មកដឹងមូលហេតុធំមួយ ដែលអ្នករកស៊ី មិនហ៊ានទិញផ្ទះបង់រំលស់ តែអ្នកធ្វើកាហ៊ាន!

និយាយពីការទិញផ្ទះ ប្រជាជនភាគច្រើនមិនងាយលុយទៅទិញទាំងដុលនោះ ហើយមនុស្សមួយចំនួនរកលុយស្ទើរតែមួយជីវិតក៏មិនទាន់មានលុយទិញផ្ទះបានដែរ។ ដូច្នេះដើម្បីទទួលបានផ្ទះមួយសមរម្យដើម្បីជាជម្រករស់នៅ​ ប្រជាជនមួយចំនួន ជាពិសេស ប្រជាជនរស់នៅទីក្រុងត្រូវពឹងលើការខ្ចីលុយពីធនាគារក្នុងការបង់រំលស់ទិញផ្ទះ។

ពាក់ព័ន្ធនឹងការទិញផ្ទះបង់រំលស់នេះដែរ ម្ចាស់អាជីវកម្មមួយចំនួន ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូចតែម្ដង គឺពួកគាត់មិននឹកងារ ហើយក៏មិនហ៊ានទិញផ្ទះបង់រំលស់នោះទេ។

តាមពិតទៅ ការប្រកបអាជីវកម្ម រកស៊ី គឺមួយចានទឹក មួយចានគោក ពោលគឺ ចំណូលមិនទៀងឡើយ ពេលខ្លះបានចំណូលច្រើន ពេលខ្លះចំណូលតិច ហើយពេលខ្លះខាតក៏មានដែរ។ ដោយសារតែចំណូលនៃ អាជីវកម្មមិនទៀងទាត់នេះដែលរារាំងពួកគាត់ពីការទិញផ្ទះបង់រំលស

ម្ចាស់អាជីវកម្ម ឬអ្នករស៊ី មិនហ៊ានទិញផ្ទះបង់រំលស់ឡើយ ព្រោះការទិញផ្ទះត្រូវបង់ប្រចាំខែដែលទឹកប្រាក់នៃការបង់រំលស់គឺទៅតាមតម្លៃផ្ទះ។ ដូច្នេះទើបពួកគាត់មិនហ៊ានប្រថុយជាមួយការបង់រំលស់នេះ ព្រោះខ្លាចមិនមានលទ្ធភាពបង់ប្រចាំខែ ដោយកត្ដាប្រាក់ចំណូលគ្មានស្ថេរភាពនេះហើយ។

អ្នកធ្វើការ​ដែលមានចំណូលក្បែរខ្ទង់ពាន់ ឬចាប់ពី ខ្ទង់ពាន់ដុល្លារឡើងទៅ ពួកគាត់មិនខ្លាចរឿងទិញផ្ទះបង់រំលស់នោះទេ ព្រោះអ្នកដែលសម្រេចទិញផ្ទះបង់រំលស់គឹពួកគាត់មានការងារថិតថេរមួយជាមួយនឹងប្រាក់ចំណូលថិតថេរផងដែរ។

គួរបញ្ជាក់ផងដែរ បើសម្ដីរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឲ្យដឹងថា ចំពោះការទិញផ្ទះបង់រំលស់គឺគេតម្រូវឲ្យអ្នកទិញផ្ទះមានប្រាក់កក់មុន( Down payment) ​ប្រមាណជាពី​២៥ ទៅ ៣០ភាគរយនៃ តម្លៃផ្ទះសរុប។ លោកបានបន្តទៀតថា អ្នកដែលចង់ខ្ចីលុយពីធនាគារ ដើម្បីបង់រំលស់ទិញផ្ទះដែលមានរយៈពេលពី ១០ ទៅ ១៥ឆ្នាំ ជាទូទៅគួរមានប្រាក់ខែ ពី ៨០០ ទៅ ១ពាន់ដុល្លារ។

លោកបានបញ្ជាក់ថា ចំពោះអ្នកដែលមានចំណូលក្រោម៨០០ដុល្លារក៏អាចស្នើ កម្ចីទិញផ្ទះបង់រំពីធនាគារបានដែរ ប៉ុន្តែប្រាក់ចំណូលក្រោម ៨០០ដុល្លារ ហើយមានបន្ទុក ត្រូវបង់រំលស់ទៀតនោះនឹងធ្វើឲ្យអ្នកមានការលំបាក់ព្រោះក្នុងមួយខែៗគឺអ្នកត្រឹមតែមានលុយសម្រាប់ចាយវាយប្រចាំខែបន្តិចបន្តួចនិងសម្រាប់បង់រំលស់ផ្ទះប៉ុណ្ណោះ មិនមានលុយសម្រាប់សន្សំសម្រាប់គោលដៅអនាគត់ដូចសន្សំដើម្បីបានដើមទុនរកស៊ី ឬគោលហិរញ្ញវត្ថុផ្សេងៗទៀតឡើយ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES