យុវជនត្រៀមចេញរកស៊ីត្រូវចាំ!  ធ្វើការឱ្យគេ ជាការវិនិយោគលើមុខជំនួញដំបូងរបស់អ្នក

សម្រាប់យុវជនមួយចំនួនធំ នៅពេលបញ្ចប់ការសិក្សានៅសាលាបណ្តុះបណ្តាលបច្ចេកទេស ឬសាកលវិទ្យាល័យតែងស្វះស្វែងរកការងារធ្វើនៅបណ្តាក្រុមហ៊ុនមួយចំនួន។ សម្រាប់យុវជនមានគំនិតត្រៀមចេញរកស៊ី អ្នកត្រូវច្បាស់ថា ការបម្រើការងារនៅក្រុមហ៊ុនណាមួយនោះ គឺជាការវិនិយោគលើអាជីវកម្មដំបូងបំផុតរបស់អ្នក ព្រោះវាបានផ្តល់នូវប្រាក់ចំណេញ ជាប្រាក់ប្រចាខែ និងទទួលបានដើមទុនជាគំនិតរកស៊ី និងជាលុយជាដើម ដូច្នេះត្រូវធ្វើការឱ្យអស់ពីកម្លាំងកាយ ចិត្ត ទុកក្រុមហ៊ុនជារបស់ខ្លួន។

យុវជនដែលបម្រើការងារក្នុងក្រុមហ៊ុន ដូចជាការចាប់ផ្តើមរកស៊ីដំបូងដែរ ព្រោះការបម្រើការងារអ្នកទទួលបានកំរៃប្រចាំថ្ងៃ ហើយយើងមានចំណេះដឹងដែលជាទុន សម្រាប់បម្រើដល់អតិថិជន គឺក្រុមហ៊ុនតែម្តង។ មិនត្រឹមតែទទួលបានកំរៃនោះទេ តែទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការស្វែងយល់អំពីចង្វាក់នៃដំណើរការអាជីវកម្ម ទោះបីរៀនមិនគ្រប់រឿងក្តី អាស្រ័យលើការស្វែងយល់បន្ថែម។

បម្រើការងារឱ្យគេ អ្នកទទួលបានដើមទុនសំខាន់២ ប្រកែកមិនបាន ពោលគឺដើមទុនជាគំនិតរកស៊ី គ្មាននរណាម្នាក់អាចចេះដោយឯងៗ ដែលមិនបានឆ្លងកាត់បទពិសោធន៍ និងអង្កេតជាក់ស្តែងនោះទេ។ មួយទៀត គឺដើមទុនជាប្រាក់សុទ្ធ ដែលបុគ្គលមួយចំនួនធំតែងព្រួបារម្ភ ឬយល់ថា លុះត្រាតែមានលុយទើបចេញរកស៊ីបាននោះ។

ចំណុចពិសេសមួយទៀត «ឱកាស» ក្នុងការចេញរកស៊ីដោយខ្លួនឯង បន្ទាប់ពីបម្រើសេវាកម្មផ្តល់កម្លាំងពលកម្មដល់ក្រុមហ៊ុន ភាគច្រើនឱកាសចេញរកស៊ីខុសគ្នាឆ្ងាយ បើធៀបនិងអ្នកមិនបម្រើការងារ និងអ្នកកំពុងធ្វើការងារផ្ទាល់។ អ្នកធ្វើការងារក្នុងវិស័យណា ឱកាសចេញរកស៊ីលើវិស័យច្បាស់ជាមានមិនខាន អាស្រ័យលើអ្នកចេះច្នៃឱកាសនោះដែទេ? ជាក់ស្តែងប្រធានក្រុមហ៊ុនមួយចំនួនធំៗ តែងមានប្រវត្ថបម្រើការងារក្នុងស្ថាប័នចាស់ ដែលទាក់ទងនិងក្រុមហ៊នរបស់ខ្លួន ព្រោះធ្វើកាន់តែយូរ ចេះកាន់តែច្រើន ឱកាសកាន់តែមានច្រើនតាមនេះដែរ។

ចំណែកយុវជនភាគច្រើនដែលមិនទាន់មានគំនិតចង់ចេញរកស៊ី ពួកគេតែងគិតថា ខ្លួនបម្រើការងារក្នុងបណ្តាក្រុមហ៊ុន​ចង់បានតែប្រាក់ខែខ្ពស់តែប៉ុណ្ណោះ ខុសពីអ្នកមានមហិច្ឆតាចង់ក្លាយជាសហគ្រិន ព្រោះមិនសូវចេះអភិវឌ្ឍន៍ខ្លួនតាមរយៈការសិក្សារៀនសូត្រអំពីដំណើរការអាជីវកម្ម ជាពិសេសមិនដែលធ្វើខ្លួនជាសហគ្រិននោទេ។

ជាក់ស្តែង អ្នកដែលមានមហិច្ឆតាចេញរកស៊ី ពួកគេមិនសូវធ្វើការយូរឆ្នាំពេកទេ នៅពេលដែលឱកាសមកដល់ ហើយរៀនចេះសព្វគ្រប់ទាំងបទពិសោធន៍ចំណេះជំនាញ និងដើមទុនជាដើម។ ការបម្រើការងារក្នុងក្រុមហ៊ុន ធ្វើឱ្យអ្នកមានភាពចាស់ទុំ ទាំងគំនិត និងស្មារតី បើកឱកាសឱ្យអ្នកមានទំនាក់ទំនងជាមួយមហាជន រឹងរឺតតែជួយជំរុញឱ្យអាជីវកម្មអ្នកជោគជ័យ នៅពេលចេញរកស៊ីដោយខ្លួនឯង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES