រៀនប្រើ WeChat ទៅ សូម្បីតែក្រសួងពាណិជ្ជកម្មក៏កំពុងស្នើរក្រុមហ៊ុន ឱ្យបង្កើតជាភាសារខ្មែរដែរ

WeChat ជាបណ្ដាញសង្គមរបស់​ចិន ដែលបង្កើត​ដោយក្រុមហ៊ុន Tencent ដោយសព្វថ្ងៃ​នេះមានអ្នកប្រើប្រាស់មិនក្រោម​១.៤ពាន់លាននាក់នោះទេ បើទោះជាបង្កើត​ក្រោយ​ Facebook រហូតដល់ទៅ​៧ឆ្នាំក្តី។

ជាមួយគ្នានេះដែរកាលពីម្សិលមិញនេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បានស្នើ​ប្រតិភូ​មូលនិធី​ហ្សិនចិន ជួយសម្របសម្រួលបង្កើត​ កម្មវិធី WeChat សម្រាប់កម្ពុជា ក្នុងគោលបំណង​ពង្រឹង​វិស័យពាណិជ្ជកម្ម​អេឡិចត្រូនិង​ សុវត្ថិភាពពត៌មាន។

យោងតាមទំព័រ ហ្វេសប៊ុករបស់ក្រសួង​បានឱ្យដឹង​ថា នៅក្នុង​ជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិបាន​គូសបញ្ជាក់ថា ក្រសួង​ពាណិជ្ជកម្ម​ ចង់បាន​កម្មវិធីទូរស័ព្ទ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្ដល់ឱ្យអ្នកប្រើប្រាស់​ធ្វើការទំនាក់ទំនង​គ្នា​គ្រប់ទីកន្លែង ទូរទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-payment) ដោយប្រើប្រាស់បាកូដ និង​អាចទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ (Fake News) នៅលើ​ប្រព័ន្ធ​អ៊ីនធឺណេត​ថែមទៀត​។

សម្រាប់អ្នករកស៊ីលើអនឡាញគួរ​តែគិត​គូរ​ ចាប់យក​បណ្ដាញសង្គមមួយនេះ ដោយហេតុតែពីមួយថ្ងៃ​ទៅមួយថ្ងៃមនុស្ស​ម្នា​ចាប់ផ្ដើម​ងាកទៅរកវា ខណៈដែលអ្នកប្រើប្រាស់​ភាគច្រើន​ជាជនជាតិ​ចិន ហើយបណ្ដាញសង្គមមួយនេះមានមុខងារ​ច្រើនក្រៅតែ​ពីផ្ញើរសារផងនោះ។

នៅកម្ពុជាយើង​មិនមាន​ទិន្នន័យច្បាស់ការ​ថា​មានអ្នកប្រើប្រាស់ WeChat ប៉ុន្មាននៅឡើយទេ ដោយគ្រាន់តែដឹងថា​ ចំនួនអ្នកប្រើប្រាស់នោះមិនច្រើនដូចជា Facebook នោះទេ ហើយអាជីវកម្មមួយចំនួនក៏អាច​រីកចម្រើនលូតលាស់បានក៏ដោយសារតែ Facebook ដែរ។

ប៉ុន្តែ វាមិនមែនជារឿង​ល្អនោះទេ ដែលអាជីវកម្មមួយត្រូវ​ពឹង​បណ្ដាញសង្គមតែមួយនោះ ជាក់ស្ដែង​យើងសង្កេត​ឃើញហើយថា​កាលពីប៉ុន្មានថ្ងៃមុននេះ Facebook មានបញ្ហាគាំង​បើកមិនចេញធ្វើឱ្យ អ្នករកស៊ីមួយចំនួន​ ពិបាកក្នុង​ការ​រកស៊ីបាត់បង់​ប្រភពចំណូលដោយសារតែពឹង​ផ្អែកតែទៅលើ Facebook តែមួយច្រកនោះ។

ហេតុនេះហើយម្ចាស់អាជីវកម្មគួរ​តែសម្លឹង​រកបណ្ដាញសង្គមណាដែលមានអ្នកប្រើប្រាស់ច្រើនដើម្បីពង្រីក​វិសាលភាពរបស់ខ្លួនឱ្យកាន់តែធំជាងមុន ចាប់យកអតិថិជនបានកាន់តែច្រើន និងមិនបាច់​ភ័យបារម្ភបើ​បណ្ដាញសង្គមណាមួយ​ជួបបញ្ហារ៕

អត្ថបទដោយ៖ ខុ​ន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES