ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាគម្រោងថ្លៃជាងគេរបស់ចិនក្នុងពិភពលោក

លោក Weng Gang អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) ដែលជា​ក្រុមហ៊ុន​សាងសង់ផ្លូវល្បឿនលឿនមួយនេះបានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ថា គម្រោងតម្លៃប្រមាណជា ២ពាន់លានដុល្លារមួយនេះ គឺជាការ​វិនិយោគ​ដ៏ធំមួយរបស់ខ្លួនមកកម្ពុជា វាគឺជាគម្រោងដែលធំបំផុតមួយក្នុងចំណោមគម្រោងជាង ១៥៥ ដែលក្រុមហ៊ុនបានវិនិយោគនៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងគាំទ្រនូវគម្រោងវិនិយោគទាំងឡាយរបស់ក្រុម CRBCដែលភាគច្រើនគឺ​បានសាងសង់​ស្ពានថ្នល់​ធំៗ​ជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿន​លឿនពីទីក្រុង​ភ្នំពេញទៅ​ក្រុងព្រះ​សី​ហនុ គឺនឹងកាន់តែផ្តល់ផលប្រយោជន៍ជាច្រើនថែមទៀតដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគធំៗបែបនេះនៅកម្ពុជានឹងមិន​អាច​សម្រេច​បានឡើយ ប្រសិនបើគ្មានការគាំទ្រ និងជួយជ្រោមជ្រែងពី លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក នាយករដ្ឋមន្រ្តី លី ឃឺជាង។

ផ្លូវល្បឿន លឿន ភ្នំពេញ ព្រះសីហនុ នឹងត្រូវសម្ភោធនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះ​ហើយ ដែលផ្លូវនេះ នឹងត្រូវចំណាយពេល៤៨ខែ ស្មើនឹង ៤ឆ្នាំ ក្នុងការសាងសង់ ។

គួររំលឹកផងដែរថា ផ្លូវនេះគ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណជិត ២ពាន់លាន​ដុល្លារ​មានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លង ឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ ជាមួយកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ។

នៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិសភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មាន​ស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

នៅអមសងខាង ផ្លូវមានរបងដើម្បីការពារសត្វពាហនៈដើរឆ្លងកាត់, មានរបាំងការពារ សំឡេង សរុប ប្រវែង ៥៧,១៩គីឡូម៉ែត្រ នៅតាមតំបន់ទីប្រជុំជន ដើម្បីការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ ព្រម ទាំង ទុក កន្លែងមនុស្ស និងសត្វព្រៃដើរឆ្លងកាត់ចំនូន ៣៥២កន្លែង។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES