រត់ពីបារាំងមកស្រុកខ្មែរ ធ្វើការរោងចក្រសន្សំលុយរកស៊ីខាត២ ឆ្នាំ តស៊ូដល់ទិញបានក្រុមហ៊ុនឡាវក្នុងដៃ

Meal Temple ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបដំបូងនៅប្រទេសកម្ពុជា​ និងថ្មីៗនេះទើបតែប្រកាសទិញក្រុមហ៊ុនឡាវចូលក្រោមការគ្រប់របស់ Meal Temple Group ក្រុមហ៊ុននេះកើតចេញពីជនជាតិបារាំងម្នាក់ដែលគាត់បានចាប់រកស៊ីនៅស្រុកខ្មែរតាំងពីអាយុ ២៣ ឆ្នាំ ។

លោក Maxime Rosburger ស្ថាបនិកនិងនាយកប្រតិបត្តិ Meal Temple ជាជនជាតិបារាំង ដែលបានប្តូរពីប្រទេសចិនមករស់នៅកម្ពុជា និងបានបម្រើការនៅរោងចក្រផលិតសម្លៀកបំពាក់មួយកន្លែងនៅក្រុងព្រះសីហនុ និងបានសម្រេចចិត្តថាចាប់ផ្តើមអាជីវកម្មដឹកម្ហូបនេះនៅស្រុកខ្មែរកាលពីឆ្នាំ ២០១៣ ។

លោក Maxime ប្រាប់ Business Cambodia ថា បន្ទាប់ធ្វើការជាអ្នកអភិវឌ្ឍន៍ធនធានមនុស្ស ឬ HR នៅរោងចក្របានមួយឆ្នាំ លោកបានសម្រេចចិត្តថាមករស់នៅក្រុងភ្នំពេញ ជាមួយលុយនៅសល់ជាប់ខ្លួនប្រមាណ ៣០០០០ ដុល្លារ ។

លោក Maxime ថា កាលនៅប្រទេសចិនលោកបានឃើញសេវាកម្មកុម្ម៉ងម្ហូបអនឡាញនិងដឹកម្ហូបនេះពេញនិយមខ្លាំងណាស់ គាប់ជួនពេលដែលលោកមករស់នៅស្រុកខ្មែរពិបាកកុម្ម៉ងម្ហូបផង ដោយសារបុគ្គលិកនៅតាមភោជនីយដ្ឋាន ឬហាង មិនសូវចេះនិយាយភាសាអង់គ្លេសទេ ដូចនេះលោកក៏នឹកឃើញគំនិតបង្កើតវេបសាយ Meal Temple នេះឡើង ។

ចាប់ផ្តើមឡើងដំបូងមានតែគ្នា ២-៣ នាក់ប៉ុណ្ណោះ ជាមួយគ្នានេះមុខរបរដឹកជញ្ជូនជំនាន់នោះមិនទាន់មានទីផ្សារនៅឡើយ មួយថ្ងៃមានអ្នកកុម្ម៉ង់ ២-៣ នាក់ ដូចនេះ Meal Temple ត្រូវខាត ២ ឆ្នាំពេញ ចំណែកលោក Maxime ត្រូវចាយលុយ ៣០០០០ ដុល្លារនោះទាំងស្រុងដើម្បីឲ្យថ្លៃបុគ្គលិកនិងចំណាយរស់នៅប្រចាំថ្ងៃ ។

ចាប់ផ្តើម Meal Temple ដំបូងស្ថាបនិក Meal Temple បានធ្វើជាអ្នកដឹកម្ហូបខ្លួនឯងជាង ១ ឆ្នាំដែរ ក្នុងនោះលោក Maxime លើកឡើងថា “ចាប់ផ្តើមអាជីវកម្មថ្មីយើងគួរតែសាកល្បងធ្វើបុគ្គលិកខ្លួនឯងសិន ដើម្បីដឹងថាតើអាជីវកម្មនេះដំណើរការយ៉ាងណាខ្លះ” ។

ជនជាតិបារាំងរូបនេះក៏បានបញ្ជាក់ថា ការចាប់ផ្តើមមុខរបរដឹកជញ្ជូនម្ហូបនេះ លោកបានត្រៀមខ្លួនទុកមុនជាស្រេចថាវានឹងមិនផ្តល់ចំណេញលឿនទេ ប៉ុន្តែវាត្រូវការវិនិយោគលើពេលវេលា ។

ទាក់ទងនឹងមុខរបរដឹកម្ហូបនេះដូចដែរស្ថាបនិក Nham24 បានលើកឡើងស្រដៀងគ្នាថា បើអ្នកចង់ធ្វើអ្នកមានឆាប់កុំរកស៊ីមុខរបរដឹកម្ហូបនេះអី លុះត្រាណាតែអ្នកមានចក្ខុវិស័យវែងឆ្ងាយ បើពុំដូចនោះទេ អ្នកនឹងរត់ចោលទីផ្សារមិនខាន ។

ការចាប់ផ្តើមអាជីវកម្មប្រភេទនេះ អ្នកត្រូវត្រៀមខ្លួនត្រៀមលុយទុកជាស្រេចដើម្បីខាត ជាពិសេសអ្នកត្រូវរៀនសន្សំសំចៃ ដូចជនជាតិបារាំងខាងលើដែលគាត់បានកាត់បន្ថយចំណាយដើម្បីទុកលុយតដង្ហើមអាជីវកម្មគាត់តាមរយៈការជួយផ្ទះល្វែងធ្វើការិយាល័យផង រស់នៅផ្ទាល់ខ្លួនផង ជួលឲ្យគេផង និងកាត់បន្ថយចំណាយសូម្បីតែចេញក្រៅជួបមិត្តភក្តិ ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ Meal Temple មិនត្រឹមតែរកស៊ីនៅទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅឡាវ និងវៀតណាមផងដែរ ចំណែកស្ថាបនិក Meal Temple បញ្ជាក់ថា គាត់ចង់នាំយកផ្លេតហ្វមបង្កើតនៅស្រុកខ្មែរមួយនេះទៅទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

1 មតិ

បញ្ចេញមតិ

RELATED ARTICLES