ចង់លើកស្ទួយសាច់ជ្រូកក្នុងស្រុក ម្ចាស់ហាងមួយកន្លែងដាក់លក់លើអនឡាញមុនគេបង្អស់

“សាច់ជ្រូកខ្មែរមានតម្លៃខ្ពស់ និងមិនទាន់អាចផ្គត់ផ្គង់ជារៀងរាល់ថ្ងៃនៅឡើយទេ ពិសេសនៅភ្នំពេញពីព្រោះតម្រូវការមានច្រើន ហើយការផលិតមានតិច ដោយសារតែតម្លៃប្រកួតប្រជែងខ្លាំងពីសាច់ជ្រូកវៀតណាម និងថ្លៃដើមខ្ពស់ ទើបអ្នកចិញ្ចឹមមួយចំនួនបានបោះបង់របរមួយនេះចោល”នេះជាសម្តីម្ចាស់ហាងលក់សាច់ជ្រូកអនឡាញមួយកន្លែង ដែលបានលក់សាច់ជ្រូកលើអនឡាញ និងវេបសាយ ដើម្បីជួយលើកស្ទួយសាច់ជ្រូកខ្មែរ និងការផលិតនៅក្នុងស្រុក។

អ្នកនាង លឹម អូន បានប្រាប់ Business Cambodia ថាគាត់បានយកសាច់ជ្រូកខ្មែរ ដែលចិញ្ចឹមដោយខ្លួនឯងនៅកសិដ្ឋានរបស់គាត់ និងទិញពីកសិករនៅក្បែរនោះ យកមកលក់សាច់ជ្រូកនៅលើអនឡាញ និងគ្រោងបង្កើតជាម៉ាតលក់រាយ ដែលផ្គត់ផ្គង់សាច់ជ្រូក និងម្ហូបអាហារដែលកែច្នៃពីសាច់ជ្រូក គ្រប់មុខតែម្តងនៅទីក្រុងភ្នំពេញ នាពេលខាងមុខនេះ ខណៈពេលនេះហាងរបស់គាត់បានបើកលក់សាច់ជ្រូកខ្មែរស្រស់ៗជារៀងរាល់ថ្ងៃ។

អាជីវកររូបនេះបន្ថែមថា ក្រៅតែពីចង់ជួយលើកស្ទួយសាច់ជ្រូកខ្មែរ មានអ្វីជាច្រើនមកជម្រុញចិត្តគាត់ក្នុងការបង្កើតអាជីវកម្មមួយនេះ ព្រោះមានអ្នកទិញជាច្រើន​សរសើរមិន​ដាច់ពី​មាត់​ថា សាច់​ជ្រូក​របស់គាត់ឆ្ងាញ់ ហើយ​​ល្អ​ជាង​សាច់ជ្រូកផ្សេងៗដែលអតិថិជនគាត់ធ្លាប់ញាំ បើទោះបីជាសាច់ជ្រូកក្នុងស្រុក ដែលលក់ចេញរាល់ថ្ងៃរាងខ្ពស់ជាងសាច់ជ្រូកវៀតណាមគ្រាន់បើដែរ ពោលគឺខុសគ្នាជិតពាល់កណ្តាលឯណោះ។

ម្ចាស់ហាងរូបនេះរំពឹងថា ហាង ”អូនសម្លាញ់សាច់ជ្រូកខ្មែរ” នឹងទទួលបានការគាំទ្រកាន់តែច្រើន​ ព្រោះគុណភាព ការជឿទុកចិត្ត និងរសជាតិសាច់ជ្រូកជាផលិតផលខ្មែរសុទ្ធសាធ។ លើសពីនេះទៅទៀតអ្នកស្រីរំពឹងថា ហាងនេះនឹងក្លាយជាម៉ាតលក់សាច់ជ្រូកធំជាងគេនៅទីក្រុងភ្នំពេញ ដែលលក់សាច់ជ្រូកល្អសម្រាប់សុខភាពរបស់អតិថិជន។

គួរជម្រាបជូនថា ហាង ”អូនសម្លាញ់សាច់ជ្រូកខ្មែរ” មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៧១សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ទល់មុខរបងពេទ្យរុស្សី លោកអ្នកអាចទាក់ទងបានតាមរយៈលេខ ០៦៩​ ៦៨ ៥៥ ០០ ឬ Facebook ឬ វេបសាយ:ounsomlanh.com

 

អត្ថបទដោយ៖ NOUN VANNAK

Facebook: NOUN VANNAK

 

Online

RELATED ARTICLES