Facebok សម្ងំបង្កើតលុយឌីជីថលផ្ទាល់ខ្លួន មិនមែនចង់ប្រកួតជាមួយ Bitcoin ទេ តែចង់ដើម្បីដណ្តើមដំណែងធនាគារពិភពលោក

ថ្មីៗនេះ បើតាមការចុះផ្សាយពី New York Time បញ្ជាក់ថា Facebook កំពុងសម្ងំបង្កើតលុយឌីជីថលផ្ទាល់ខ្លួន ដោយប្រើប្រាស់ WhatsApp ដើម្បីធ្វើប្រតិបត្តិការទូទាត់លុយរវាងអ្នកប្រើប្រាស់ ។

ហេតុផលដែល Facebook បង្កើតលុយឌីជីថលនេះ ដើម្បីទប់ទល់ពីការផលប៉ះពាល់របស់គូប្រកួតគឺ Telegram ។ កាសែត NYT ចុះផ្សាយថា Facebook បានចាប់ផ្តើមគម្រោងនេះឡើងតាំងពីឆ្នាំមុនម្លេះ បន្ទាប់ពី Telegram បានបោះទុន ១.៧ ពាន់លានដុល្លារក្នុងគម្រោងលុយឌីជីថលដូចគ្នា ។

គម្រោងបង្កើតលុយឌីជីថលរបស់ Facebook មួយនេះត្រូវបានគេមើលឃើញថា យកគម្រូតាម Wechat របស់ចិន ប៉ុន្តែវាខុសគ្នាត្រង់ថា Facebook ប្រើបច្ចេកវិទ្យា Blockchain ដូច Bitcoin ដែរ មានន័យថាអ្នកប្រើប្រាស់អាចផ្ទេរលុយចុះឡើងដោយមិនបាច់ឆ្លងកាត់ធនាគារ និងអស់ថ្លៃសេវាកម្មថោកបំផុត ជាពិសេសអាចផ្ទេរលុយឆ្លងប្រទេសបានលឿនទៀតផង។

គម្រូមួយនេះមិនខុសអ្វីពី Wechat Pay ទេ ដូចនេះ Facebook ធ្វើវាឡើងមិនមែនដើម្បីប្រកួតប្រជែងជាមួយ Bitcoin ទេ ប៉ុន្តែ Facebook អះអាងថា ចង់ក្លាយជាធនាគារកណ្តាលលើពិភពលោកតាមរយៈការទូទាត់លុយអនឡាញដោយប្រើប្រាស់លុយឌីជីថលផ្ទាល់ខ្លួន ដែលមានឈ្មោះថា StableCoin ។

បើគិតពីទិន្នន័យសរុបរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Facebook រួមមាន Messenger, WhatsApp និង Instagram ទទួលបានអ្នកប្រើប្រាស់ខ្ទង់ ២.៧ ពាន់លាននាក់ ប្រសិនបើ Facebook ដំណើរការគម្រោងលុយឌីជីថលដើម្បីសម្រួលការចាយលុយឆ្លងប្រទេសបានជោគជ័យមែន មានន័យថា Facebook ប្រៀបបាននឹងធនាគាកណ្តាលមួយលើពិភពលោកដែរ ។

មិនត្រឹមតែទាញអ្នកប្រើពីផ្លេតហ្វមរបស់ខ្លួនទេ ប៉ុន្តែ Facebook អាចនឹងដណ្តើមអ្នកប្រើពីក្រុមហ៊ុនយក្សពីរដែលអ្នកកំពុងប្រើសម្រាប់ទូទាត់អនឡាញ និងផ្សាយពាណិជ្ជកម្មលើ Facebook រាល់ថ្ងៃ ពោលគឺ Visa និង MasterCard ។

នេះមានន័យថា សក្តានុពលរបស់ Facebook ខ្លាំង បើ Facebook មិនបិទ Visa ឬ MasterCard សម្រាប់ទូទាត់លុយពេលផ្សាយពាណិជ្ជកម្ម ក៏មានអ្នកប្តូរចិត្តមកប្រើលុយឌីជីថលជំនួសក្រុមហ៊ុនពីរនេះដែរ ។

ហេតុផលមួយទៀតដែលបញ្ជាក់ថា Facebook អាចក្តោបទីផ្សារបានធំ ដោយសារវេបសាយនិង App ជាច្រើនសុទ្ធតែភ្ជាប់ជាមួយគណនី Facebook សូម្បីតែវេបសាយ Khmer24 នៅស្រុកយើង ដូចច្នោះគ្រាន់តែផ្សាយលុយឌីជីថលរបស់ខ្លួនមិនមែនជារឿងពិបាកទេសម្រាប់ Facebook ។

ឧទាហរណ៍ថា បើ Facebook ចង់ទាញអ្នកប្រើឲ្យបានច្រើន Facebook ប្រាកដជាប្រើតិចនិកទីផ្សារមួយគឺឲ្យពិន្ទុដូររង្វាន់នៅពេលគេទូទាត់ជាមួយ Facebook Coin ជំនួសឲ្យការទូទាត់តាមរយៈ Google Pay ឬ Apple Pay ។

គួរបញ្ជាក់ថា បើ Facebook ចង់ដណ្តើមដំណែងធនាគារកណ្តាលឌីជីថលមែន ភាគរយដែលអាចទៅរួចមានច្រើន ដោយសារក្នុងចំណោមប្រជាជនលើពិភពលោក ៧.៧ ពាន់លាននាក់ App ស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook ទាញអ្នកប្រើជាង ៣ ពាន់លាននាក់បាត់ទៅហើយ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES