ក្រុមហ៊ុនចិននឹងវិនិយោគ២០ពាន់លាន$លើអចលនទ្រព្យ ស្របពេលផ្លូវល្បឿនលឿនផ្តើមសាងសង់

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ប្រទេសចិន គឺPrince Real Estate ដែលកំពុងវិនិយោគអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា គ្រោងបន្ថែមទុនវិនិយោគក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់រយៈពេល១០ឆ្នាំទៅមុខលើវិស័យអចលនទ្រព្យ។ នេះយើងយោងតាមការលើកឡើងរបស់អគ្គនាយកក្រុមហ៊ុនលោកលី មីន។

យោងតាមភ្នាក់ងារសារព័ត៌មានAKP ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យធំជាងគេ​មួយ​នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនឱ្យបាន ២០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈ ពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោង អចលនទ្រព្យ ជាង៤ពាន់លានដុល្លារអាម៉េរិករួចហើយ។

កាវិនិយោគលើទំហំទឹកប្រាក់ដ៏ធំនេះ ស្របពេលដែលគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុទើបចាប់ផ្តើមបើកការដ្ឋានសាងសង់ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិ​រាប់ពាន់​គីឡូ​ម៉ែត្រ ជា​មួយ​របៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀង​​សេដ្ឋកិច្ច​ខាងត្បូង និងរបៀងសេដ្ឋកិច្ច​ឆ្នេរ​ខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជា​ពិសេស ​តភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ទាំង៣ ដែល​នឹង​បម្រើ​ជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទី​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ ជា​កំពង់ផែ ជាព្រលាន​យន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿន​ឆាប់រហ័ស ប្រកប​ដោយ​​​សុវត្ថិភាព និងប្រសិទ្ធ​ភាព​។

សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ​​ រាជរដ្ឋា​ភិបាល​​កម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ​ គឺជាការ​វិនិយោគ​របស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាព​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ​“BOT ហើយក្រុមហ៊ុន ​មិនបាន​ទាមទារ​នូវ​ការ​ធានា​​​​ឥណទាន​ពី​រាជ​រដ្ឋា​​​ភិបាល​កម្ពុជាឡើយ ដោយសារ​ក្រុមហ៊ុន​មានជំនឿ​លើរាជរដ្ឋាភិបាល និងជឿជាក់​លើសុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ ​​​​និងម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាព​​នៅ​កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាក៏​មិនបានផ្តល់​ដីឲ្យក្រុមហ៊ុនធ្វើផ្លូវទេ ផ្ទុយទៅ​វិញ ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា​ឲ្យ​រាជរដ្ឋាភិ​បាល​ដើម្បី​ទិញដីសម្រាប់សាងសង់ផ្លូវ ដោយក្រុមហ៊ុន​សុំមាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ផ្លូវនៅ​ក្នុងរយៈពេល​កំណត់​​ដែលមាន​ចែងនៅក្នុង​កិច្ចព្រមព្រៀងរវាង​ក្រុមហ៊ុន និង​រាជរដ្ឋា
ភិបាលកម្ពុជាប៉ុណ្ណោះ។​​

លោក លី មីន អគ្គនាយកក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល​ជាក្រុមហ៊ុនអន្តរជាតិវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយបានវិនិយោគនៅគម្រោងអចលន​ទ្រព្យធំៗជាច្រើន ជាក់ស្ដែង គម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវព្រះនរោត្តម គម្រោង​ព្រីនស៍ អ៊ីនធើណេតសិនណលផ្លាហ្សានៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងគម្រោងមួយ​ចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម។

ចាប់តាំងពីយើងបានមកវិនិ យោគ នៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុបជាង៤ពាន់លានដុល្លារអាម៉េរិក មកហើយ ហើយយើងនឹងបន្ថែមទុនបន្តទៀត តាមដែលអាចធ្វើបាន”។

អគ្គនាយកក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋ កិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថិរភាពនយោបាយ ក្នុងស្រុក។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឱ្យ​បាន២០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបាន រៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES