បើ Steve Jobs មិនបានលួចគំនិតពីក្រុមហ៊ុនមួយនេះទេ ប្រហែលជា Apple គ្មានថ្ងៃដើរមកដល់ឥឡូវទេ

Steve Jobs ត្រូវ​បា​នគេចាត់ទុកថា​ជាសហគ្រិន​អស្ចារ្យម្នាក់ ដោយបានផ្លាស់ប្ដូរ​នូវ​វិស័យ​បច្ចេកវិទ្យា​ទូរទាំង​ពិភពលោកជាមួយនឹង​កុំព្យូទ័រ Mac និង ពិសេស​ជាងគេទៀតនោះគឺទូរស័ព្ទ​ iPhone ដែលបានធ្វើឱ្យកក្រើកនូវ​ពិភពបច្ចេកវិទ្យា​ និង​ធ្វើឱ្យក្រុមហ៊ុនមួយចំនួន​ស្ទើរ​តែផុត​ជីវិត​រលត់បាត់ពីទីផ្សារ។

ប៉ុន្តែក្នុង​ដំណាក់កាលចាប់ផ្ដើមដំបូង​តាំង​តែពីឆ្នាំ១៩៧៩មកម្លេះ Steve Jobs ធ្លាប់ធ្វើការ​ចម្លង​គំនិត​មួយពី​ក្រុមហ៊ុនដែលកាលណោះល្បីល្បាញខ្លាំង​ខាង​បច្ចេកវិទ្យាបោះពុម្ពគឺ ក្រុមហ៊ុន Xerox ក្រោយពី Steve ធ្វើដំណើរ​ទៅមើល​មន្ទីរស្រាវជ្រាវ​ និង​អភិវឌ្ឍ PARC បង្កើត​ឡើង​ដោយ​ Xerox នោះ។

នៅ PARC លោក Steve Jobs បានឃើញនូវ​កុំព្យូទ័រ​មួយប្រភេទដែលប្រើប្រាស់ Mouse ដើម្បីបញ្ជា ដោយនៅពេលនោះកុំព្យូទ័រ​ត្រូវ​បានបញ្ជារ​ដោយប្រើប្រាស់ក្តារចុចសុទ្ធសាធ ឯផ្ទាំង​ប្រើប្រាស់​វិញពុំមានអ្វីគួរ​ឱ្យទាក់ទាញនោះឡើយ មានផ្ទាំង​ខ្មៅ ហើយអ្នកប្រើប្រាស់​ត្រូវ​ធ្វើការ​វាយអក្សរ​រហូត​នៅពេលចង់ធ្វើអ្វីមួយ និង​មានសភាព​សាំញាំខ្លាំង​ក្នុងការប្រើប្រាស់។

ពេល Steve Jobs បានឃើញ​កុំព្យូទ័រ​ដែល Xerox ធ្វើការ​ដាក់ឱ្យប្រើប្រាស់សាកល្បងនោះហើយ គាត់មាន​ជំនឿរ​ជឿជាក់ថាវានឹង​ក្លាយជាកុំព្យូទ័រ​សម្រាប់អនាគតរបស់មនុស្សជាតិ ដោយសារតែ​ផ្ទាំង​ប្រើប្រាស់​មានសភាពងាយស្រួល ប្រើប្រាស់ Mouse ក្នុង​ការចាប់ទាញ ចុចយកនូវ​អ្វីដែលអ្នកប្រើប្រាស់ចង់បាន​។

ក្រោយត្រឡប់ពីមកពីទស្សនា មជ្ឍមណ្ឌល​ PARC មិនបានប៉ុន្មាន​ Steve Jobs ក៏បាន​បង្កើ​តក្រុមអភិវឌ្ឍ​ពិសេស​មួយ​ធ្វើកុំព្យូទ័រ និង​ Software ដែលមានផ្ទាំង​ប្រើប្រាស់​ងាយស្រួលប្រើនិងសាមញ្ញ ហើយភាពស្រួលប្រើនិងសាមញ្ញ​នេះ ក៏បានក្លាយជាគោលការណ៍ស្នូល​របស់ក្រុមហ៊ុន Apple មួយផងដែរ។

ប៉ុន្តែ​មិនមែនតែ Steve Jobs ទេ​ដែលបានយកគំនិត​របស់ Xerox នេះ Bill Gates ក៏បានអភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែលផ្ដោតទៅលើផ្ទាំង​ប្រើប្រាស់ផងដែរ ក្រោយពីដឹង​ដំណឹង​ទាក់ទងនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Xerox នោះ ហើយក្រោយមក Microsoft ក៏បានបញ្ចេញ Window ចេញមក​ ជាហេតុ​ធ្វើឱ្យមានការប្ដឹង​ផ្ដល់​គ្នា​ឡើង​តុលាការជាមួយនឹង​ក្រុមហ៊ុន Apple។

ពេលនោះ Bill Gates បាន​បង្ហើរ​សម្ដីមួយឃ្លាទៅកាន់ Steve Jobs ថា៖ “ខ្ញុំយល់ថាយើង​ទាំង​អស់​គ្នា​មានអ្នកជិតខាង​ជាអ្នកមានម្នាក់ឈ្មោះថា Xerox ហើយខ្ញុំចូលទៅលួច​ទូរទស្សន៍​ផ្ទះគាត់ តែ​ចូលទៅដល់ឃើញថា​ទូរទស្សន៍នោះមានអ្នកលួចយកទៅរួចទៅហើយ”។ រឿងក្តីនេះត្រូវ​បានបញ្ជប់ដោយ Bill Gates មិនមានទោស​កំហុស​អ្វីទាំងអស់៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES