Phil Knight សហស្ថាបនិក Nike ក្លាយជាសេដ្ឋីពាន់លាន ពីគំនិតដែលមនុស្សជាច្រើនថា ”ឆ្កួតៗ”

Phil Knight សហស្ថាបនិកក្រុមហ៊ុន Nike, Inc. អតីតមហាសេដ្ឋីពាន់លានដុល្លារអាមេរិក លេខរៀងទី១៥ លើពិភពលោក ដែលមានទ្រព្យសរុបប្រមាណ ២៨.១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៥ បានបង្កើតក្រុមហ៊ុនដែលល្បីសុះសាយលើពិភពលោក ពីគំនិតដែលមនុស្សជាច្រើននិយាយថា ”ឆ្កួតៗ”

Phil Knight កើតនៅឆ្នាំ១៩៣៨ ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ក្នុងគ្រួសារដែលមានឪពុកជាមេធាវី ដែលក្រោយមកគាត់ងាកមកធ្វើជាអ្នកកាសែត។ Phil Knight បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មានពីសកលវិទ្យាល័យ Oregon នៅឆ្នាំ១៩៥៩ បន្ទាប់លោកក៏បានចូលបម្រើការងារជាកងទ័ពរយៈពេល១ឆ្នាំ ទើបត្រឡប់ទៅរៀនថ្នាក់អនុបណ្ឌិតនៅឯសាលាពាណិជ្ជកម្ម Stanford (Stanford GSB)។

គំនិតចាប់ផ្តើមរកស៊ីដំបូង Phil Knight កើតមានឡើងនៅអំឡុងឆ្នាំ១៩៦២ ចេញពីការវិភាគងាយៗដែលលោកគិតនាពេលនោះគឺ “តើស្បែងជើងរបស់ជប៉ុន អាចជំនួសតំណែងក្តោបក្តាប់ទីផ្សារស្បែកនៅអាឡឺម៉ង់ដូចទៅនឹងកាមេរ៉ារបស់ជប៉ុនដែលបានវាយដណ្តើមទីផ្សារកាមេរ៉ានៅអាឡឺម៉ងដែរ ឫទេ?” គំនិតដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ធ្វើឲ្យលោកដេកមិនសុខសម្រេចចិត្តហោះផ្សងព្រេងទៅកាន់ប្រទេសជប៉ុន ដើម្បីស្វែងរកឱកាសរកស៊ី ក្រោយពេលដែលលោកបានបញ្ចប់ការសិក្សានៅសាលា Stanford។

នៅក្នុងដំណើរផ្សងព្រេងដ៏វែងឆ្ងាយ Phil Knight បានជួបប្រទេសនឹងផលិតផលស្បែកជើងដ៏លេចធ្លោរមួយឈ្មោះថា Onitsuka Tiger និងបានធ្វើការទំនាក់ទំនងចរចារចង់យកស្បែកជើងទាំងនោះមកលក់នៅក្នុងប្រទេសអាមេរិក ដោយនិយាយប្រាប់គេថាលោកជាអ្នកនាំចូលស្បែកដ៏ធំមួយប្រចាំប្រទេសអាមេរិក និងជាម្ចាស់ក្រុមហ៊ុននាំចូលស្បែកជើងមួយឈ្មោះថា Blue Ribbon Sports ដើម្បីស្នើសុំគេបានជួបជាមួយនឹងស្ថាបនិកក្រុមហ៊ុនស្បែកជើងនេះ ក្នុងក្តីសង្ឃឹមចរចារផ្ទាល់ជាមួយគេ។

ជាមួយនឹងបទពិសោធន៍ដែលមិនមានសោះក្នុងរឿងរកស៊ី និងដើមទុនដ៏ស្តួចស្តើងបំផុត ប៉ុន្តែលោកសម្តែងពីការតាំងចិត្ត និងមហិច្ឆតារបស់ខ្លួនធ្វើឲ្យស្ថាបនិកក្រុមហ៊ុនស្បែកជើងរបស់ជប៉ុនដ៏ល្បីមួយនេះយល់ព្រមសហការ និងព្រមឲ្យ Phil Knight ទទួលទិញនាំចូលទៅកាន់ប្រទេសអាមេរិកផ្តាច់មុខ។

ការចរចារសម្រេចបានជោគជ័យហួសពីការស្មាន Phil Knight បានត្រឡប់មកវិញជាមួយស្បែកជើងម៉ាកល្បីរបស់ជប៉ុនចំនួន១២គូ ដើម្បីយកមកលក់សាកល្បងនៅក្នុងប្រទេសអាមេរិក ជាមួយគ្នាលោកបានទៅជួបលោក Bill Bowerman ដែលជាគ្រូបង្វឹកបាល់ទាត់នៅក្នុងសាលា Oregon  និងជាមនុស្សដែលចូលចិត្តស្បែកជើង (ដែលក្រោយមកក្លាយជាអ្នកជំនាញផ្នែករចនាម៉ូតស្បែកជើងNike) ឲ្យពិនិត្យ និងប្រើសាកល្បងនូវស្បែកជើងកីឡាដែលលោកបានយកមកពីប្រទេសជប៉ុននោះ។ លោកBill Bowerman មានការពេញចិត្តនិងផលិតផលស្បែកជើងនោះជាខ្លាំង និងបានសម្រេចចិត្តសហការចូលហ៊ុនគ្នាជាមួយPhil Knight ម្នាក់ ៥០០ដុល្លារអាមេរិក ដើម្បីធ្វើឲ្យក្រុមហ៊ុនBlue Ribbon Sportsលេចរូបរាងឡើង។

ជាមួយនឹងទុនបន្តិចបន្តួចនេះ ពួកគាត់ទាំងពីរបាននាំចូលស្បែកជើងពីជប៉ុនចំនួន៣០០គូ ដោយថ្លៃដើមក្នុងមួយគូមានតម្លៃ៣.៣៣ដុល្លារអាមេរិក និងយកមកលក់នៅលើទីផ្សារក្នុងប្រទេសអាមេរិកក្នុងតម្លៃ៦.១៥ដុល្លារក្នុងមួយគូ ខណៈកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុនមានតម្លៃថោក ធ្វើឲ្យផលិតស្បែកជើងនៅក្នុងរោងចក្រប្រទេសជប៉ុនថោកជាងនៅក្នុងប្រទេសអាឡឺម៉ង់ ដែលនាំឲ្យទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ធ្វើឲ្យការលក់ពីមួយឡាន ទៅមួយឡានក្លាយជារឿងងាយស្រួល និងរកចំណូលបានយ៉ាងច្រើន។

នៅឆ្នាំ១៩៦៦ Phil Knight សម្រេចការលក់ស្បែកជើងជប៉ុនម៉ាក់ Tiger បានរហូតដល់ទៅជាង១លានគូឯណោះ ធ្វើឲ្យប្រាក់ចំណូលកើនឡើងហួសពីការរំពឹងទុក ហើយការលក់នេះចេះបន្តកើនឡើងជាបន្តបន្ទាប់ ក្រោយពេលដែលពួកគេបានស្នើឲ្យដៃគូកែសម្រួលការរចនាម៉ូតស្បែកជើងទៅតាមតម្រូវការទីផ្សារ។

ដោយមើលឃើញពីឱកាសកាន់តែធំ Phil Knight ក៏បង្កើនការលក់របស់ខ្លួនមួយទ្វេជាពីរ ប៉ុន្តែបញ្ហាក៏ចាប់ផ្តើមមកដល់ ដោយខាងធនាគារចាប់ផ្តើមស្ទាក់ស្ទើរក្នុងការឲ្យប្រាក់កម្ចី ហើយមានធនាគារចំនួនពីរ បានបិទមិនឲ្យលោកខ្ចីប្រាក់ និងបានចាត់ទុកលោកជាអតិថិជនធម្មតាវិញ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងនាំចូលផលិតផ្តាច់មុខពីប្រទេសជប៉ុនក៏ត្រូវបានបញ្ចប់ ជាហេតុធ្វើឲ្យលោក និងដៃគូ ជាមួយនឹងបុគ្គលិកប្រមាណ ៤៥នាក់ ត្រូវស្វែងរករោងចក្រផលិតស្បែកជើងផ្សេងទៀត និងត្រូវប្តូរឈ្មោះក្រុមហ៊ុនសារជាថ្មីផងដែរនៅអំឡុងឆ្នាំ១៩៧១។

ផ្តើមបង្កើតយីហោក្រុមហ៊ុនសារជាថ្មី Phil Knight ចង់ដាក់ឈ្មោះក្រុមហ៊ុនថា “Dimension Six” ប៉ុន្តែមានបុគ្គលិកម្នាក់ឈ្មោះ Jeff Johnson បានលើកយកឈ្មោះ Nike ដែលស្តាប់ទៅហាក់ពិរោះជាង ទើបលោកសម្រេចចិត្តយកឈ្មោះនេះមកប្រើតែម្តង។

នៅកំឡុងឆ្នាំ ១៩៨០ ក្រុមហ៊ុន Nike ក៏ចាប់កំណើតឡើងជាមួយនឹងគំនិតច្នៃប្រឌិតបែបថ្មី ពីការផលិតតែស្បែកជើងកីឡា មកជាការច្នៃម៉ូតស្បែកជើងសម្រាប់អ្នកធ្វើដំណើរទូទៅ ជាមួយនឹងផលិតកីឡាមួយចំនួនផ្សេងទៀត។

Phil Knight បានមានប្រសាសន៍ថា៖ ខ្ញុំមើលឃើញថា ការផលិតតែស្បែកជើងកីឡា សម្រាប់តែអ្នកអត្តពលិក គឺជារឿងដែលមិនសមស្រប ព្រោះវាមានការប្រកួតប្រជែងខ្លាំង ហើយធ្វើឲ្យយើងពិបាករកផលចំណេញណាស់ ស្របពេលដែលមនុស្សជាច្រើនផ្សេងទៀត ដែលមិនមែនជាអ្នកអត្តពលិក ក៏ចង់ប្រើស្បែកជើងម៉ាកល្បីបែបនេះដែរ។

ក្នុងរយៈពេលដ៏ខ្លីនៃការចាប់កំណើតឡើងវិញ បានធ្វើឲ្យក្រុមហ៊ុននេះរកចំណូលបានច្រើនជាងការរំពឹងទុក ហើយប្រាក់ចំណូលទៀតសោត ក៏កើនឡើងទ្វេដងជារៀងឆ្នាំ ជាហេតុធ្វើឲ្យក្រុមហ៊ុននេះ រីកធំជាលំដាប់ និងមានសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងយីហោម៉ាកល្បីផ្សេងទៀតដូចជា Adidas ជាដើម។

គួរជម្រាបផងដែរ  លោក Phil Knight ត្រូវបានគេចាប់ទុកថា ជាបុគ្គលដែលបានបរិច្ចាកទ្រព្យយ៉ាងច្រើនលើសលុប និងមានទ្រព្យសរុបប្រមាណ ២៤.៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Forbes ក្នុងឆ្នាំ ២០១៧៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN 

[email protected]

0 មតិ

បញ្ចេញមតិ

RELATED ARTICLES