ធ្វើ App ផ្គូរផ្គងគូរស្នេហ៍ស្រឡាញ់ភេទដូចគ្នាថែមទាំងជួយឱ្យមានកូន គេឱ្យលុយរកស៊ី១៣០លានដុល្លារ

មកដល់សម័យនេះហើយ ការ​ស្រឡាញ់ភេទដូចគ្នា​មិនមែនជារឿងអ្វីថ្មីនិងគួរ​ឱ្យភ្ញាក់ផ្អើលឡើយ ហើយអ្នកស្រឡាញ់ភេទដូចគ្នា​ក៏មិនសូវទទួលរងការរើសអើងច្រើនដូចកាល​ពីមុនដែរ ពិសេសជាងនេះទៅទៀតបណ្ដារប្រទេសមួយចំនួនចាប់ផ្ដើមទទួលស្គាល់និងបង្កើតជាច្បាប់អនុញ្ញាតឱ្យពួកគេអាច​រៀបការនឹងគ្នាបានទៀតផង ជាហេតុធ្វើឱ្យពួកគាត់មានសេរីភាពក្នុងការបង្ហាញពិភពលោក។

ជាមួយគ្នា​នេះដែរ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា​ក៏ប្រហែលពិបាកនឹង​រកគូរស្នេហ៍របស់ពួកគាត់បន្តិចដែរ ដោយហេតុ​តែ​ មិនសូវ​មាន​ជា App ឬវេបសាយសម្រាប់ណាត់ជួបគ្នា​ ដូចអ្នកស្រឡាញ់ភេទផ្ទុយគ្នានោះទេ ហើយក៏ជួបការលំបាកផងដែរ នៅពេលស្វែង​រកគូរស្នេហ៍នៅលើ App ឬវេបសាយ ដែលគេធ្វើឡើង​សម្រាប់អ្នកស្រឡាញ់ភេទផ្ទុយគ្នានោះ។

ហេតុនេះហើយ លោក Geng Le បាន​លួច​បង្កើតស្ងាត់ៗនូវ​វេបសាយមួយមានឈ្មោះ​ Danlan.org ខណៈពេលដែលគាត់ធ្វើការជាប៉ូលីស​នៅភាគខាងជើង​នាប្រទេសចិននោះ។ ប៉ុន្តែ​នៅប្រទេសចិន​ មិនសូវជាមានការគាំទ្រ​ទៅលើរឿងស្រឡាញ់ភេទដូចគ្នានោះទេ ដោយលោក Geng Le ត្រូវបានបណ្ដេញចេញពីការងារ​ក្រោយពីថ្នាក់លើដឹង​ថា​គាត់មាន​បង្កើត​វេបសាយ​ណាត់ជួប​សម្រាប់ប្រុសស្រឡាញ់ប្រុសនោះ បន្តទៀត​រឿង​ក៏បែកធ្លាយដឹង​ដល់គ្រួសាររហូតដល់គ្រួសារបោះបង់គាត់ចោល។

បាត់បង់ទាំងគ្រួសារ គ្មានទាំងការងារ គាត់បានដាក់ចិត្ត​ដាក់កាយ​ធ្វើការ​អភិវឌ្ឍ​បណ្ដាញសង្គម​ Blued សម្រាប់ណាត់ជួបផ្គូរផ្គង​គូរស្នេហ៍អ្នកដែលស្រឡាញ់ភេទដូចគ្នា​នៅប្រទេស​ចិន ដោយបញ្ចេញជាផ្លូវការ​នៅថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១២។ ក្រោយពីបណ្ដាញសង្គមនេះបញ្ចេញជាផ្លូវការមិនបាន២ឆ្នាំស្រួលបួលផង មានការ​គាំទ្រយ៉ាង​ច្រើន រហូតដល់មានការវិនិយោគ៣០លានដុល្លារ។

ការទទួលជោគជ័យនេះ ដោយសារតែមិនមានបណ្ដាញសង្គមណាសូវគាំទ្រ​អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ស្របពេលដែលទីផ្សារចិនធំផងនោះ ជាមួយប្រជាជន១.៤ពាន់លាននាក់ ហើយអ្នកស្រឡាញ់ភេទដូចគ្នា​ត្រូវបានគេប៉ាន់ប្រមាណថាមានដល់ទៅ១៤០លាននាក់។ មកទល់នឹង​ពេលនេះ Blued បានក្លាយទៅជាបណ្ដាញសង្គមរបស់អ្នកស្រឡាញ់ភេទដូចគ្នា​ដ៏ធំបំផុត​លើពិភពលោក ដែលមានអ្នកប្រើប្រាស់មិនក្រោម៤០លាននាក់នោះទេ ខណៈមានការ​វិនិយោគ​បន្ថែមមិនតិចជាង​១០០លានដុល្លារនោះ។

ក្រោយពីជោគជ័យលើបណ្ដាញសង្គមសម្រាប់ណាត់ជួប និង​ផ្គូរផ្គងហើយនោះ លោក Geng Le ក៏បានឃើញនូវ​បញ្ហាមួយទៀតដែល​ស្ទើរ​តែគ្រប់អ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់ជួបប្រទះ គឺការចង់បានកូន ខណៈច្បាប់ស្រុកចិនហាមដាច់ខាតប្រជាជនខ្លួនពរពោះឱ្យគេនោះ ស្របពេលដែលប្រទេស​ល្បីល្បាញខាងស៊ីឈ្នួលពរពោះដូចជា ថៃជាដើមបានចេញច្បាប់ហាមមិនអោយពរពោះអោយជនបរទេស​កាលពីឆ្នាំ២០១៥នោះ។

លោក Geng Le ក៏បាន​ធ្វើការបញ្ចេញនូវសេវាកម្មមួយទៀត​មានឈ្មោះថា Bluebaby ដែលស្វែង​រកអ្នកពរពោះអោយ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកប្រើប្រាស់​​អាច​ជ្រើសរើស​អ្នកពរពោះអោយ រៀបចំកិច្ចសន្យា និងរៀបចំសេវាកម្មផ្សេងៗទៀត​ដូចជា​កក់សណ្ឋារគារ ឬតាក់ស៊ីសម្រាប់ពេលជួបគ្នាជាដើម។ លោក Geng Le បានជ្រើសរើសសហរដ្ឋអាមេរិក​នារដ្ឋកាលីហ្វ័រញ៉ា ដោយហេតុតែ​ច្បាប់នៅរដ្ឋនោះអនុញ្ញាតឱ្យមានការពរពោះជំនួស​បាន​ ហើយថែមទាំង​មានផ្ដល់ជាសញ្ជាតិអាមេរិកថែមទៀត​ផង។

ប៉ុន្តែ​ក៏នៅមានបញ្ហាខ្លះៗទាក់ទងនឹងតម្លៃដែរ​ ដោយសារតែ​តម្លៃនៃការ​ពរពោះ​អោយនៅទីនោះ​មិនក្រោមខ្ទង់សែនដុល្លារឡើយ ខណៈដែលច្បាប់ចិនហាមប្រាមមិនឱ្យប្រជាជនគេចាយលុយនៅបរទេស​លើសពី ៥ម៉ឺនដុល្លារនោះទេក្នុងមួយឆ្នាំ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES