របៀបចេញរកស៊ីរបស់លោកJoe C Thompsonរលាស់ខ្លួនពីបុគ្គលិករោងចក្រក្លាយជាម្ចាស់ហ្វ្រេនឆាយ7-ELEVEN

លោក Joe C Thompson ជាអតីតបុគ្គលិករោងចក្រ មុនក្លាយជាស្ថាបនិកម៉ាតទំនិញហ្រ្វេនឆាយលេខ១ទូទាំងពិភពលោក 7-ELEVENរបស់អាមេរិក ដែលមានអ្នកអាននៅកម្ពុជាច្រើនណាស់យល់ច្រលំថា7-ELEVEN ជារបស់មហាសេដ្ឋីថៃទៅវិញ។  មែនទែនទៅស្ថាបនិកយីហោមួយនេះមិនបានចំណាយប្រាក់នោះទេ ពេលចាប់ផ្តើមអាជីវកម្មទីមួយរបស់ខ្លួនទាំងដែលមិនទាន់ឈប់ធ្វើការផង ដោយសារការខិតខំប្រឹងប្រែងរបស់គាត់ហាងមួយនេះធំធាត់ឡើងហើយក្លាយជាហ្រ្វេនឆាយលំដាប់ជួរមុខរបស់អាមេរិកក្រោយពេលគាត់ស្លាប់បាត់ដោយបន្សល់ទុកអាជីវកម្មពាន់លានដុល្លារទុកឲ្យកូនប្រុស។

និយាយពីការចាប់ផ្តើមវិញ អតីតបុគ្គលិកក្រុមហ៊ុនទឹកកករូបនេះ បានចាប់ផ្តើមយក ស៊ុត ទឹកដោះគោ ពីកសិដ្ឋាន និងនំបុ័ង ពីហាងល្បីក្នុងរំបន់មួយ មកផ្ញើរលក់នៅហាងលក់ទឹកកកចំនួន ១៦ កន្លែង របស់ក្រុមហ៊ុនមេគាត់នៅក្នុងទីក្រុង Dallas ដោយសារមេគាត់ជាម្ចាស់រោងចក្រទឹកកកធំជាងគេនៅទីនោះ ហើយមនុស្សចេញចូលទិញទឹកកកក៏ច្រើនកកកុញទៅទៀត។

ស៊ុត ទឹកដោះគោ និងនំប៉័ងលក់ដាច់កាន់តែខ្លាំង នាំចិត្តលោក Thompson ឲ្យមានទឹកមាត់លេប ហើយហ៊ានបោះទុនពង្រីកអាជីវកម្មនេះដោយហាងឈ្មោះថា Tote’m  ប្រែមកថា ជាកន្លែង “ទិញ”ក្រោយមកប្រើឈ្មោះ 7-Eleven ជាម៉ោងបើក និងបិទហាងដោយបើកនៅម៉ោង ៧ ព្រឹកនិងបិទនៅម៉ោង ១១យប់ មុនពេលដែលគាត់មានលុយគ្រប់គ្រាន់ទិញរោងចក្រទឹកកក និងហាងរបស់មេគាត់ទៅទៀតនៅឆ្នាំ១៩៤៦ ក្រោយមេគាត់កាន់តែចាស់ទៅហើយនោះ។

លោក Joe C Thompson គ្រោងនាំអាជីវកម្មមួយនេះចូលផ្សារហ៊ុន ប៉ុន្តែដោយសារគាត់ធ្វើការធ្ងន់ពេក ក៏បានស្លាប់នៅឆ្នាំ១៩៦១ ហើយទុកក្រុមហ៊ុននេះឲ្យកូនប្រុសរបស់គាត់ពង្រីក និងចូលផ្សារហ៊ុនសម្រេចក្តីស្រមៃរបស់គាត់។ លុះឆ្នាំ ១៩៨៧ ជា John Philp Thompson បានសម្រេចក្តីស្រមៃឪពុករបស់គាត់ដោយបានចូលផ្សារហ៊ុន និងបានប្តូរឈ្មោះមកជា 7-Eleven Inc ដែលបានចាប់ផ្តើមលក់សិទ្ធទៅក្រៅប្រទេសចាប់តាំងពីពេលនោះ។

បច្ចុប្បន្នយីហោនេះ 7-ELEVEN ជាម៉ាតទំនិញនាំមុខគេ បង្ហាញខ្លួននៅ១៨ ប្រទេសផ្សេងគ្នា និងមានទីតាំង៦ម៉ឺន៦ពាន់នៅក្នុងដៃ។ ក្រុមហ៊ុនដែលមាននិន្នាការផ្តោតទៅលើការលុបបំបាត់តូបលក់អីវ៉ាន់តាមផ្ទះមួយនេះ នឹងមកកម្ពុជាឆាប់ៗ បើអ្វីៗស្របតាមការប្រកាសរបស់ ក្រុមហ៊ុន CP ALL របស់ថៃ ដែលបានរៀបចំមនុស្សមួយក្រុមមកចាត់ចែងរឿងបោះទីតាំងយីហោមួយនេះនៅស្រុកខ្មែរ៕

 

អត្ថបទដោយ៖ Noun Vannak

0 មតិ

បញ្ចេញមតិ

RELATED ARTICLES