ក្រៅតែពីដូរវេនគ្នាដាច់ភ្លើង តើអគ្គីសនីកម្ពុជាមានដំណោះស្រាយយ៉ាងណាខ្លះ?

យោងតាមសេចក្តីប្រកាសរបស់អគ្គីសនីកម្ពុជាចុះលេខ ១៧៥៩ អក សខ កាលពីថ្ងៃ ១៨ ខែមិនា ឆ្នាំ ២០១៩ កន្លងទៅបានបញ្ជាក់ថា កំណើនខ្ពស់ពីវិនិយោគក្នុង និងក្រៅប្រទេស ការបញ្ចុះថ្លៃអគ្គីសនី បញ្ហាអាកាសធាតុក្តៅខ្លាំង ការខ្វះទឹកខុសប្រក្រតី និងតម្រូវការប្រើប្រាស់អគ្គីសនីឡើងយ៉ាងគំហុកលើសពីការរំពឹងទុក ជាហេតុផលសំខាន់ធ្វើឲ្យខ្វះខាតការផ្គត់ផ្គង់អគ្គីសនីនៅកម្ពុជា ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គីសនីកម្ពុជាបានទាក់ទងប្រទេសជិតខាងឲ្យជួយផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ។ ជាលទ្ធផល ប្រទេសថៃបានជួយផ្គត់ផ្គង់បន្ថែម ៨០ មេហ្កាវ៉ាត់ ប្រទេសបន្ថែម ១០ មេហ្កាវ៉ាត់ ចំណែកវៀតណាមនៅរក្សាការផ្គត់ផ្គង់ដដែល ទោះបីជាវៀតណាមកំពុងខ្វះខាតអគ្គីសនីដូចគ្នា ។

អគ្គីសនីកម្ពុជា បញ្ជាក់ថា ទោះជាយ៉ាងណាយើងនៅខ្វះខាតអគ្គីសនី ១៣% ដូចនេះអគ្គីសនីកម្ពុជាត្រូវបន្ថយការផ្គង់ផ្គង់ខ្លះរហូតដល់រដូវវស្សា ដែលជាមូលហេតុធ្វើឲ្យយើងត្រូវដូរវេនគ្នាដាច់ភ្លើង ។

ស្របពេលគ្នានេះ អគ្គីសនីកម្ពុជាក៏បានជួយសម្រួលលើការរៀបចំដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនសម្រាប់ការប្រើប្រាស់ពេលថ្ងៃ នៅតាមឧស្សាហកម្ម រោងម៉ាស៊ីនកិនស្រូវ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និងស្ថាប័នរដ្ឋាភិបាល ។

ជាមួយគ្នានេះកាលថ្ងៃទី ២០ ខែ មីនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ចំពោះដំណោះស្រាយបន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ កម្ពុជាបានរៀបចំអោយនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០ មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំយើងមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់តួគីចេញវិញ។ ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។

ជាមួយក្នានេះ ក្នុងគោលដៅអភិវឌ្ឍន៍អគ្គីសនីដល់ឆ្នាំ ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការអភិវឌ្ឍន៍ប្រភពអគ្គីសនីរួមមាន វារីអគ្គីសនី រោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងទៀតដូចជាថាមពលពន្លឺព្រះអាទិត្យ ផ្តុំជាមួយការនាំចូលពីប្រទេសជិតខាង ដោយបានដាក់ដំណើរការគម្រោងជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក ។

គួរបញ្ជាក់ថា ស្ថិតក្នុងការលំបាកដូរវេនគ្នាដាច់អគ្គីសនីនេះ នឹងធ្វើឡើងរយៈពេល ៧២ ថ្ងៃរហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ និងថ្ងៃអាទិត្យ សរុបរយៈ ២៣ ថ្ងៃ អគ្គីសនីនៅផ្គត់ផ្គង់ដូចធម្មតា ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES