានដុល្លារអាមេរិកក៏ដោយ។

ក្នុងពិធីរៀបការនេះ ពួកគេបានប្រារព្វធ្វើយ៉ាងសាមញ្ញបំផុត ដោយរៀបចំឡើងនៅក្នុងភោជនីយដ្ឋានអាហារជប៉ុន និងម៉ិចស៊ិក ដែលពួកគេទាំងពីរចូលចិត្តទៅញ៉ាំខ្លាំងបំផុត។ អាហារចំណាយត្រឹមតែ ៧.៥០ដុល្លារប៉ុណ្ណោះក្នុងមួយនាក់ និងមានបង្អែមដែលមានតម្លៃត្រឹមតែ ៣ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ម្នាក់ៗ៕

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES