Wechat មានអ្វីពិសេសសម្រាប់អ្នកលក់ដូរ បានជាកម្ពុជាស្នើរ Wechat ឲ្យបង្កើតជាភាសាខ្មែរ?

Wechat ជាបណ្តាញសង្គម និងសេវាកម្មផ្ញើសារធំជាងគេនៅប្រទេសចិន បង្កើតឡើងដោយក្រុមហ៊ុន Tencent របស់មហាសេដ្ឋីមានបំផុតនៅចិនលោក Pony Ma ខណៈដែលកាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូមូលនិធិហ្សិនចិន (Shenzhen) នៃសាធារណរដ្ឋប្រជាមានិតចិន ជួយសម្របសម្រួលគម្រោងបង្កើតកម្មវិធីទូរស័ព្ទដៃ WeChat ជាភាសាខ្មែរ ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រសួងចង់បាន​កម្មវិធីទូរស័ព្ទ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្ដល់ឱ្យអ្នកប្រើប្រាស់​ធ្វើការទំនាក់ទំនង​គ្នា​គ្រប់ទីកន្លែង ទូរទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-payment) ដោយប្រើប្រាស់បាកូដ និង​អាចទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ (Fake News) នៅលើ​ប្រព័ន្ធ​អ៊ីនធឺណេត​ថែមទៀត​។

អ្វីជាចំណុចពិសេសរបស់ Wechat ?

១-ភ្ជាប់ទៅ App ជាច្រើន

នៅក្នុងកម្មវិធី Wechat មួយមានកម្មវិធីមានប្រយោជន៍ច្រើនទៀតភ្ជាប់មកជាមួយ ឬហៅថា All-in-One System ។ Wechat បានភ្ជាប់ទៅកាន់ App ខាងក្រៅ ៨៥០០០ ផ្សេងទៀត បង្កើតជាប្រព័ន្ធអេកូមួយសម្រាប់អាជីវកម្ម ខណៈដែល Wechat អនុញ្ញាតឲ្យ App ទាំងនោះធ្វើការអភិវឌ្ឍន៍មុខងារថ្មីៗក្រោមផ្លេតហ្វម Wechat ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលនិងទទួលប្រយោជន៍ច្រើន។

២-មុខងារលើសពីបណ្តាញសង្គម

នៅចិន Wechat ប្រៀបបាននឹងជំនួយការប្រចាំថ្ងៃ ឬ Lifestyle App ក្រៅតែពីប្រើជាបណ្តាញសង្គម និងផ្ញើសារទាក់ទងគ្នា Wechat មានមុខងារមួយកំផ្លេដូចជា ហៅតាក់ស៊ី ទូទាត់លុយអនឡាញ កក់សំបុត្រយន្តហោះ កក់តុនៅភោជណីយដ្ឋាន និងទិញលក់ផ្សារហ៊ុន ដូចនេះអ្នកប្រើ Wechat មិនបាច់ពិបាកទាញយក App ច្រើនមកប្រើប្រាស់ទេ ។

៣-ទូទាត់លុយអនឡាញ

នេះជាមុខងារដែលពេញនិយមជាងគេសម្រាប់ Wechat ដោយសារប្រជាជនចិនសព្វថ្ងៃនេះប្រើតែស្មាតហ្វូនសម្រាប់ទូទាត់លុយប៉ុណ្ណោះ​ ។ អ្នកប្រើប្រាស់អាចភ្ជាប់គណនីធនាគារជាមួយគណនី Wechat ដើម្បីទូទាត់លុយទាំងអនឡាញ និង ស្កេន QR Code នៅតាមហាង ។ លើសពីនេះ Wechat ក៏មានរបាយការណ៍ហិរញ្ញវត្ថុទាក់ទងនឹងចំណូលចំណាយនៅក្នុង App នេះផងដែរ ។

៤-ភ្ជាប់គណនីជាមួយអ្នកអង្គុយជិតគ្នា

នេះជាមុខងារពិសេសមួយដែលបណ្តាញសង្គមផ្សេងគ្មាន ដោយសារ Wechat បានបង្កើតមុខងារមួយឈ្មោះថា Shake អនុញ្ញាតឲ្យអ្នកអាចរកគណនីមនុស្សដែលអង្គុយនៅជិតអ្នកបានដោយគ្រាន់តែ ក្រឡុកទូរស័ព្ទ ។

នៅចិនគេប្រើមុខងារមួយនេះដើម្បីប្រូម៉ូតយីហោទៅកាន់មនុស្សដែលនៅជិតៗ និងស្វែងរកកម្មវិធិឬព្រឹត្តិការណ៍ដែលនៅជិតៗខ្លួន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES