មកស្គាល់ប្រទេស៥ ដែលអួតថាខ្លួននឹងវិវត្តន៍ ទៅជាសង្គមឈប់ចាយក្រដាសប្រាក់ដំបូងក្នុងលោក

នៅពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែរីកចម្រើន ស្មាតហ្វូនបានក្លាយជាមធ្យោបាយដ៏សំខាន់ក្នុងការ ប្រើប្រាស់ទូទាត់ទំនិញ។ ក្នុងបរិបថនេះ មានន័យថា មនុស្សកាន់តែច្រើនលែងកាន់កាបូបលុយជាប់ខ្លួនក្នុងការចាយវាយទៀតហើយ ដោយពួកគេគ្រាន់កាន់ស្មាតហ្វូនឬមធ្យោបាយទូទាត់បែបឌីជីថលនោះ ពួកគេអាចទូទាត់ទំនិញបានយ៉ាងងាយស្រួល។

ពាក់ព័ន្ធនឹង ការចាយលុយដោយមិនបាច់ប្រើប្រាស់សាច់ប្រាក់នេះដែរ Business Cambodia សូមធ្វើការបង្ហាញប្រទេស៥ ដែលនឹងក្លាយជាសង្គមលែងចាយក្រដាសប្រាក់៖

១. ស៊ុយអែត( Sweden) 

តាមពិតទៅ ស៊ុយអែតគឺជាប្រទេសដំបូងគេនៅអឺរ៉ុបក្នុងការបញ្ចេញប្រើប្រាស់ក្រដាសប្រាក់ក្នុងការចាយវាយ ក្នុងឆ្នាំ ១៦៦១ ហើយប្រទេសនេះ ក៏ត្រូវបានគេព្យាករណ៍ថា នឹងឈប់ប្រើប្រាស់ក្រដាសប្រាក់នេះមុនគេផងដែរ។ បើយោងតាម Riksbanken ដែលជាធនាគារកណ្ដាលរបស់ ស៊ុយអែត បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨នេះ ការទូទាត់ជាសាច់ប្រាក់សុទ្ធក្នុង​ប្រទេសស៊ុយអែត មានត្រឹមតែ ១៣ភាគប៉ុណ្ណោះនៃការទូទាត់សរុប។

បច្ចុប្បន្ន គេតែងតែឃើញមានសញ្ញាដាក់ថា” No cash accepted” ដែលមានន័យថា មិនទទួលក្រដាសប្រាក់ ត្រូវគេបិទតាមបណ្ដាហាងជាច្រើននៅប្រទេសស៊ុយអែត ព្រោះប្រជាជនភាគច្រើនគឺគេនិយមទូទាត់តាមបែបឌីជីថល ដូចជាតាមរយៈ ការស្កែត QR code ឆូតកាត និងទូទាត់តាមទូរស័ព្ទដៃជាដើម។

២. កូរ៉េខាងត្បូង 

ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងនៅអាស៊ីមួយនេះ បានប្រកាសថាខ្លួនគ្រោងនឹងវិវត្តន៍ ទៅជាសង្គមគ្មានក្រដាសប្រាក់( cashless society) ឲ្យបានលឿនបំផុតពោលគឺនៅត្រឹមឆ្នាំ ២០២០ខាងមុខនេះ ហើយងាមកប្រើប្រាស់រូបិយប័ណ្ណជាតិឌីជីថលវិញម្ដង។ គម្រោងនេះបានអនុវត្តន៍បណ្ដើរៗហើយ ដោយ បណ្ដាហាងទំនិញបានអាប់លុយទៅអតិថិជនវិញជាទម្រង់លុយអេឡិចត្រូនិច។

៣. សិង្ហបុរី(Singapore) 

ប្រទេសខ្លាសេដ្ឋី ប្រចាំតំបន់អាស៊ានមួយនេះ មានមហិច្ឆតាធំបំផុតក្នុងការនាំមុខគេ ក្លាយជាប្រទេសឈប់ចាយក្រដាសប្រាក់ពេញលេញ។ បច្ចុប្បន្ន មានហាងលក់រាប់រយហាងនៅសិង្ហបុរី បានកំពុងអនុវត្តន៍គោលការណ៍មិនទទួលយកសាច់ប្រាក់ក្នុងការទូទាត់ទំនិញ ដោយមានបិទស្លាកសញ្ញាថា” Sorry, No cash”។ មិនតែប៉ុណ្ណោះ ប្រទេសដ៏តូចមួយនេះ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលបើកដៃឲ្យចាយវាយលុយឌីជីថល Bitcoin ផងដែរ។

៤. កេនយ៉ា( Kenya) 

កេនយ៉ា ត្រូវបានគេចាតទុកជាប្រទេសនៅអាហ្វ្រិកមួយដែលទំនើបបំផុតក្នុងការទូទាត់ទំនិញ ហើយប្រទេសនេះ ប្រទេសព័ន្ធទូទាត់មិនប្រើសាច់ប្រាក់ ដែលមានឈ្មោះថា m-Pesa ជាប្រព័ន្ធទូទាត់តាមស្មាតហ្វូន ដែលបង្កើតឡើងដោយក្រុមហ៊ុនVodafon Groupរបស់អង់គ្លេស។ បើតាមរបាយការណ៍ក្នុងឆ្នាំ ២០១៥​ មានមនុស្សពេញវ័យកេនយ៉ាចំនួន ៥៩%បានប្រើប្រាស់ប្រព័ន្ធទូទាត់តាមទូរស័ព្ទ​សម្រាប់ការចាយវាយ។

៥. ឥណ្ឌា 

នាយករដ្ឋមន្រ្ដីឥណ្ឌា Narendra Modi មានមហិច្ឆតា ក្នុងការធ្វើឲ្យប្រទេសដែលមានប្រជាជនច្រើនលេខ២មួយនេះ ក្លាយទៅជាសង្គមដែលលែងចាយក្រដាស់ប្រាក់តទៅទៀត។ ក្នុងឆ្នាំ ២០១៦ ធនាគារកណ្តាលរបស់ឥណ្ឌាបានហាមឃាត់ក្រដាសប្រាក់រូពីចំនួនពី500 និង 1000សន្លឹក។នៅក្នុងបទសម្ភាសតាមវិទ្យុ លោក Narendra Modi  បាននិយាយថា “ខ្ញុំចង់ប្រាប់បងប្អូនជំនួញខ្នាតតូចរបស់ខ្ញុំថានេះជាឱកាសសម្រាប់អ្នកចូលក្នុងពិភពឌីជីថលហើយ”៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES