បច្ចេកវិទ្យាមួយនេះជួយកសិករអីស្រាអែលប្រើគីមីតិចបំផុត មិនបាច់បាញ់ថ្នាំពុលពេញចម្ការ

នៅលើទឹកដីដែលខ្វះជាតិទឹក វិស័យកសិកម្មអ៊ីស្រាអែលត្រូវពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុង ក្នុងនោះអ៊ីស្រាអែលកំពុងប្រើបច្ចេកវិទ្យាមួយដែលជួយកសិករអ៊ីស្រាអែលធ្វើកសិកម្មដោយប្រើថ្នាំគីមីតិចបំផុត មិនបាច់ចំណាយលុយទិញថ្នាំបាញ់ពេញចម្ការ ។

ចាប់ផ្តើមឡើងដោយមានសហស្ថាបនិក ៤ នាក់កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មរបស់អ៊ីស្រាអែលមួយឈ្មោះថា Taranis ពេលនេះបានជួយកសិករអ៊ីស្រាអែលប្រមាណ ១៩០០០ នាក់ តាមរយៈផ្លេតហ្វមកសិកម្មមួយ ដែលជួយឲ្យពួកគេសម្រេចចិត្តបានត្រឹមត្រូវក្នុងការការពារជម្ងឺ និងសត្វល្អិតលើដំណាំ ។

ផ្លេតហ្វមនេះត្រូវបានប្រើប្រាស់លើដំណាំច្រើនប្រភេទដូចជា ស្រូវសាលី ពោត សណ្តែកសៀង កប្បាស ថ្នាំជក់ជាដើម ដែលបានប្រើប្រាស់លើផ្ទៃដីជាង ៨ លានហិចតារួចមកហើយនៅអ៊ីស្រាអែល និងប្រទេសផ្សេងទៀតរួមមាន អាហ្សង់ទីន អូស្រ្តាលី ប្រេហ្សី កាណាដា រូស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់អង្គការអ៊ីស្រាអែល Israel21c។

នាយកប្រតិបត្តិលោក Ofir Schlam ឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ កសិករជាច្រើនត្រូវការវាដើម្បីប្រើប្រាស់ក្នុងចម្ការ ហើយតម្រូវការប្រើប្រាស់ក៏កាន់តែកើនឡើងខ្ពស់ផងដែរ ។

បច្ចេកវិទ្យាមួយនេះអាចសន្សំលុយបានរាប់លានដុល្លារតាមរយៈការប្រើប្រាស់ Hardware និង Software បញ្ជូលគ្នា ដើម្បីថតរូបភាពក្នុងកម្រិតខ្ពស់បំផុត រួចបញ្ជូនទិន្នន័យទៅកុំព្យូទ័រ ដើម្បីវិភាគដោយប្រើបច្ចេកវិទ្យា Deep Learning ។

គេប្រើដ្រូនបង្ហោះលើចម្ការដើម្បីចាប់យកកម្រិតរូបភាពច្បាស់រហូតដល់ ០.៥ មីលីម៉ែត្រក្នុងមួយភិចស៊ែល ខ្ពស់ជាងកាមេរ៉ាធម្មតា ១៤០០ ដង សូម្បីតែសត្វល្អិតតូចៗនិងបំណែកតូចលើស្លឹករុក្ខជាតិក៏វាអាចថតជាប់ច្បាស់និងប្រមូលយកទិន្នន័យ មកវិភាគនៅក្នុងកុំព្យូទ័រ ។ រូបភាពដែលចាប់ពីដ្រូននេះអាចបម្លែងទៅជាទិន្នន័យដែលកុំព្យូទ័រអាចអានយល់និងចំណាំថាកន្លែងណាដែលមានសត្វល្អិតនិងជម្ងឺ ដូចនេះគេអាចបាញថ្នាំសម្លាប់សត្វល្អិតតែកន្លែងណាដែលដ្រូនចាប់បានប៉ុណ្ណោះ មិនចាំបាច់បាញ់ថ្នាំពេញចម្ការទាំងមូល ។

គំនិតអាជីវកម្មរបស់ Taranis បានក្លាយជាបច្ចេកវិទ្យាកសិកម្មដែលឈានមុខគេនៅអ៊ីស្រាអែលក្នុងការប្រើដ្រូននិង Deep Learning ដើម្បីជួយកសិករ បើតាមការអះអាងពី CEO Teranis បញ្ជាក់ថាមួយឆ្នាំកន្លះចុងក្រោយនេះ គេបានប្រមូលទិន្នន័យសត្វល្អិតនិងជម្ងឺ ប្រមាណ ១០ លានដង ។

គួរបញ្ជាក់ថា Taranis ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ៤៥១ ក្រុមហ៊ុនផ្សេងទៀតនៅអ៊ីស្រាអែល ដែលផ្តល់ដំណោះស្រាយបែបច្នៃប្រឌិតនិងឆ្លាតវៃដល់កសិករ ដូចនេះហើយបានជា អ៊ីស្រាអែលអាចក្លាយជាប្រទេសកសិកម្មលេខមួយលើពិភពលោកលើទឹកដីស្ងួតហែង ។

អត្ថបទដោយ ៖ ហ៊ួត​ សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES