ឆ្នាំ ២០៣០ កម្ពុជាលែងខ្វះអគ្គីសនីប្រើហើយ ខណៈនាយករដ្ឋមន្រ្តីបង្ហើបថាកម្ពុជានឹងមានរោងចក្រទំនើប

យោងតាមសេចក្តីប្រកាសរបស់អគ្គីសនីកម្ពុជាចុះលេខ ១៧៥៩ អក សខ កាលពីថ្ងៃ ១៨ ខែមិនា ឆ្នាំ ២០១៩ កន្លងទៅបានបញ្ជាក់ថា ក្នុងគោលដៅអភិវឌ្ឍន៍អគ្គីសនីដល់ឆ្នាំ ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការអភិវឌ្ឍន៍ប្រភពអគ្គីសនីរួមមាន វារីអគ្គីសនី រោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងទៀតដូចជាថាមពលពន្លឺព្រះអាទិត្យ ផ្តុំជាមួយការនាំចូលពីប្រទេសជិតខាង ដោយបានដាក់ដំណើរការគម្រោងជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក ។

ជាមួយគ្នានេះកាលថ្ងៃទី ២០ ខែ មីនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះត្រូវការភ្លើងជាង ១០០ មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់បានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែ មករា និង កុម្ភះ ឆ្នាំទៅ។ ចំណុចហ្នឹងហើយដែលយើងការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន”។

ចំពោះដំណោះស្រាយបន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ កម្ពុជាបានរៀបចំអោយនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០ មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំយើងមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់តួគីចេញវិញ។ ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។

ស្របទៅនឹងគម្រោងផែនការអភិវឌ្ឍន៍ប្រភពអគ្គីសនីដែលប្រកាសដោយអគ្គីសនីកម្ពុជាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនីដែលមានលក្ខណៈបច្ចេកវិទ្យាទំនើបដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក។ ដូច្នេះយើងត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេលអនាគត ៕

អត្ថបទដោយ ៖ ហ៊ួត​ សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES